ក្រុមយុវជនឱ្យដឹងថា យុទ្ធនាការជិះកង់សង្គ្រោះកោះកុងក្រៅរបស់ពួកគេ ត្រូវអាក់ខាន ដោយសារអាជ្ញាធរខេត្តកោះកុង ឃាត់ចាប់យកកង់របស់ពួកគេចំនួន ១០គ្រឿងដាក់លើរថយន្ត ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ក្រោយពីអាជ្ញាធរដកហូតកង់ទាំងអស់ ពួកគេបានបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចាប់ពីទីរួមស្រុកកោះកុង ឆ្ពោះទៅរាជធានីភ្នំពេញមានប្រវែងជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី៣ ខែឧសភា។
ក្រុមយុវជនសម្ដែងការមិនសប្បាយចិត្ត ចំពោះទង្វើរបស់អាជ្ញាធរខេត្តនេះថា ប្រើអំណាចជ្រុលហួសហេតុ បិទសិទ្ធិសេរីភាព តាមឃ្លាំមើល និងបង្អាក់ដំណើរយុទ្ធនាការជិះកង់របស់ពួកគេ ក្នុងទិសដៅយកញ្ញត្តិដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឱ្យមេដឹកនាំរូបនេះ ចេញបញ្ជាសង្គ្រោះកោះកុងក្រៅ ឬដាក់ជាតំបន់អភិរក្សសមុទ្រ ឱ្យឋិតក្នុងកិច្ចគាំពារធនធានធម្មជាតិច្បាស់លាស់។
អ្នកចូលរួមធ្វើយុទ្ធនាការ អ្នកនាង ឈឿន ដារ៉ាវី ឱ្យដឹងនៅថ្ងៃទី៣ ឧសភាថា អាជ្ញាធរខេត្តនេះ បង្កើតភាពស្មុគស្មាញច្រើន បំណងរាំងខ្ទប់យុទ្ធនាការរបស់ពួកគេ។ អ្នកនាងបន្តថា អាជ្ញាធរតម្រូវឱ្យពួកគេ ពិនិត្យសុខភាពរកជំងឺកូវីដ១៩ ពិនិត្យអត្តសញ្ញាណប័ណ្ណ បង្គាប់ឱ្យពួកគេផ្ដិតមេដៃ និងកោះហៅ យុវជនម្ដងម្នាក់មកសួរនាំ ក៏ប៉ុន្តែពួកគេបដិសេធ៖ «យើងមានសិទ្ធិក្នុងការតស៊ូមតិ ហើយនេះជាការចូលរួម ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍សង្គម អត់មានធ្វើអីល្មើសច្បាប់ផង មានតែជំរុញឱ្យយុវជនចូលយ៉ាងសកម្ម តែអ្វីអនុវត្តផ្ទុយស្រឡះ ទាំងបិទសិទ្ធិគំរាមកំហែង រំលោភសិទ្ធិយុវជនយើងទៀត។ ពួកខ្ញុំកំពុងបារម្ភថា នឹងមិនមានកន្លែងស្នាក់នៅទេ » ។
យុវជនម្នាក់ទៀត លោក មួង សុភ័ក្រ្ត ឱ្យដឹងថា ដំណើរយុទ្ធនាការជិះកង់ រយៈពេល ២ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចខេត្តកោះកុង បានរាយបណ្ដាក់គ្នាដូចខ្យង និងបង្ខំឱ្យពួកគេផ្ដិតមេដៃ លើឯកសាររបស់នគរបាល នៅគ្រាដែលសមត្ថកិច្ចបានឃាត់ចាប់កង់របស់ក្រុមយុវជន ដាក់លើរថយន្ត។ លោកថា យុទ្ធនាការនេះ បំណងសង្គ្រោះធនធានធម្មជាតិ ចៀសផុតពីការច្បាមយក ពីបុគ្គលមានអំណាច និងក្រុមហ៊ុនឯកជន ដែលកន្លងទៅ មានកោះជាច្រើន ទទួលរងការបំផ្លិចបំផ្លាញ ក្រោមស្លាកអភិវឌ្ឍន៍៖ «គាត់តែងតែរកលេស រឿងហ្នឹង ដើម្បីហាមឃាត់ពួកយើង មិនឱ្យតស៊ូមតិ ការពារព្រៃឈើ និងធនធានធម្មជាតិ។ ចំណុចហ្នឹងសោកស្ដាយដែលរដ្ឋាភិបាល បន្តព្យាយាមបិទសិទ្ធិសេរីភាពយុវជនយើង មានទឹកចិត្តការពារធនធានធម្មជាតិ។ នៅពេលយើងមិនផ្ដិតមេដៃតាមគាត់ គាត់ថា យើងមិនសុំច្បាប់ស្នើសុំគេ តែយើងធ្វើក្នុងនាមពលរដ្ឋ វាអត់មានត្រូវសុំច្បាប់ » ។
ទាក់ទងនឹងការចាប់យកកង់នេះ អធិការរងស្រុកកោះកុង លោក សែ វ៉ាន់ធូន បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកបង្វែរឱ្យសួរទៅអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តវិញ៖ «»
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុទ្ធី និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី៣ ឧសភា។ ក្រោយពីអាជ្ញាធរដកហូតកង់ ក្រុមយុវជនទាំងនោះ បានសរសេរបដា បង្ហោះតាមហ្វេសបុក បង្ហាញទស្សនថា សូមដោះលែងកង់របស់ពួកគេ ព្រោះកង់គ្មានកំហុសនោះទេ។ កង់នីមួយៗ មានដោតទង់ជាតិខ្មែរ ហើយក្រុមយុវជនទាំងនោះ ពាក់អាវយឺតស ដោយសរសេរ ពាក្យស្លោកថា សង្គ្រោះកោះកុងក្រៅ។

មន្ត្រីឃ្លាំមើលសិទ្ធីមនុស្សនៃអង្គការលីកាដូ ខេត្តកោះកុង លោក ប៉ែន វុទ្ធា យល់ថា អាជ្ញាធរបង្អាក់ដំណើរយុទ្ធនាការរបស់ក្រុមយុវជន ឆ្លុះបញ្ចាំងថា អាជ្ញាធរខេត្តនេះ មិនផ្តល់តម្លៃ និងលើកទឹកចិត្តឱ្យក្រុមយុវជន ចូលរួមការពារសម្បត្តិធម្មជាតិនោះទេ៖ «គោលនយោបាយជាតិក៏លើកទឹកចិត្តឱ្យយុវជន ចូលរួមការពារធនធានធម្មជាតិដែរ អ៊ីចឹងហើយ អាជ្ញាធរគួរតែពិនិត្យរឿងហ្នឹង ជួយលើកទឹកចិត្តជំរុញ ការគាំទ្រសកម្មភាពនានា ដែលក្រុមយុវជន ចូលរួមការពារតំបន់ធម្មជាតិ ឬការខ្វាយខ្វល់ធនធានធម្មជាតិ ក៏ដូចជា ព្រៃឈើ សត្វព្រៃ និងអ្វីដែលសម្បត្តិរួមរបស់ជាតិទាំងអស់គ្នា»។
កោះកុងក្រៅ មានទំហំ ១០៣គីឡូម៉ែត្រក្រឡា ឈរកណ្ដាលសមុទ្រ មានចម្ងាយ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ក្រុមយុវជនថា កោះនេះមានសក្ដានុពលធនធានធម្មជាតិសំបូរបែប ដូចជា ព្រៃឈើ ទឹកជ្រោះ ជ្រលងភ្នំ ឆ្នេរខ្សាច់ស្រស់ស្អាត និងគ្របដណ្ដប់លើរុក្ខជាតិចម្រុះពណ៌ ថែមទាំងមានសត្វព្រៃកម្ររស់នៅផងដែរ។ បច្ចុប្បន្នកោះនេះ មានពលរដ្ឋរាប់សិបគ្រួសារ រស់នៅតាមបណ្ដោយឆ្នេរ ហើយពលរដ្ឋទាំងនោះ ភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។