អ្នក​ភូមិ​ស្រែគរចាស់​អំពាវនាវ​ឲ្យ​អង្គការ​ជាតិ-​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់

ដោយ ម៉ៅ សុធានី
2017-11-15
Share
ទឹក​លិច​ភូមិស្រែគរ សេសាន ២០១៧ ៦២២ ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ចាស់ ដែល​លិចលង់​ផ្ទះសម្បែង និង​ដីស្រែ​ចំការ​ដោយសារ​ការ​បិទ​ទំនប់​ទឹក​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ចុះ​មក​ពិនិត្យ​មើល​ស្ថានការណ៍​រស់​នៅ​លំបាក​របស់​ពួកគាត់។

តំណាង​ពលរដ្ឋ​ទាំង ៨៦​គ្រួសារ ដែល​នៅ​សេសសល់​ពុំ​ព្រម​ចាក​ចេញ លោក ហ្វ៊ុត ឃឿន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា ពលរដ្ឋ​ដែល​រស់​នៅ​រកេតរកូត​តាម​ចម្ការ និង​ខ្លះ​ទៀត​រស់នៅ​តាម​ដង​ផ្លូវ នៅ​កន្លែង​ទួល​សុវត្ថិភាព មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង រួម​មាន បញ្ហា​លំបាក​ធ្វើ​ចរាចរណ៍ កង្វះ​ទឹក​ស្អាត ខូចខាត​ផ្ទះសម្បែង ទ្រព្យ​សម្បត្តិ ដំណាំ​កសិកម្ម និង​ការ​បោះបង់​ការ​សិក្សា​របស់​កុមារ​ជាដើម៖ «យើង​និយាយ​តាម​ផ្លូវ​ច្បាប់ យើង​ជា​ប្រជាពលរដ្ឋ ទោះ​មាន​គ្រួសារ​តិចតួច​ក្តី ឬ​ច្រើន​ក៏ដោយ គឺ​មនុស្ស​ជាតិ​ដូច​គ្នា​មិន​គួរ​ធ្វើ​បាប​ឲ្យ​លិចលង់​ដល់​ថ្នាក់​យក​អ្វី​អត់​ទាន់។ រហូត​មក​ដល់​ពេល​នេះ មួយ​ចំនួន​ធំ​លិចលង់​ទាំង​ស្រុង មិន​ថា​ផ្ទះសម្បែង ស្រូវ​ស្រែ ដំណាំ​គ្រប់​សព្វ ដើម​ដូង ដើម​ស្វាយ ស្វិត​ក្រៀម​ស្លាប់​បណ្ដើរៗ​ហើយ មួយ​ខែ​ជាង​ហើយ អ្វីៗ​គឺ​ចប់​ហើយ។ សូម​សំណូមពរ​ដល់​អង្គការ​ជាតិ អន្តរជាតិ សូម​មក​ជួយ​មើល​ផង»

​លោក ហ្វ៊ុត ឃឿន ក៏​បាន​បញ្ជាក់​ដែរ​ថា ចំនួន​ពលរដ្ឋ​ដែល​ក្រាញ​ននៀល​ពុំ​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ទៅ​នៅ​ភូមិ​ស្រែគរ​ថ្មី គឺ​មាន​ចំនួន ៨៦​គ្រួសារ ពុំ​មែន​ដូច​ការ​លើក​ឡើង​របស់​មេឃុំ​ស្រែគរ​ចាស់ លោក សៀក មេគង្គ ថា​មា​នៅ​សល់​តែ​៥៥​គ្រួសារ​នោះ​ឡើយ។ លោក​ថា ស្ថិតិ​ដែល​លោក​មេ​ឃុំ​ស្រង់​បាន​នោះ គឺ​ស្ថិតិ​របស់​ក្រុមហ៊ុន​មុន​ឆ្នាំ​២០១២ ប៉ុន្តែ​ក្រោយ​មក​មាន​គ្រួសារ​ខ្លះ​ក៏​បាន​រៀបការ និង​មាន​កូនចៅ​រៀងៗ​ខ្លួន។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​មេ​ឃុំ សៀក មេគង្គ ក៏​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល បង្កើត​ជា​ភូមិ​ថ្មី​នៅ​កន្លែង​ដែល​ពលរដ្ឋ​ទាំង​នោះ​កំពុង​តាំង​ទី​លំនៅ នៅ​តំបន់​ទួល​សុវត្ថិភាព៖ «ខ្ញុំ​ចង់​សំណូមពរ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត ក្រុមហ៊ុន ជាពិសេស​រាជរដ្ឋាភិបាល សូម្បី​គាត់​មិន​ព្រម​ចាក​ចេញ​ក៏ដោយ គួរ​យើង​រៀប​ទីតាំង​គាត់​ឲ្យ​បាន​សមរម្យ ព្រោះ​ក្នុង​ស្ថានភាព​គ្រួសារ​នោះ យើង​អាច​រៀប​ជា​ភូមិ​មួយ​បាន។ មក​តិច​ណាស់ គាត់​សុខចិត្ត​ស៊ូទ្រាំ​នៅ​ភូមិ​ចាស់ តាម​យថាកម្ម​របស់​គាត់។ ផ្ទះ​គាត់​លិច​អស់​ហើយ អត់​មាន​សេសសល់​អី​ទេ ដំណាំ​ស្រូវ​ដែល​បាន​ស្ទូង​កាល​ពី​ខែ ៦ ឬ ៧ ត្រូវ​លិចលង់​បង់ខាត​អស់​ហើយ អត់​មាន​សេសសល់​អ្វី​ទេ»

​ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ធ្លាប់​លើក​ឡើង​ថា អាជ្ញាធរ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​ពលរដ្ឋ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទាំង​នោះ​បដិសេធ​មិន​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ក្តី។ លោក​បន្ត​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​កាកបាទក្រហម និង​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​មក​ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគាត់​នៅ​ឡើយ​ទេ បន្ទាប់ពី​ទឹក​ជំនន់​បាន​ពន្លិច​ភូមិ​ពួក​គាត់​ទាំង​ស្រុង​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល