តំបន់​មួយចំនួន​នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​សាជាថ្មី

ដោយ អាស៊ីសេរី
2022.10.27
Share on WhatsApp
Share on WhatsApp

តំបន់​មួយចំនួន​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​សាជាថ្មី នៅ​ថ្ងៃទី២៧ ខែ​តុលា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​ព្រំដែន​មួយ​យប់​ទល់​ភ្លឺ​។ ទឹក​ជំនន់​កំពុង​ជន​លិច​ដំណាំ​ពលរដ្ឋ​ជាច្រើន​គ្រួសារ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក លោក យិន សុធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី២៧ តុលា ថា​មូលហេតុ​ទឹក​ជន​លិច ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​យប់​ទល់​ភ្លឺ ដែល​នាំ​ទឹក​ពី​ច្រកព្រំដែន​ភ្នំ​ដី​មក​យ៉ាងច្រើន​បណ្ដាល​ឱ្យ​ជន់​លិច​។ លោក​បន្ត​ថា កន្លង​មក​ភ្លៀង​ខ្លាំង​ដែរ ប៉ុន្តែ​មិន​ធ្លាប់​លិច​ខ្លាំង​ដូច​ពេល​នេះ​ឡើយ​។ លោក​ថា សម្រាប់​ឃុំ​បួរ​លិច​ប្រមាណ​ពាក់​កណ្ដាល​ឃុំ ស្របពេល​ពលរដ្ឋ​ជាច្រើន​កំពុង​ប្រមូល​ផលដំណាំ​ពោត និង​ស្រូវ មិនទាន់​រួចរាល់​នៅ​ឡើយ។

លោក យិន សុធា៖ « វា​ប៉ះពាល់​ដល់​ផលដំណាំ​ប្រជាពលរដ្ឋ​យើង​ច្រើន មាន​ពោត ដំឡូង មាន​ស្រូវ​ជាច្រើន​នៅ​តំបន់​ហ្នឹង​។ ដំឡូង​វា​ចាប់ផ្ដើម​ដាក់​ម្សៅ​អ៊ីចឹង វា​ចាប់ផ្ដើម​រលួយ​លឿន​មែនទែន លិច​ប៉ុន​នេះ​រលួយ​អស់ហើយ ម៉ា​ឃុំ​បួរ​ហ្នឹង​វា​សឹង​ពាក់កណ្ដាល​ហើយ​បង ទៅ​ក្រោមៗ​ទៀត​ច្រើន​។ ស្ដាយ​ណាស់​បង​មិន​ថា​គេ មិន​ថា​ខ្ញុំ​ទេ លិច​អ៊ីចឹង​ទៅ​វា​ខូច​ខាត់ ធ្វើអោយ​ស្ដាយ​ផលដំណាំ​ដែល​ខំ​ដាំ ខំព្យាយាម​ធ្វើ​មក​ខាត​បង់​អស់។ អ្នកខ្លះ​ច្រូតស្រូវ​ទើបបាន​ពាក់កណ្ដាល​ស្រែ​អ៊ីចឹង​ទៅ​ក៏​លិច​។ បើ​ស្រូវ​អ៊ំ​គាត់​នៅមុខ​នេះ គាត់​ទើបតែ​តូចៗ​អ៊ីចឹង​ទៅ​ហើយ​លិច​រហូត​អ៊ីចឹង​រលួយ​ខូចខាត​អស់ ហើយ​ដំឡូង​បង ដំឡូង​ខ្ញុំ​អី​វា​រលួយ​អស់​។ ក្នុងឆ្នាំនេះ​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ខាង​ភូមិ​ថ្មី បួរ ទូក​អី​ខូចខាត​ច្រើន»

ជុំវិញ​រឿង​នេះ មេឃុំ​បួរ ស្រុក​ភ្នំព្រឹក លោក កើត ចិន្ដា លើកឡើង​ថា ប្រសិន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​ទៀត នឹង​ធ្វើ​ឱ្យ​ទឹក​ជន់​កាន់តែ​ខ្លាំង​ជាង​កន្លងមក​។ លោក​បន្ត​ថា ប្រភព​ទឹក​ជន់​នេះ​គឺ​ហូរ​ធ្លាក់​មកពី​ស្រុក​សំពៅ​លូន​មក និង​មួយ​ចំនួន​ទៀត​ភ្លៀង​ធ្លាក់​នៅ​តំបន់​ស្រុក​ភ្នំព្រឹក​តែម្ដង​។ លោក កើត ចិន្ដា អះអាង​ថា​កំពុង​រៀបចំ​កម្លាំង​ដាក់​តាម​តំបន់​ងាយ​រងគ្រោះ​ខ្លាំង ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​។ លោក កើត ចិន្ដា បញ្ជាក់​ថា កន្លងមក​ពលរដ្ឋ​រង​គ្រោះ​ជិត​៧​រយ​គ្រួសារ ប៉ុន្តែ​លើក​នេះ​ប្រមាណ​ជិត​១​ពាន់​គ្រួសារ ព្រោះ​លោក​កំពុង​តាមដាន​បន្ត។

លោក កើត ចិន្តា៖ «ឥឡូវ​វគ្គ​នេះ​ប្រហែលជា​លើស​មុន ព្រោះ​រាង​ធំ​ជាង​មុន អា​នៅ​លើ​វា​មិន​លិច តែ​ក៏​វា​រលួយ​ដែរ ដំឡូង​អី​វា​រលួយ​អស់ ចុះ​វា​ភ្លៀង​ជ្រំ​បន្តិចៗ​មក អ៊ីចឹង​ទៅ​វា​រអើប​រហូត រអើប​ទៅ​វា​ធ្វើ​ឱ្យ​ប៉ះពារ​ដំឡូង​ដូចគ្នា​។ ពី​យប់មិញ​តាំងពី​ម៉ោង​៩ រហូត​ពេលនេះ​មិនទាន់​រាំង​ផង នៅ​រ៉ែៗ​រហូត​។ ចុះ​ហើយៗ​រៀប​កម្លាំង​ចុះ កំពុង ខ្ញុំ​កំពុង​តាមដាន​សភាព​ការ​ហ្នឹង​បន្ត»

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់ ព្រួយបារម្ភ​ថា ពួក​គាត់​នឹង​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត​បន្ថែម​ទៀត ដោយសារតែ​ជំនន់​បន្ត​អូស​បន្លាយ​ពេល​។ ពួកគាត់​ទទូច​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ជួយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន និង​ស្មើភាព ខណៈ​កន្លងមក មានការ​ចោទប្រកាន់​ការ​ចុះ​ចែក​អំណោយ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​រើសអើង​និន្នាការ​នយោបាយ។

របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃ​២៤ តុលា បង្ហាញ​ថា ពលរដ្ឋ​ជិត ៣​ម៉ឺន​គ្រួសារ​(២៩.៣៨៤) និង​ពលរដ្ឋ ដែល​មាន​ប្រភព​ទឹក​អាច​ស្ដារ​ឡើង​វិញ​ជាង ១​ម៉ឺន​គ្រួសារ (១១,៥២៨) ត្រូវ​ទទួល​បាន​អំណោយ​ពូជស្រូវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក សុខ លូ ថា រដ្ឋបាលខេត្ត​ធ្លាប់​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ជិត​៧​ពាន់​គ្រួសារ និង​ទឹកជំនន់​ធ្វើ​ឱ្យ​ប៉ះពាល់​ស្រូវ​របស់​ពលរដ្ឋ​ជាង​៤​ម៉ឺន​៥​ពាន់​ហិកតារ​(៤៥,៨១២)​និង​ប៉ះពាល់​ដំណាំ​ផ្សេងៗ ជាង​៣​ម៉ឺន​ហិកតារ​(៣៣,៧៩៧)​និង​ប៉ះពាល់​ផ្ទះ សម្បែង​ជិត​៣​ម៉ឺន​ខ្នង​(២៩,៣៨៤)​ខូចខាត​៣២​ខ្នង ព្រមទាំង​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។