ខេត្តមួយចំនួន នៅតែបន្តទទួលរងគ្រោះដោយសារទឹកជំនន់
2024.08.01
ស្ថានភាពទឹកជំនន់នៅតាមខេត្តមួយចំនួន ហាក់មិនទាន់ថមថយនៅឡើយទេ បន្ទាប់ពីភ្លៀងនៅតែធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្ដាលឱ្យខូចខាតដំណាំកសិផល របស់ប្រជាពលរដ្ឋជាច្រើនហិកតារ និងលិចផ្លូវគមនាគមន៍ សាលារៀន ផ្ទះសម្បែង រហូតដល់ត្រូវជម្លៀសប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួនទៀតផង។ ទឹកជំនន់ ក៏កំពុងគំរាមកំហែងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត។
ពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងពោធិ៍សាត់ កណ្ដាល និងរាជធានីភ្នំពេញ ជាដើម កំពុងជួបបញ្ហាថ្មីមួយទៀត គឺជំនន់ទឹកភ្លៀងរដូវវស្សា ដែលបានពន្លិចផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់ជាច្រើនហិកតារ។
ពលរដ្ឋនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កញ្ញា អាលីស រ៉ូហានី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែសីហា ថា ជំនន់ទឹកភ្លៀងហូរចាក់ទៅតាមស្ទឹងសង្កែ បានពន្លិចចម្ការម្ទេស ពោត និងស្រែ អស់ជាច្រើនហិកតារ ដោយគ្មានសង្ឃឹមអាចស្រោចស្រង់បាន ព្រោះទឹកបន្តជន់លិចអស់រយៈពេលជិតកន្លះខែទៅហើយ។ កញ្ញាបន្តថា នេះជាការខាតបង់ធ្ងន់ធ្ងរមួយ បន្ទាប់ពីកសិកររងគ្រោះម្ដងរួចមកហើយ ដោយសារសត្វកណ្ដុរបំផ្លាញដំណាំកាលពីរដូវប្រាំង ដែលធ្វើឱ្យគ្រួសារកញ្ញា និងពលរដ្ឋច្រើនគ្រួសារផ្សេងទៀត ប្រឈមបញ្ហាគ្មានលុយសងធនាគារ និងរត់ចោលស្រុក។
កញ្ញា អាលីស រ៉ូហានី៖ «គ្មានត្រៀមអីទាន់ទេបងអើយ! ចង់និយាយថា ស្រូវវាអត់ទាន់ទុំផងហ្នឹង ទើបតែមូរដើម ព្រោះរាល់ឆ្នាំពេលយើងធ្វើ(ស្រែ) ខែហ្នឹង (ទឹកជំនន់)វាឡើងតែពីរឬបីថ្ងៃ វាស្រកទៅវិញអស់ អ៊ីចឹងវាអត់ខូចទេ។ តែលើកនេះទឹកឡើងៗកន្លះខែ។ ឡើងស្រកៗទៅបានខូចអស់បណ្ដោយ។ និយាយទៅម្នាក់ៗ ភ័យនឹងអត់មានលុយឡើងអង្គការ (ធនាគារ) អត់ដឹងទៅរកលុយឯណាឡើងអង្គការទេ ព្រោះយើងយកលុយមកធ្វើស្រែអ៊ីចឹង»។
មកទល់ពេលនេះ ទំនប់ធំៗទាំងបីនៅតាមបណ្ដោយស្ទឹងសង្កែ នៅតែបន្តបើកទ្វារបង្ហូរទឹកទៅតំបន់ទន្លេសាប ដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅតំបន់ស្រុកសំឡូត និងភ្នំខៀវ ដែលជាប្រភពនៃទឹកស្ទឹងសង្កែ។ ការបើកទំនប់នេះ បានធ្វើឱ្យស្រុកឯកភ្នំ លិចទឹកខ្លាំងជាងស្រុកបាណន់ និងស្រុកសង្កែ។ ទោះយ៉ាងណា មន្ទីរធនធានទឹកខេត្តបាត់ដំបង និងរដ្ឋបាលខេត្តនេះ មិនបានធ្វើបច្ចុប្បន្នភាពអំពីកម្ពស់ទឹក និងបូកសរុបការខូចខាតផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។
ដោយឡែកនៅឯខេត្តកំពង់ធំ វិញ ទឹកជំនន់នៅតែបន្តជន់លិចស្រុកជាច្រើន មានដូចជា ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសណ្ដាន់ ស្រុកបារាយណ៍ និងស្រុកតាំងគោក ជាដើម។
ពលរដ្ឋនៅឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោក ជុំ សុជាតិ ប្រាប់ថា ទឹកជំនន់នៅតំបន់របស់លោក ឡើងដល់ការប្រកាសអាសន្នហើយ ខណៈភ្លៀងនៅតែបន្តធ្លាក់ ដែលធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋ និងដំណាំកសិផលអស់ជាច្រើនហិកតារ។ លោកបន្តថា ប្រសិនបើទឹកនៅតែបន្តឡើងទៀត នោះប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ អាចនឹងត្រូវជម្លៀសទៅតំបន់ផ្សេងជាមិនខាន។
លោក ជុំ សុជាតិ៖ «ទឹកស្ទឹងសែននេះ វាឡើងចូលតាមតំបន់ដែលធ្លាប់ចូលរាល់ឆ្នាំ។ វាលិចត្រឹមស្មងជើង អត់ទាន់ដល់ជង្គង់ទេ»។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានប្រកាសដាក់ទឹកស្ទឹងសែន ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្ន បន្ទាប់ពីកម្ពស់ទឹក ឡើងដល់ ១៣,៨៣ម៉ែត្រ។ ចំណែកឯស្រុកសណ្ដាន់ ក៏បានដាក់ឱ្យប្រកាសក្នុងស្ថានភាពប្រុងប្រយ័ត្នដូចគ្នា បន្ទាប់ពីកម្ពស់ទឹកបន្តកើនឡើងដល់ ១៩,២៣ម៉ែត្រ។ ដោយឡែក របាយការណ៍រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ទឹកជំនន់ បានបំផ្លាញដំណាំកសិផលអស់ចំនួនជាង៤ពាន់ហិកតារ(៤.០៩៦) ស្ថិតក្នុងស្រុកចំនួន៨។
ចំពោះខេត្តកណ្ដាល និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ដែលនៅជាប់នឹងស្ទឹងព្រែកត្នោត នៅតែជួបគ្រោះទឹកជំនន់ដដែល ទោះបីរដ្ឋាភិបាលចំណាយលុយអស់ ៤០០លានដុល្លារ ដើម្បីស្ដារស្ទឹង និងជីកព្រែករំដោះទឹកក៏ដោយ។ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងព្រែកត្នោត ត្រូវមានការប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់បានហក់ឡើងខ្ពស់ ដល់កម្រិត ១១,៧២ម៉ែត្រ និងមានតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើនលាយឡំផ្គរ និងរន្ទះ ខណៈផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត កំពុងលិចលង់។
ចំណែកឯនៅខេត្តបន្ទាយមានជ័យ ឯណោះវិញ ទឹកជំនន់កំពុងវាយលុកចូលបណ្ដើរៗហើយ នៅក្នុងឃុំសឿ ស្រុកមង្គលបុរី បន្ទាប់ពីទឹកស្ទឹងមង្គលបុរី បានឡើងយ៉ាងគំហុក និងហូរចូលទៅក្នុងប្រឡាយ និងស្រែ ខណៈកសិករ បាននាំគ្នាយកថ្មមកចាក់ទប់ ដើម្បីបន្ថយល្បឿនទឹកហូរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យ គណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយ លោក ឃុន សុខា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ ខែសីហា។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា អាជ្ញាធរជាតិ គួរតែប្រមូលទិន្នន័យពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដើម្បីបង្កើតគោលនយោបាយសម្រាប់ជួយសង្គ្រោះជាលក្ខណៈយូរអង្វែង បន្ថែមពីលើការជួយសង្គ្រោះបឋម ព្រោះប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួន រងគ្រោះដោយសារទឹកជំនន់នេះ ជាច្រើនឆ្នាំមកហើយ ដែលបញ្ហានេះបានធ្វើឱ្យជីវភាពរបស់ពួកគាត់ កាន់តែដុនដាប និងពិបាកក្នុងការដោះបំណុល។
លោក សេក សុជាតិ៖ «សំខាន់គោលនយោបាយរយៈពេលវែង ថាតើថ្នាក់ដឹកនាំមានបេះដូង ឆន្ទៈ ឬគោលដៅច្បាស់លាស់ឬអត់ ក្នុងការសម្រេចជួយដល់ប្រជាពលរដ្ឋ ឬក៏ជនដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយទឹកឡើង ឬជំនន់ដែលធ្វើឱ្យខាតបង់ការដាំដុះរបស់ពួកគាត់»។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋស្នើដល់រដ្ឋាភិបាលឱ្យទម្លាក់កញ្ចប់ជំនួយថវិកា ស្បៀង និងគ្រាប់ពូជដំណាំ ជួយដល់ពលរដ្ឋ ព្រោះទឹកជំនន់បានធ្វើឱ្យជីវភាពពួកគាត់កាន់តែជួបការលំបាក និងមានបន្ទុកបំណុលធ្ងន់ធ្ងរ ដោយសារការខាតបង់បន្តបន្ទាប់តាំងពីរដូវប្រាំង ដល់រដូវវស្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។