ពលរដ្ឋចំនួនពីរស្រុក នៅខេត្តបាត់ដំបង កំពុងខ្វះទឹកធ្វើស្រែ បណ្ដាលឱ្យស្រូវរបស់ពួកគាត់ងាប់ និងខូចខាតអស់ជាច្រើនហិកតារ។ កសិករអះអាងថា បញ្ហានេះ មិនមែនបណ្ដាលមកពីអាកាសធាតុនោះទេ ប៉ុន្តែគឺដោយសារអាជ្ញាធរគ្រប់គ្រងទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រមិនបានល្អ និងមានការស៊ីសំណូក ក្នុងការបង្ហូរទឹកឱ្យកសិករ។
ខណៈខែវស្សា នៅមានរយៈពេលវែងទៀត ហើយទឹកជំនន់ក្នុងស្ទឹង នៅមិនទាន់ស្រកល្អផងនោះ ប៉ុន្តែតំបន់វាលស្រែមួយចំនួន នៅស្រុកថ្មគោល និងស្រុកបវេល ក្នុងខេត្តបាត់ដំបង បែរជាជួបគ្រោះរាំងស្ងួត ប្រឡាយខ្លះរីងខះ ដីបែកក្រហែង ហើយស្រូវរបស់កសិករងាប់លឿងក្រហមពេញស្រែទៅវិញ។
កសិករនៅឃុំបឹងព្រីង ស្រុកថ្មគោល លោក ហ៊ុន មាស ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែសីហា ថា ស្រូវប្រាំងរបស់លោក និងកសិករផ្សេងទៀត បានងាប់អស់ជាច្រើនហិកតារ ដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ហើយអាជ្ញាធរមិនបើកទ្វារទំនប់ទឹកនៅស្ទឹងបវេល ដើម្បីបង្ហូរទឹកឱ្យកសិករឡើយ។ លោកអះអាងថា បញ្ហាខ្វះទឹកធ្វើស្រែនៅក្នុងតំបន់របស់លោក បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រឡាយរាក់ ខណៈអាជ្ញាធរខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងបែងចែកធនធានទឹកដល់កសិករ។
លោក ហ៊ុន មាស៖ «នៅពេលទឹកកំពុងជន់ខ្លាំង បែរជាបិទសំណង់ទឹកឡើងហៀទ្វារសំណង់ តែបើបង្ហៀរឱ្យយើងខ្លះមក គេថាចាំមេគេបើក។ វាគ្មានខុសអីពីចង់បានលុយទេ។ សំណង់ដែលកាន់កាប់ហ្នឹង វាទៅជាអត់មានគោរពសិទ្ធិអីទេ វាទៅជាអនាធិបតេយ្យ»។
តំបន់ដែលជួបគ្រោះរាំងស្ងួតខ្លាំងជាងគេរួមមាន ឃុំខ្នាចរមាស ឃុំបវេល ស្ថិតក្នុងស្រុកបវេល និងឃុំអន្លង់រុន ឃុំជ្រោយស្ដៅ និងឃុំបឹងព្រីង ស្ថិតក្នុងស្រុកថ្មគោល។ ស្រូវដែលកសិករដាំ និងទទួលរងការខូចខាត គឺជាប្រភេទស្រូវស្រង៉ែ ដែលមានអាយុបីខែ និងជិតដល់ពេលប្រមូលផលទៅហើយនោះ បែរជាត្រូវដាច់ទឹកស្កកងាប់ទាំងស្រុង។ ដោយសារតែអាជ្ញាធរមិនបើកទឹកបង្ហូរមកឱ្យកសិករមួយចំនួន បានងាកមកសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំទឹកភ្លៀងវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
កាលពីថ្ងៃទី២៤ ខែសីហា លោក ខៃ សុដា បានចុះពិនិត្យ និងជំរុញការងារជួសជុលជើងទេរបេតុងប្រឡាយនាំទឹកអូរដូនពៅ ដែលខូចខាតនិងបង្កការពិបាកក្នុងការនាំទឹកពីស្ទឹងមង្គលបុរី និងស្ទឹងបវេល ចូលអាងកំពីងពួយ ស្ថិតក្នុងស្រុកបវេល និងស្រុកបាណន់។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ គួរចុះទៅពិនិត្យ និងកែលំអបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋ ជាពិសេសស៊ើបអង្កេតលើករណីយកលុយពីកសិករ ជាថ្នូរនឹងការបើកទ្វារទឹក ដើម្បីកុំឱ្យបញ្ហានេះ នៅតែកើតឡើងដដែលៗ។
លោក អ៊ិន គង់ជិត៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំសុំស្នើឱ្យក្រសួងធនធានទឹក បញ្ជូនមន្ត្រីអធិការកិច្ច មានវិធានការ និងចំណាត់ការផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរ ទៅដល់មន្ត្រីហ្នឹង កុំឱ្យគាត់អនុវត្តរបៀបហ្នឹងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល»។
ទោះបីជាខេត្តបាត់ដំបង សម្បូរទៅដោយស្ទឹង ព្រែក បឹងបួ ក្ដី ក៏វិបត្តិកសិករខ្វះទឹកធ្វើស្រែនៅខេត្ត ដែលជាប់ឈ្មោះជាជង្រុកស្រូវមួយនេះបានកើតមានឡើងសឹងគ្រប់ស្រុក ក្នុងនោះស្រុកដែលប្រឈមជាញឹកញាប់ និងធ្ងន់ធ្ងរជាងគេ មានដូចជា ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកបាណន់ និងស្រុកថ្មគោល ជាដើម។ ចំពោះបញ្ហាទាំងនោះ កសិករលើកឡើងដូចគ្នាថា គឺបណ្ដាលមកពីអាជ្ញាធរគ្រប់គ្រងទឹកមិនបានល្អ ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង។
កសិករស្នើឱ្យ អនុប្រធានក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា ដោះស្រាយបញ្ហាទឹកធ្វើស្រែដល់កសិករ កុំឱ្យពួកគាត់ជួបបញ្ហាដូចកាលប្រធានមន្ទីរធនធានទឹក ចាស់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
