ពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ប្រឈម​នឹង​ការ​ដាច់​បាយ​ដោយសារ​ផល​នេសាទ​ធ្លាក់​ចុះ

0:00 / 0:00

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ​ កំពុង​ប្រឈម​នឹង​ការ​​ដាច់​ស្បៀង​​ ដោយសារ​ឆ្នាំ​នេះ​គ្មាន​ទឹក​នេសាទ​ត្រី​ ដើម្បី​រក​ប្រាក់​ចំណូល​​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ដូច​ឆ្នាំ​មុនៗ​។ ពួកគាត់​អះអាង​ថា​ សព្វ​ថ្ងៃ​អ្នក​ភូមិ​ខ្លះ​បាន​ចាកចេញ​ពី​ស្រុក​កំណើត​បណ្ដើរៗ​ហើយ​ ដើម្បី​ទៅ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ និង​តំបន់​ផ្សេង​។

​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ ស្រុក​ឯកភ្នំ​ លើក​ឡើង​ថា​ សព្វ​ថ្ងៃ​អ្នក​នេសាទ​ខ្លះ​ បាន​ដាច់​ស្បៀង​បណ្ដើរៗ​ និង​ខ្លះ​ទៀត​ រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​៥ពាន់​ទៅ​ ៣ម៉ឺន​រៀល ក្នុង​​មួយ​​ថ្ងៃ ​ដោយសារ​​គ្មាន​ទឹក​នេសាទ។

ប្រជាពលរដ្ឋ​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​រស់​នៅ​ភូមិ​ក្បាល​តោល ឃុំ​កោះជីវាំង ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៤​ កក្កដា​ថា ចាប់​តាំង​ពី​ចុង​​ខែ​ឧសភា​មក​ គឺ​គ្រួសារ​របស់​លោក​នេសាទ​ត្រី​រក​​​ប្រាក់​ចំណូល​បាន​ពី​ ៥ពាន់​រៀល​ទៅ​ជាង​ ១ម៉ឺន​រៀលហើយ​ថ្ងៃ​ខ្លះ​នេសាទមិន​បាន​ត្រី​លក់​ក៏​មាន​។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​បាន​នាំ​គ្នា​​ស្វែង​រក​តំបន់​នេសាទ​ស្ទើរ​គ្រប់​ទីកន្លែង​ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​នៅ​តែ​រកត្រី​មិន​បាន ដោយសារ​ទឹក​បឹង​ទន្លេសាប​នៅ​កន្លែង​ខ្លះ​បាន​រីង​ហួតហែង​ ធ្វើ​ឱ្យគ្មាន​កន្លែង​នេសាទ៖ «អ្នក​ខ្លះ​ស៊ី​ឈ្នួល​ឱ្យ​គេ​នៅ​តំបន់​បឹង​ទន្លេសាប​ ហើយ​គ្រួសារ​ខ្លះ​ទៅ​នេសាទ​បាន​ត្រី​បន្តិចៗ​ចិញ្ចឹម​ខ្លួន​ប្រចាំ​ថ្ងៃ​ ហើយ​គ្រួសារ​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ ដើម្បី​ទប់​ទល់​ការ​អត់​ឃ្លាន​។ តាំង​ពី​អតីតកាល​មក​ ឆ្នាំ​មុន​គ្រាន់​ទឹក​ឡើង​មក​​មាន​ត្រី​រក​គ្រាន់​ជាង​ឆ្នាំ​នេះ​ ហើយ​អ្នក​ដែល​ត្រៀម​ឧបករណ៍​សម្រាប់​នេសាទ​ក្នុង​រដូវ​នេះ​ អត់​បាន​នេសាទ​ទេ​ ត្រូវ​ទុក​ឧបករណ៍​មួយ​រយៈ​សិន​ ហើយ​ត្រូវ​ទៅ​ធ្វើ​ការងារ​ផ្សេង​ទៀត​ ដើម្បី​រក​ប្រាក់​ »

អនុប្រធាន​ភូមិ​ក្បាល​តោល​ លោក ឡេង ខេង ប្រាប់​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​ចាប់​ផ្ដើម​ដាច់​ស្បៀង​បណ្ដើរៗ ​ហើយ ដោយសារ​នេសាទ​ត្រី​មិន​បាន​ប្រាក់​ចំណូល ព្រោះ​ពួក​គាត់​​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​របរ​នេសាទ​ត្រី​ ហើយ​​គ្មាន​របរ​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ។លោក​បន្ត​ថា គិត​ត្រឹម​ខែ​កក្កដា​នេះ​ យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ដែល​ពេញ​កម្លាំង​ធ្វើ​ការ​ប្រមាណ ​៤០០​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ​៨០០​គ្រួសារ​ ដែល​បាន​ចាកចេញ​ពី​ភូមិ​កំណើត​ទៅ​ធ្វើ​ការ​នៅ​តំបន់​ផ្សេង​នោះ​៖ «ទី​មួយ​ឆ្នាំ​នេះ​រាំង​ខ្លាំង​ ទី​២​ទឹក​ឡើង​ខុស​រដូវ​ ដែល​ជា​ទូទៅ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​មាន​ទឹក​ហើយ​ តែ​ចំឡែក​ឆ្នាំ​នេះ ​ថ្ងៃ​ទី​១៤​ កក្កដា​ហើយ​ តែ​គ្មាន​ទឹក​ទេ​ គឺ​គោក​ស្ញេញ​បណ្ដោយ​ ហើយ​ទៅ​កណ្ដាល​ទន្លេ​រក​បាន​តិចតួច​ណាស់​ព្រោះ​រីង​អស់​ទឹក​។ ទី​៣​ ច្បាប់​រដ្ឋ​បិទ​រដូវ​នេសាទ​ផង​ អីចឹង​ពលរដ្ឋ​នេសាទ​លក្ខណៈ​គ្រួសារ​អត់​បាន​ទេ​ស្ទើរ​តែ​ដាច់​បាយ​ហើយ​ »

​​​​​​លោក​បន្ត​ថា​​មាន​កត្តា​ ២យ៉ាង ​ដែល​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ ទី​១​ គឺ​ពួកគាត់​បាត់បង់​​ប្រាក់​ចំណូល​ដោយ​​សារ​នេសាទ​ត្រី​មិន​បាន និង​​ទី​២ ​ដោយសារ​ពួកគាត់​គ្មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​នឹង​ត្រៀម​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេង​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ឯកភ្នំ លោក ម៉ិល សុផល ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ភូមិ​បាន​រាយការណ៍​បញ្ហា​នេះ​ជូន​​លោក​រួច​ហើយ ហើយ​លោក​ក៏​បាន​បញ្ជូន​របាយការណ៍​នោះ​បន្ត​ទៅ​អភិបាល​ខេត្ត​បាត់ដំបងរួច​ហើយ​ដែរ ដើម្បី​ដោះស្រាយ​ជូន​​ពលរដ្ឋ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​​កំពុង​រិះរក​វិធានការ​ជួយ​ដល់​ពលរដ្ឋ​ហើយ៖ «អីចឹង​ចាំ​មើល​ការ​ដោះស្រាយ​យ៉ាង​ម៉េច​ចាំ​ស្ដាប់​គោលការណ៍​ ហើយ​រាយការណ៍​ជូន​ក្រុម​ការងារ​បន្ថែម​ទៀត​ ដើម្បី​អំពាវនាវ​រក​ជា​ស្បៀង​សម្រាប់​ជួយ​ពួកគាត់​ បាទ​យើង​បាន​រៀបចំ​មួយ​ជំហាន​ហើយ ឱ្យ​លោក​មេភូមិ​ស្រង់​មក​។ខ្ញុំ​នឹង​ចុះ​ពិនិត្យ​ជាក់ស្ដែង​បន្ថែម​ទៀត​​ ដោយសារ​ការងារ​ច្រើន​ណាស់​ ហើយ​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​ទៅ​តាម​ផ្លូវ​ទឹក​ចំងាយ​ ១០០​គីឡូម៉ែត្រ អីចឹង​យើង​លំបាក​ក្នុង​ធ្វើ​ដំណើរ​ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ដោយ​មិន​ត្រូវ​រង់ចាំ​អូស​បន្លាយ​ពេល​យូរ​ទៅ​មុន​ទៀត​នោះ​ទេ ព្រោះ​ជា​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​៖ «ខ្ញុំ​គិត​ថា​បញ្ហា​អ្វី​ក៏​ដោយ​មាន​មធ្យោបាយ​ដោះស្រាយ​ សំខាន់​បញ្ហា​ទាំង​អស់​នោះ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ទេ​ ឬ​បញ្ហា​ទាំង​អស់​នោះ​អាជ្ញាធរ​បាន​រាយការណ៍​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​បាន​ដឹង​ទេ​ ឬ​ក៏​បញ្ហា​ទាំង​អស់​នោះ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បិត​បាំង​មិន​ឱ្យ​ថ្នាក់​លើ​ដឹង​​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ស្ដី​បន្ទោស​ឬ​ប្រឈម​បញ្ហា​ផ្សេងៗ​។ អីចឹង​ខ្ញុំ​គិត​បញ្ហា​នេះ​ត្រូវ​តែ​រាយការណ៍​ជា​បន្ទាន់​​តាម​​ឋានានុក្រម​​ពី​ក្រោម​ ដើម្បី​​ជួយ​​ដល់​​ជីវភាព​​របស់​ពលរដ្ឋ​ »

​តំបន់​បឹង​ទន្លេសាប​នៅ​ស្រុក​ឯកភ្នំ ​មាន​ប្រជាពលរដ្ឋ​ពីរ​ឃុំ​រស់​នៅ គឺ​ឃុំ​ព្រៃ​ចាស់​ និង​ឃុំ​កោះជីវាំង​ ​ដែល​មាន​ចំនួន​រាប់​ពាន់​គ្រួសារ។ ​ពលរដ្ឋ​រស់​នៅ​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​លើ​របរ​​នេសាទ​ ដោយ​មិន​មាន​​ដី​ស្រែ​សម្រាប់​ដាំដុះ​ និង​ប្រកប​​មុខ​របរ​ផ្សេង ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ដទៃ​នោះ​ទេ។ លោក​ យិន ម៉េង​លី កត់សម្គាល់​ថា ប្រជាពលរដ្ឋ​​នេសាទ​រក​ប្រាក់​ចំណូល​មិន​បាន ដោយសារ​ការ​នេសាទ​​​ខុស​ច្បាប់​របស់​អ្នក​មាន​លុយ ​និង​មាន​​អំណាច​មួយ​ចំនួន​នៅ​តំបន់​នោះ​ និង​បញ្ហា​ភ្លើង​ឆេះ​​ព្រៃ​លិច​ទឹក​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ដល់​ជម្រក​ត្រី​តំបន់​បឹងទន្លេសាប​​។ ​លោក​បន្ថែម​ថា​ បញ្ហា​នេះ​អាច​នឹង​​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​ពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។