មនុស្ស​៤​នាក់​​របួស​និង​ផ្ទះ​ជិត​៤០​ខ្នង​ខូចខាត​ដោយសារ​ខ្យល់​កន្ទ្រាក់​នៅ​ខេត្ត​រតនគិរី

0:00 / 0:00

ខ្យល់​កន្ទ្រាក់ និង​ភ្លៀង​មួយ​មេ​ធំ​បាន​បោក​បក់​មក​ត្រូវ​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កក់ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី បណ្ដាល​ឲ្យ​រលំ​ផ្ទះ សាលារៀន បាក់​ដើម​ឈើ បង្គោល​អគ្គិសនី និង​រង​របួស​កូនចៅ​ប្រជាពលរដ្ឋ​ដែល​ព្យាយាម​រត់​រក​កន្លែង​សុវត្ថិភាព​ជ្រក​ពួន។

ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ខ្យល់​បាន​ស្ងប់ស្ងាត់។

កុមារ​អាយុ​ពី ៥​ឆ្នាំ ដល់ ១៥​ឆ្នាំ​ចំនួន ៤​នាក់ រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី បន្ទាប់ពី​ខ្យល់​កន្ទ្រាក់​បោកបក់​ត្រូវ​លំនៅឋាន​អ្នក​ភូមិ​កក់ កាល​ពី​រសៀល​ម៉ោង​៣ ថ្ងៃ​ទី​២០ ខែ​មិថុនា។

ប្រជាពលរដ្ឋ​ភូមិ​កក់ លោក រចំ យើ បញ្ជាក់​ថា នេះ​ជា​បាតុភូត​ធម្មជាតិ ភ្លៀង​រួម​ទាំង​ខ្យល់​បាន​បោកបក់​កួច​រំលំ​ផ្ទះ និង​ដំបូល​ផ្ទះ​អ្នក​ភូមិ​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ខណៈ​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ជា​ធម្មតា​នៅ​តាម​លំនៅឋាន​ក្នុង​ភូមិ​ស្រុក​របស់​ខ្លួន។ លើស​ពី​នោះ​ទៀត កុមារ​កំពុង​រត់​លេង​ក្នុង​ភូមិ​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ដោយសារ​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ប្រាក់​ស័ង្កសី​ត្រូវ​ខ្យល់​កួច​ប៉ើង​តាម​ខ្យល់​សង្កត់​មក​លើ​កុមារ​ដែល​កំពុង​រត់​រក​កន្លែង​ជ្រក​ពួន​បណ្ដាល​ឲ្យ​កុមារ​ខ្លះ​បែក​ក្បាល​ត្រូវ​ដៃជើង​របួសធ្ងន់ និង​ស្រាល៖ «ដំបូល​ផ្ទះ​គេ​ប៉ើង ប្អូន​ខ្ញុំ​កំពុង​ឡើង​ផ្ទះ​ខ្យល់​បក់​ប៉ះ​ឈើ ឈើ​ប៉ើង​ពី​ផ្ទះ​គេ​ចំ​ប្អូន​ខ្ញុំ។ នៅ​ផ្ទះ​ហ្នឹង ៤​នាក់ របួស​ទាំង​អស់​គ្នា»

គ្រូបង្រៀន​សាលាបឋមសិក្សា​ភូមិ​កក់ ឈ្មោះ ស្រ៊ុន សារ៉ាត បញ្ជាក់​ថា លោក​បាន​ជម្លៀស​សិស្ស​ឲ្យ​ចេញ​ទៅ​ផ្ទះ​ ខណៈ​មេឃ​ងងឹត និង​មាន​ខ្យល់​បោកបក់​ខ្លាំង។ លោក​ថា សាលារៀន​មួយ​ខ្នង​ដែល​ធ្វើ​ពី​ឈើ​ប្រក់​​ស័ង្កសី នៅ​ភូមិ​កក់ ត្រូវ​ខ្យល់​កួច​ធ្លាក់​បែកបាក់​ខ្ទេចខ្ទី​នៅ​ទីវាល​ចម្ងាយ ៣០​ម៉ែត្រ បន្សល់​ចោល​តុ​កៅអី​សិស្ស​នៅ​ទីតាំង​ចាស់ បន្ទាប់ពី​សិស្ស​ចាកចេញ​ផុត៖ «បង្រៀនៗ​មេឃ​ងងឹត​រក​ភ្លៀង ខ្ញុំ​ឲ្យ​ក្មេង​ចេញ​សម្រាក។ ពេល​ក្មេង​ចេញ​ផុត​បន្តិច មក​តែម្ដង​លើក​ទៅ​ទាំង​អស់។ លើក​ផុត​ពី​ហ្នឹង​ទៅ​បាក់​ចោល​ក្នុង​ព្រៃ។ តុ​អត់​ស្អី​នៅ​ស្អាត​ទាំង​អស់»

តួលេខ​បណ្ដោះអាសន្ន​របស់​អាជ្ញាធរ​ភូមិ​កក់ នៅ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ទ្រាក់​នេះ កុមារ​បួន​នាក់​រង​របួស ផ្ទះ​ចំនួន ៣៨​ខ្នង​ខូចខាត ខ្លះ​របើក​ដំបូល ខ្លះ​ដួល​រលំ​ទាំង​ស្រុង។ ក្នុង​នោះ​ដែរ សាលារៀន​មួយ​ខ្នង​រលំ​ខ្ទេចខ្ទី​អស់​ទាំង​ស្រុង បង្គោល​បណ្ដាញ​អគ្គិសនី​ក្នុង​ភូមិ​បាក់​រលំ បាក់​ដើម​ចន្ទី​អ្នក​ភូមិ ១៧​គ្រួសារ និង​បាក់​ដើមឈើ​តូច​ធំ​ក្នុង​ភូមិ​ប្រមាណ ១០​ដើម។

កុមារ​ដែល​រង​របួស​ដោយសារ​ខ្យល់​ព្យុះ ​នៅ​ភូមិ​កក់ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី កាល​ពី​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។
កុមារ​ដែល​រង​របួស​ដោយសារ​ខ្យល់​ព្យុះ ​នៅ​ភូមិ​កក់ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី កាល​ពី​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។ (RFA/Ratha Visal)

មេ​ឃុំ​កិចុង លោក រចំ ឡៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ចាត់​វិធានការ​សង្គ្រោះ​បន្ទាន់​ដឹក​ជញ្ជូន​កុមារ​រង​របួស​ទៅ​មន្ទីរពេទ្យ។ ដោយ​ឡែក​អាជ្ញាធរ​ឃុំ​ចុះ​ពិនិត្យ​ការ​ខូចខាត​ជាក់ស្ដែង ដើម្បី​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​សុំ​ជំនួយ​មនុស្សធម៌​ផ្ដល់​ឲ្យ​ជនរងគ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​នេះ៖ «ទាំង​ខេត្ត​ទាំង​ស្រុក​យើង ហើយ​ទាំង​ថ្នាក់​ជាតិ ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​ចុះ​មក​ជួយ ជា​ពិសេស​សាលារៀន ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន លោក​ឧកញ៉ា ឲ្យ​ជួយ​សាងសង់​សាលារៀន​ឲ្យ​កូន​សិស្ស​បាន​រៀន​វិញ»

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា មន្ត្រី​កាកបាទក្រហម​ខេត្ត​រតនគិរី និង​កងកម្លាំង​ប្រដាប់​អាវុធ​នគរបាល កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ដើម្បី​ស្រង់​តួលេខ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ ផ្ទះសម្បែង​ប្រជាពលរដ្ឋ។

តំណាង​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី លោក ឌឹម ណាត ថ្លែង​បញ្ជាក់​ថា បន្ទាប់ពី​ស្រង់​ទិន្នន័យ​ការ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ សាខា​កាកបាទក្រហម​នឹង​រៀបចំ​ជំនួយ​ឧបត្ថម្ភ មាន​ស្បៀងអាហារ គ្រឿង​ប្រើប្រាស់​ជូន​ជនរងគ្រោះ​ដើម្បី​បន្ធូរបន្ថយ​ការ​​ខ្វះខាត។ បន្ថែម​លើ​នេះ​ទៀត សាខា​កាកបាទក្រហម​ខេត្ត​នឹង​ធ្វើ​របាយការណ៍​សុំ​ជំនួយ​បន្ថែម​​ពី​កាកបាទ​ក្រហម​ជាតិ ជួយ​បំពេញ​ការ​ខ្វះខាត​ជនរងគ្រោះ​ជា​បន្ត៖ «ខ្ញុំ​មក​នេះ​ដើម្បី​អង្កេត​មើល​ពី​ស្ថានភាព​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ទ្រាក់​កាល​ពី​ល្ងាច រសៀល​ថ្ងៃ​ទី​២០ ដើម្បី​វាយ​តម្លៃ​ពី​កម្រិត​ការ​ខូចខាត។ នៅ​រសៀល​នេះ​យើង​នឹង​រៀបចំ​ផ្ដល់​ជំនួយ​មនុស្សធម៌»

ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តួលេខ​របស់​កាកបាទក្រហម​ខេត្ត​រតនគិរី មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ២០០​ផ្ទះ ត្រូវ​ខូចខាត និង​ដួល​រលំ​ដោយ​បាតុភូត​ខ្យល់​កន្ទ្រាក់​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។ កាល​ពី​ខែ​ចុង​ខែ​មេសា ដើម​កៅស៊ូ​ជាង​ ១០​ហិកតារ​នៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរកែវ ត្រូវ​បាក់​រលំ​ដោយសារ​ខ្យល់​កន្ទ្រាក់​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។