ពលរដ្ឋ​នៅ​ភាគ​ឦសាន​បារម្ភ​ពី​អាកាសធាតុ​ក្ដៅ​និង​ខ្យល់​កន្ទ្រាក់

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ភាគ​ឦសាន បារម្ភ​ពី​ស្ថានភាព​អាកាសធាតុ​ក្ដៅ និង​ខ្យល់​កន្ទ្រាក់ ដែល​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង ២០​ខ្នង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា នៅ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង និង​បំផ្លាញ​ដើម​កៅស៊ូ​រាប់​ពាន់​ដើម នៅ​ខែត្រ​រតនគិរី។ ស្រប​គ្នា​នេះ អាកាសធាតុ​ក្ដៅ​ខ្លាំង បណ្ដាល​ឲ្យ​ប្រភព​ទឹក​មួយ​ចំនួន​រីង​ហួតហែង ក៏​ជា​ឧបសគ្គ​មួយ​ទៀត​រំខាន​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ។

ពលរដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា បាតុភាព​ខ្យល់​កន្ទ្រាក់ និង​អាកាសធាតុ​ក្ដៅ​កំពុង​គំរាមកំហែង​ការ​រស់​នៅ​ពួកគាត់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​ជា​បណ្តើរៗ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ជា​ធាតុ​ផ្សំ​ចម្បង​នាំ​ឲ្យ​កើត​មាន​បាតុភូត​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ពលរដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង លោក ទា សន ចាត់​ទុក​បាតុភូត​ខ្យល់​កន្ទ្រាក់ គឺ​ជា​បាតុភូត​ដ៏​សាហាវ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ក្នុង​ឃុំ​សេកុង ស្រុក​សៀមប៉ាង ចំនួន ២៤​ខ្នង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា។ លោក​បន្ថែម​ថា អាកាសធាតុ​ក្ដៅ​ក៏​កំពុង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ជីវិត​កា​រស់​នៅ​ពលរដ្ឋ បន្ទាប់​ពី​គោ​ក្របី និង​សត្វ​ចិញ្ចឹម​អ្នក​ស្រុក មិន​អាច​រក​ប្រភព​ទឹក និង​ចំណី​អាហារ​បាន ខណៈ​ស្មៅ​និង​រុក្ខជាតិ​មួយ​ចំនួន​ស្វិត​ងាប់។ ចំណែក​ទឹក​ស្ទឹង​អូរ​មួយ​ចំនួន ក៏​រីក​ហួតហែង​បណ្ដាល​ឲ្យ​ក្របី និង​គោ​អ្នក​ស្រុក​ងាប់​បណ្តើរៗ។

លោក ទា សន បារម្ភ​ពី​ទឹក​អណ្ដូង​ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់ និង​ជា​ប្រភព​ទឹក​ចុង​ក្រោយ​សម្រាប់​ទ្រទ្រង់​ការ​រស់​នៅ​អ្នក​ភូមិ អាច​នឹង​រីង​ហួត បើ​អាកាសធាតុ​ក្ដៅ​នៅ​តែ​អូស​បន្លាយ​ពេល៖ «និយាយ​រឿង​ទុក្ខ​លំបាក​នៅ​ភូមិ​ខ្ញុំ អស់​ទាស់​ហ្មង។ អា​គោ​ក្របី​ងាប់​បណ្តើរៗ​អស់​ជាង ៣០​ក្បាល​ដូច​ថា វា​អត់​ទឹក​អត់​ស្មៅ។ ក្ដៅ​ហួតហែង​មនុស្ស​យើង​ទន់​ដៃជើង​មួយ​ថ្ងៃៗ​កោស​ខ្យល់​ឲ្យ​តែ​គ្នា»

លោក ទា សន ព្រួយ​បារម្ភ​ថា ការ​បាត់បង់​ធនធាន​ព្រៃឈើ​ជា​មូលដ្ឋាន​ចម្បង​ដែល​កម្ពុជា ប្រឈម​នឹង​បាតុភូត​ធម្មជាតិ​ដ៏​អាក្រក់​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ស្រប​ពេល​ដែល​ស្រុក​សៀមប៉ាង កំពុង​រងគ្រោះ​នូវ​បាតុភូត​ខ្យល់​កន្ទ្រាក់​នេះ និង​អាកាសធាតុ​ក្ដៅ​ខ្លាំង៖ «អ៊ីចឹង​បាន​ខ្ញុំ​ថា បើ​ចេះតែ​រាំង​អ៊ីចឹង បើ​មួយ​ខែ​ទៀត​ពួក​ខ្ញុំ​ប្រហែល​រត់​ទៅ​ទន្លេ​អស់​ហើយ​មើល​ទៅ។ នៅ​តំបន់​ឆ្ងាយ​ទឹក​អូរ​វា​ខះ​អស់​ហើយ»

នៅ​ខែត្រ​រតនគិរី ម្ចាស់​ចម្ការ​កៅស៊ូ លោក ហួត បូរី ឲ្យ​ដឹង​ថា បាតុភាព​ខ្យល់​កន្ទ្រាក់​បាន​វាយ​បំបាក់​ដើម​កៅស៊ូ​របស់​លោក​មាន​អាយុ ៨​ឆ្នាំ អស់​ជាង ៥​ពាន់​ដើម​លើ​ផ្ទៃដី ១០​ហិកតារ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឋិត​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី។ ដោយ​ឡែក​ចម្ការ​កៅស៊ូ ៥ ម្ចាស់​ទៀត​នៅ​តំបន់​ជិត​គ្នា​នោះ​រង​ការ​ខូចខាត​ដោយ​ដើម​កៅស៊ូ​មិន​អាច​បន្ត​ចៀរ​ជ័រ​ទៀត​បាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា អាកាសធាតុ​ក្ដៅ សីតុណ្ហភាព​អតិបរមា ៣៤​អង្សាសេ ដល់ ៤១​អង្សាសេ ហើយ​ក៏​មាន​ភ្លៀង​កក់ខែ​លាយ​ឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។

ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​រក​ភ្លៀង។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម លោក ប៉ាង ប៉េង បញ្ជាក់​ថា បាតុភាព​ខ្យល់​កន្ទ្រាក់​បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​មាន​ភ្លៀក​កក់​ខែ​លាយ​ឡំ​នឹង​ផ្គរ​រន្ទះ។ លោក​បង្ហាញ​ថា ប្រសិនបើ​មាន​សីតុណ្ហភាព​ក្ដៅ​ស្អុះស្អាប់​ចាប់​ពី​ម៉ោង ១០​ព្រឹក ពពក​មាន​រាង​ដូច​ផ្សិត អាច​កើត​មាន​នូវ​បាតុភូត​ខ្យល់​កន្ទ្រាក់​នោះ។ លោក​ថា អាកាសធាតុ​ប្រភេទ​នេះ​មិន​មែន​មាន​កើត​ឡើង​តែ​នៅ​កម្ពុជា​ទេ៖ «យើង​ដឹង​ហើយ​ថា ពិភពលោក​យើង​ឡើង​កម្ដៅ​គ្រប់​ប្រទេស​ដែរ។ អា​ហ្នឹង​វា​កត្តា​ធម្មជាតិ​ឡើង​កម្ដៅ កាល​ណា​សីតុណ្ហភាព​ឡើង​កម្ដៅ​វា​មាន​ការ​បម្រែបម្រួល​អាកាសធាតុ»

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​ពន្យល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​អាច​បណ្ដាល​មក​ពី​ដំណើរ​ផ្ទៃក្នុង​របស់​ធម្មជាតិ ឬ​កម្លាំង​ជំរុញ​ពី​ខាង​ក្រៅ ឬ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​រយៈពេល​វែង​នៃ​សមាសភាព​បរិយាកាស ឬ​ការ​ប្រើប្រាស់​ដី ដោយសារ​តែ​សកម្មភាព​មនុស្ស។ ជាង​នេះ​ទៅ​ទៀត កត្តា​ធម្មជាតិ​ដូចជា​ការ​ប្រែប្រួល​ថាមពល​ព្រះអាទិត្យ ការ​ប្រែប្រួល​យឺតៗ នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ ការ​ប្រែប្រួល​ចរន្ត​ទឹក​សមុទ្រ និង​ការ​ប្រែប្រួល​ចរន្ត​ខ្យល់​ជាដើម។ បន្ថែម​ពី​លើ​នេះ សកម្មភាព​មនុស្ស​ជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្រទាប់​បរិយាកាស​ដូចជា​ការ​ដុត​ឥន្ធនៈ ផូស៊ីល ការ​កាប់​ព្រៃឈើ ការ​ដុត​ព្រៃ​រាន​ដី​ធ្វើ​កសិកម្ម និង​ការ​សាងសង់​ពង្រីក​ក្រុង​ជា​ទីលាន​ចាក់​សំរាម ឬ​កាកសំណល់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។