នៅចុងសតវត្សទី១៤ ប្រទេសសៀម បានដណ្ដើមកាន់កាប់ក្រុងអង្គរ មួយលើកជាពីរលើក។ ប្រការដែលធ្វើអោយខ្មែរចាញ់ដៃសៀម ដូច្នេះ មួយផ្នែកមកពីល្បិចស្ម័គ្រស្លាប់របស់ពួកសៀម ដែលធ្វើយ៉ាងណាអោយតែវាយដណ្ដើមយកកម្ពុជា បាន និងមួយផ្នែកទៀតមកពីខ្មែរឆាប់ជឿទុកចិត្តល្បិចបោកប្រាស់របស់ខ្មាំងសត្រូវផង។
លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនលោកអ្នកនាងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះដូចតទៅ៖
ខ.៥ ព្រះបាទសុរិយោវង្ស (ឆ្នាំ១៣៥៧-ឆ្នាំ១៣៦៦ ឬឆ្នាំ១៣៦៣)
ក្នុងពេលដែលមហានគរធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម លើកទី១នេះ សៀម បានកាន់កាប់ និងគ្រប់គ្រងប្រទេសកម្ពុជា អស់រយៈពេលជាង ៤ឆ្នាំ គឺពីឆ្នាំ១៣៥៣ ដល់ឆ្នាំ១៣៥៧។ ឯកសារខ្លះថារយៈពេល ៦ឆ្នាំ ហើយពេលនោះ ព្រះរាមាធិបតីស្ដេចសៀម បានដាក់បុត្រាខ្លួនបីនាក់អោយសោយរាជ្យបន្តបន្ទាប់គ្នានៅក្រុងអង្គរ គឺចៅបាសាត ដែលសោយរាជ្យបានប្រមាណជាងមួយឆ្នាំ ហើយឈឺសុគតទៅ។ ចៅបាអាត សោយរាជ្យបានប្រមាណជាងមួយឆ្នាំដែរ ហើយឈឺសុគតទៅទៀត។ ហើយបុត្រាទី៣ គឺចៅកំបង់ពិសី ដែលសោយរាជ្យបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏សុគតក្នុងសង្គ្រាមជាមួយខ្មែរ ដែលក្រោករំដោះជាតិក្រោមការដឹកនាំរបស់ព្រះសុរិយោវង្ស។
ព្រះបាទសុរិយោវង្ស ជាព្រះអនុជរបស់ព្រះបាទលំពង្សរាជា ដែលទ្រង់ចេញទៅកេណ្ឌទ័ពមកជួយក្រុងអង្គរ ក្នុងពេលដែលសៀម ឡោមព័ទ្ធរាជធានីអង្គរនោះ។ លុះវាយចាញ់សៀម ហើយ ព្រះអង្គទ្រង់បានភៀសព្រះកាយទៅស្នាក់នៅប្រទេសឡាវ "ឡានសាង"។
ពេលដែលដឹងថា ក្រុងអង្គរ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម ហើយ ព្រះចៅលាវចំប៉ាសាក់ បានជួយទទួលទំនុកបម្រុង រួចថ្វាយពលលាវចំនួន ១.៥០០នាក់ និងគ្រឿងសាស្ត្រាវុធជាច្រើន ថ្វាយព្រះអង្គសុរិយោវង្ស រួចព្រះអង្គបាននាំទ័ពនោះវាយសង្កត់ខេត្តខ្លះ ដែលចុះចូលជាមួយសៀម រួចទ្រង់មកបោះទីតាំងកេណ្ឌ និងហាត់ហ្វឹកហ្វឺនទ័ពនៅទួលបាសាន ស្រុកស្រីសន្ធរ។ លុះប្រជុំទ័ពបានគ្រប់គ្រាន់ហើយ ព្រះអង្គក៏ទ្រង់លើកទ័ពតាមផ្លូវគោកផង តាមផ្លូវទឹកផង ចូលវាយរំដោះក្រុងអង្គរ បានមកវិញក្នុងឆ្នាំ១៣៥៧ នៃគ.ស ហើយស្ដេចសៀម កំបង់ពិសី ដែលសោយរាជ្យនៅអង្គរ នោះ ក៏សុគតក្នុងសង្គ្រាមនោះទៅ។
ក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយ ហើយទទួលបានព្រះបញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ គឺគ្រឿងសម្រាប់រាជ្យដែលមាន ១ ព្រះមកុដរាជ ២ ព្រះវាលវិជនី គឺផ្លិតដែលធ្វើពីរោមសត្វ ៣ ព្រះខ័នជ័យ ៤ ព្រះស្វេតឆ័ត្រ និង ៥ ព្រះសុវណ្ណបាតុការ គឺស្បែកជើងមាស ដែលពួកមេទ័ព និងបាគូព្រាហ្មណ៍បុរោហិត រំដោះយកទៅលាក់ទុកពេលដែលសៀម វាយបែកក្រុងអង្គរ នោះ ព្រះអង្គសុរិយោវង្ស ក៏ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដី ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះ ស្រីសុរិយោវង្ស។
ក្នុងរាជ្យរបស់ព្រះអង្គ ខ្មែរបានវាយកម្ចាត់ដេញសៀម អោយចេញផុតពីខេត្តនគររាជសីមា និងខេត្តបស្ចិមបុរី។ ហើយនៅភាគខាងកើតវិញ ព្រះអង្គបានរៀបចំអោយមានប្រក្រតីភាពឡើងវិញ រវាងព្រំប្រទល់ដែនខ្មែរ និងនគរចំប៉ា។
ព្រះបាទសុរិយោវង្ស ទ្រង់សោយរាជ្យនៅរាជធានីអង្គរ រហូតដល់ឆ្នាំ១៣៦៣ ហើយទ្រង់សោយទិវង្គតនៅទីនោះដោយរោគាពាធ។ ឯកសារខ្លះថា ព្រះអង្គទ្រង់សោយទិវង្គតនៅឆ្នាំ១៣៦៦ នៃគ.ស គឺមានរយៈពេលខុសគ្នាបីឆ្នាំទៅវិញ។
ខ.៦ ព្រះបាទបរមរាមា (ឆ្នាំ១៣៦៦-ឆ្នាំ១៣៧៣)
ក្រោយពីពេលដែលព្រះបាទសុរិយោវង្ស ជាព្រះមហាក្សត្រដែលបានរំដោះប្រទេសអោយរួចផុតពីការជិះជាន់របស់សៀម ទ្រង់សោយទិវង្គតទៅ ព្រះរាជវង្សានុវង្សសេនាបតីមន្ត្រីទាំងពួង បានជ្រើសរើសក្មួយរបស់ព្រះអង្គ ព្រះនាមបរមរាមា ដែលជាព្រះរាជបុត្ររបស់ព្រះលំពង្សរាជា អោយឡើងគ្រងរាជ្យស្នងព្រះអង្គនៅឆ្នាំ១៣៦៦។ ឯកសារខ្លះថាឆ្នាំ១៣៦៩ នៃគ.ស។
នៅក្នុងរាជ្យព្រះអង្គ ព្រះបាទបរមរាមា បានចងស្ពានមានមេត្រីជាមួយព្រះចៅហុងវូ នៃរាជ្យវង្សមីង នៃប្រទេសចិន។ ហើយចំណែកប្រទេសសៀម វិញ ក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ ព្រោះរវល់ជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរីជាច្រើន នៅភាគខាងជើងនៃរាជធានីស្រីព្ឋយុធ្យា។
ព្រះបរមរាមា ទ្រង់បានសោយរាជ្យគ្រប់គ្រងប្រទេសដោយសុខសន្តិភាពរហូតដល់ឆ្នាំ១៣៧៣ ក៏ទ្រង់ប្រឈួនជាទម្ងន់ ហើយសុគតទៅ។
ខ.៧ ព្រះបាទធម្មាសោករាជ (ឆ្នាំ១៣៧៣-ឆ្នាំ១៣៨៣ ឬឆ្នាំ១៣៩៣) និងការបែកអង្គរលើកទី២
ក្រោយពីពេលដែលព្រះបរមរាមា ទ្រង់សោយទិវង្គតទៅ ប្អូនជីដូនមួយរបស់ព្រះអង្គ ដែលជាព្រះរាជបុត្រព្រះមហាឧបរាជសុរិយោទ័យ ដែលបានសុគតក្នុងបន្ទាយមហានគរក្នុងគ្រាធ្វើសង្គ្រាមជាមួយសៀម ពីមុននោះ បានឡើងសោយរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្តេចព្រះ រាជឱង្ការ ព្រះធម្មាសោការាជរាជា។
នៅក្នុងរាជរបស់ព្រះអង្គ ស្ដេចសៀម ដែលឯកសារខ្លះថាឈ្មោះរាមាសូរ ខ្លះថាបរមរាជា ជាចៅព្រះរាមាសូរ បានលើកទ័ពមកឈ្លានពានប្រទេសខ្មែរជាថ្មី។ ក្នុងការវាយលុកលើកនេះ ទ័ពសៀម បានមកព័ទ្ធក្រុងអង្គរ អស់រយៈពេល ៧ខែ តែវាយយកក្រុងអង្គរ ពុំបាន។ ស្ដេចសៀម ក៏ប្រើល្បិចធ្វើជាដាក់ទោសវាយដំ និងលាក់ថ្ងាសខ្វែងជើងក្អែក ដល់ទាហានស្ម័គ្រស្លាប់របស់សៀម ៦នាក់ រួចធ្វើល្បិចជំរុញអោយមកសុំចុះចូលនឹងខ្មែរ។ ដោយបានឮដំណឹងមិនពិតផ្សេងៗផង និងដោយបានឃើញទាហានសៀម ពីរនាក់ ក្នុងចំណោមទាំង ៦នាក់នោះ ស្លាប់នៅចំពោះមុខផង ខ្មែរក៏ជឿស៊ប់ ហើយព្រមទទួលយកអាសាទាហានទាំងនោះ ជួយទំនុកបម្រុងព្យាបាលអោយជា ហើយអនុញ្ញាតអោយរស់ និងធ្វើការនៅក្នុងរាជធានីអង្គរ។
ទីបំផុត ពេលបានឱកាសល្អហើយ គឺឃើញខ្មែរជឿស៊ប់ ទុកចិត្តខ្លួនគ្មានសង្ស័យអ្វីហើយ ពួកសៀម ដែលសុំចុះចូលទាំ ៤នាក់ ក៏នាំគ្នាលបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់ ដែលដាក់លើកំផែងជុំវិញក្រុងអង្គរ បានទាំងអស់ រួចក៏សរសេរសំបុត្រដាក់នឹងព្រួញ បាញ់ទៅអោយគ្នាគេជាសញ្ញា (នេះបើតាមឯកសារមហាបុរសខ្មែរ)។ ស្ដេចសៀម ដែលជាមេទ័ពធំ ឃើញបានឱកាសល្អហើយ ក៏លើកទ័ពវាយសន្ធាប់ចូលក្រុងអង្គរ តាមគ្រប់ទិស។ ឯទាហានសៀម បង្កប់លបលួចដុតឃ្លាំងអាវុធក្នុងក្រុងអង្គរ ហើយនៅពេលប្រយុទ្ធខ្លាំង ពួកនេះលបទៅបើកទ្វារទិសខាងលិចអោយរបើកឡើង។ ពិតមែនតែទ័ពខ្មែរអាចសម្លាប់ខ្មាំងបង្កប់ទាំង ៤នាក់បានមែន ប៉ុន្តែទីបំផុត ក្រុងអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀម សាជាថ្មីនៅឆ្នាំ១៣៩៣។ ខ្លះថានៅឆ្នាំ១៣៨០។ ចំណែកឯព្រះបាទធម្មាសោការាជ ក៏ទ្រង់សុគតក្នុងសង្គ្រាមនោះទៅ។
ក្រោយពីបានទទួលជ័យជម្នះហើយ ស្ដេចសៀម បានអភិសេកពញាព្រែក ជាបុត្ររបស់ព្រះអង្គអោយឡើងសោយរាជ្យក្នុងក្រុងអង្គរ មាននាមថា ព្រះឥន្ទរាជា ឬព្រះឥន្ទកុមារ នៅឆ្នាំ១៣៩៤ ហើយសៀម ដឹកជញ្ជូនទ្រព្យសម្បត្តិ និងឯកសារដ៏មានតម្លៃផ្សេងៗ ហើយកៀរយកគ្រួសារខ្មែរប្រមាណ ៧ម៉ឺននាក់ នាំជាឈ្លើយរបស់គេផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។