សកម្មជនការពារព្រៃឈើខេត្តរតនគិរី លោក ឆន ផល្លា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ នៅរសៀលថ្ងៃទី៦ ខែតុលា បន្ទាប់ពីលោកជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំ។
សាលាឧទ្ធរណ៍ប្រចាំតំបន់នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រឹកថ្ងៃទី៤ តុលា បានចេញសាលដីកាបដិសេធ សាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ចោលទុកជាអសារបង់ហើយបានសម្រេចដោះលែង លោក ឆន ផល្លា ចេញពីពន្ធនាគារ។
លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិ និងជាសកម្មជនការពារដីធ្លីសហគមន៍ជនជាតិដើមភាគតិចដ៏សកម្មនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ លោកត្រូវបានសមត្ថកិច្ច ចាប់ខ្លួនលោក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ហើយសាលាដំបូងខេត្តរតនគិរី បានផ្ដន្ទាទោសសកម្មជនព្រៃឈើរូបនេះ ដាក់ពន្ធនាគារ ៥ឆ្នាំ ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ប៉ុន្តែសាលាឧទ្ធរណ៍ត្បូងឃ្មុំបានប្រកាសច្រានចោលសាលក្រមសាលាដំបូងខេត្តរតនគិរី ដោយលើកហេតុផលថា រកមិនឃើញកំហុសដូចការចោទប្រកាន់ឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ដែលចុះអង្កេតរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៦ តុលា ថា វាជារឿងអយុត្តិធម៌ដែលសកម្មជនការពារព្រៃឈើរូបនេះ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់សាលាដំបូងខេត្តរតនគិរីឡើយ ក៏ប៉ុន្តែបែរជាប់ពន្ធនាគារជាង២ឆ្នាំ ក្រោមបណ្ដឹងរបស់អាជ្ញាធរមូលដ្ឋានខេត្តរតនគិរី។ លោកបញ្ជាក់ថា លោក ឆន ផល្លា ជាប់បណ្ដឹងនៅតុលាការខេត្តរតនគិរីចំនួន ២សំណុំរឿង ហើយលោកត្រូវបានសាលាឧទ្ធរណ៍ត្បូងឃ្មុំច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តនេះទាំងពីរសំណុំរឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។