ផ្នែកខ្លះនៃតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដីជាង ៣ម៉ឺនហិកតារ បានក្លាយជាកន្លែងអភិរក្សត្រីដ៏សំខាន់ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ជនជាតិដើមភាគតិចជាង ១០០គ្រួសារ រស់នៅក្នុងឃុំស្រែគរ និងឃុំក្បាលរមាស ខេត្តស្ទឹងត្រែង។
ប្រជាសហគមន៍បារម្ភថា ការនេសាទខុសច្បាប់នៅតំបន់បាតអាងនៅតែជាបញ្ហាប្រឈម ធ្វើឱ្យធនធានត្រីថយចុះជាបន្តបន្ទាប់។
ពលរដ្ឋដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីររស់នៅក្នុងឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ទទូចឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង ពង្រឹងអនុវត្តច្បាប់នេសាទឱ្យគ្រប់ជ្រុងជ្រោយ។
ពួកគាត់សង្កេតឃើញថា បច្ចុប្បន្នមានពលរដ្ឋចំណូលស្រុករាប់រយគ្រួសារ បានតាំងទីលំនៅក្បែរតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដោយប្រកបមុខរបរនេសាទត្រី ហើយពួកគេ តែងតែ លួចពង្រាយអួន និងឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅតំបន់បាតអាង។
តំណាងសហគមន៍ភូមិក្បាលរមាស លោកស្រី ស្រាញ់ ឡាញ់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ មករាថា ភូមិក្បាលរមាសចាស់ ដែលជាភូមិកំណើត របស់លោកស្រី ពេលនេះបានក្លាយជាផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយក៏ជាកន្លែងអភិរក្សត្រី ដែលមានទំហំផ្ទៃទឹកជាង ២ពាន់ហិកតារ។
លោកស្រីថា អាជ្ញាធរបានកំណត់ផែនទី និងលក្ខន្តិកៈសហគមន៍ក្នុងការបង្កើតតំបន់អភិរក្សនេសាទនេះហើយ ក៏ប៉ុន្តែបទល្មើសនេសាទ នៅតែកើតមានពិបាកនឹងទប់ស្កាត់។
លោកស្រី ស្រាញ់ ឡាញ់៖ «គេឱ្យខាងអ្នកមកពីចម្ងាយ ខេត្តឆ្ងាយៗ មករស់នៅ បោះតង់បោះរោង ពាសពេញ ធ្វើឱ្យបាត់ទឹកដី និងត្រី ដែលយើងអភិរក្សធ្វើឱ្យបាត់បង់»។
ជំទប់ទី ២ ឃុំស្រែគរ មកពីគណបក្សភ្លើងទៀន ទទួលបន្ទុកទប់ស្កាត់បទល្មើសនេសាទ លោក សៀក មេគង្គ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខេត្តបានបង្កើតទីស្នាក់ការអភិរក្សត្រី និងដាក់វេនគ្នាចុះល្បាតជាប្រចាំ នៅតំបន់បាតអាង ដោយមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់នោះទេ។
លោកថា តំបន់អភិរក្សត្រីមានទំហំសរុបជាង ៦ពាន់ហិកតារ (៦.១៤៣) ឋិតក្នុងផ្ទៃអាង ហើយគម្រោងនេះ សហការជាមួយអង្គការភូមិខ្ញុំ និងរដ្ឋបាលជលផល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងពង្រឹងការអនុវត្តច្បាប់។
លោក សៀក មេគង្គ៖ «កន្លែងគេមិនឱ្យដាច់ទេ ២៤ ម៉ោង លើ ២៤ ម៉ោង ដាក់វេនគ្នាប្រចាំការ ការយកចិត្តទុកដាក់អភិរក្សខ្សែទឹកខាងលើ មិនមែនអាស្រ័យផលទាំង ២ឃុំទេ ភូមិផ្សេងៗជុំវិញខេត្តស្ទឹងត្រែង និងខេត្តផ្សេងៗក៏មកអាស្រ័យផល។ ដូច្នេះបានគេយកចិត្តទុកដាក់អភិរក្ស»។
វិទ្យុអាស៊ីសេរីបានមិនទាន់អាចទាក់ទងសុំការអធិប្បាយរឿងនេះ ពីប្រធានរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បាននៅឡើយទេ នៅថ្ងៃទី៣ មករា ដោយទូរសព្ទមិនអាចទាក់ទងបាន។
ក៏ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា តំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានសក្ដានុពល សម្រាប់មច្ឆាជាតិ និងវិស័យទេសចរណ៍ដែលអាជ្ញាធរត្រូវការពេលវេលារៀបចំ ទីតាំងទេសចរធនធានធម្មជាតិនៅខ្សែទឹកខាងលើ។
លោកថា អាជ្ញាធរបន្តអប់រំពលរដ្ឋឱ្យយល់ដឹងពីច្បាប់ជលផល និងរួមគ្នា អភិរក្សធនធានត្រី ក្នុងដែនអភិរក្សនេះ និងបន្តពង្រឹងអនុវត្តគោលនយោបាយគ្រប់គ្រងដែនអភិរក្ស។
លោក ម៉ែន គុង៖ «តំបន់ផ្នែកខាងលើ នៃតំបន់បាតអាង គឺជាតំបន់មានសក្ដានុពលដោយសារទឹកចាប់ផ្តើម គ្របដណ្តប់លើផ្ទៃដីមួយចំនួន កាលពីមុនដែលមិនមែនជាផ្ទៃដីលិចទឹក។ តំបន់ទាំងអស់នោះ ក្លាយជាជម្រកត្រីពងកូន និងបង្កកំណើតរីករាលដាល ពពួកត្រីមេពូជមួយចំនួនផងដែរ»។
ប្រជាសហគមន៍សង្កេតឃើញថា ចាប់តាំងពីក្រុមហ៊ុន និងអាជ្ញាធរបិទខ្ទប់ទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ កាលពីចុងឆ្នាំ២០១៧ ត្រីរាប់រយប្រភេទបានកឿង ក្នុងតំបន់បាតអាង មិនអាចផ្លាស់ទី មកខ្សែទឹកខាងក្រោមបាន។
រីឯត្រីជាច្រើនប្រភេទទៀតរួមមាន ត្រីឆ្ពិន ត្រីក្រាញ់ និងត្រីសណ្ដាយ បានកើនឡើងច្រើន ក្នុងតំបន់អភិរក្សនោះ។ ចំណែក ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា ដែលជាប្រភេទត្រីកម្រក្នុងតំបន់ បានធ្លាក់ចុះខ្លាំងស្ទើរតែផុតពូជ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា យល់ថា ការពង្រឹងអនុវត្តច្បាប់នេសាទ និងអប់រំផ្សព្វផ្សាយពីច្បាប់ជលផល ឱ្យបានទូលំទូលាយ គឺជារឿងសំខាន់ ដែលអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ។
លោក ចឹក ចិត្រា៖ «ប្រើប្រាស់ឧបករណ៍នេសាទផ្សេងៗ ខុសច្បាប់គួរតែចាត់វិធានការតឹងរ៉ឹង ដើម្បីដាក់បន្ទុកជនដែលប្រព្រឹត្តបទល្មើសនេសាទក្នុងមូលដ្ឋាន»។
អ្នកភូមិក្បាលរមាសសង្កេតឃើញថា រយៈពេលជាង ៦ឆ្នាំកន្លងទៅនេះ តំបន់បាតអាង បានប្រែក្លាយជាកន្លែងនេសាទត្រីយ៉ាងពេញទំហឹង ដោយក្រុមអ្នកនេសាទចំណូលស្រុក លួចពង្រាយអួនព័ទ្ធភូមិក្បាលរមាសចាស់ និងតំបន់ត្រីរស់នៅដើម្បីចាប់ត្រីមេពូជ នាំទៅលក់នៅប្រទេសវៀតណាម និងតាមបណ្តាខេត្តមួយចំនួន។
មកទល់ពេលនេះ បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដីជាង ៣ម៉ឺនហិកតារ និងមានវិសាលភាពផ្ទៃទឹកធំធេង គ្របដណ្តប់ក្នុងឃុំចំនួន ៣ គឺឃុំក្បាលរមាស ឃុំស្រែគរ និងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង លាតសន្ធឹងទល់នឹងខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។