ប្រជាសហគមន៍ឧត្ដមស្រែពស់នៅខេត្តកំពង់ស្ពឺ បន្តចុះការពារព្រៃមេត្តាធម្មជាតិ បើទោះបីជាមានក្រុមទាហាន និងក្រុមរថក្រោះង៧០បាញ់គំរាមសម្លាប់ពួកគាត់ក៏ដោយ ក៏ពួកគាត់មិនចុះញ៉ម និងមិនខ្លាចស្លាប់ឡើយ។ ប្រជាសហគមន៍ថា ពួកគាត់នឹងខិតខំរក្សាព្រៃឈើដែលនៅសល់បន្តិចបន្តួចនេះទុកឲ្យកូនចៅជំនាន់ក្រោយមើល និងគ្រាន់អាស្រ័យផលពីធនធានធម្មជាតិទាំងអស់នេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ឧត្ដមស្រែពស់ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ប្ដេជ្ញានឹងរក្សាព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ឲ្យនៅគង់វង្សដល់ក្មេងជំនាន់ក្រោយ ទោះបីជាពួកគាត់ពលីជីវិតក៏ដោយ ក៏មិនរួញរាដែរ។ ពលរដ្ឋឃើញការឈូសឆាយព្រៃរបស់សហគមន៍ដែលប្រឹងប្រែងរក្សាជាងម្ភៃឆ្នាំមកហើយ ពីសំណាក់ក្រុមទាហាន និងក្រុងរថក្រោះ នៃអគ្គបញ្ជាការកងទ័ពជើងគោក ង៧០ ឥតស្រាកស្រាន្ត តាំងពីខែមករា មកទល់នឹងខែកក្កដាឆ្នាំ២០២២នេះ។
ពលរដ្ឋរស់នៅ និងអាស្រ័យផលពីការរកបន្លែ និងអនុផលព្រៃឈើនៅក្បែរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺលោកស្រី ឈួន សុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ខែសីហាថា មានពួកទាហានកង ង៧០ មកឈូសឆាយដី និងព្រៃឈើនៅតំបន់ព្រៃឧត្ដមស្រែពស់ ពេលដែលពួកសហគមន៍ចូលទៅឃាត់ ពួកទាហានទាំងនោះបានដកកាំភ្លើងបាញ់ប្រឆិតជើងពួកគាត់ គំរាមសម្លាប់បើពលរដ្ឋណាហ៊ានរារាំងក្បួនឈូសឆាយនេះ និងប្រើពាក្យជេរប្រមាថមកលើពួកគាត់ជាស្ត្រីដែលមានអាយុស្មើនឹងម្ដាយរបស់ក្រុមទាហាននោះ។ លោកស្រីពោលទាំងអួលដើមកថា លោកស្រីមិននឹកស្មានក្រុមទាហានក្មេងៗទាំងអស់នោះ ប្រើអាកប្បកិរិយាច្រឡោងខាម និងកំហឹងមកលើពួកគាត់ដូច្នេះទេ៖ « គ្រាប់កាំភ្លើងជ្រិះៗជើង អីចឹងខ្ញុំមានការភ័យហើយភ័យខ្លាចតាំងពីកាលនោះមក ពួកខ្ញុំវាភ័យខ្លាំងមែនទែនថ្ងៃហ្នុងហើយ ដល់ពេលរត់មកវាកញ្ឆក់ខាងនេះ កញ្ឆក់កាំបិតខ្ញុំ ហើយអាខាងនេះកញ្ឆក់ទូរស័ព្ទកាបូបទូរស័ព្ទ។ ដល់ពេលអីចឹងខ្ញុំណែនដើមទ្រូងពេក ដើមទ្រូងពេកក៏ឡើងលើច្រាំងហ្នឹងមក ឡើងអត់ចង់រួចទេភ័យខ្លាំងពេក ។ ដល់ពេលភ័យខ្លាំងពេកពួកខ្ញុំកាលនុះ តាំងពីកាលនុះខ្ញុំបាក់ស្បាតចឹងរហូតមកទល់ឥឡូវហ្នឹង។ តែមានការទៅ ( តវ៉ា ) ទៀត ខ្ញុំក៏ទៅទៀត ថ្ងៃមុនខ្ញុំទៅមើលអាអ៊ីចឈូសហ្នឹង »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត ដែលរស់ពឹងលើការរកបន្លែផ្លែឈើនៅភ្នំឱរ៉ាល់នេះដែរ លោកស្រី ឈន សុខ ប្រាប់ថា ពីមុនពលរដ្ឋនៅក្បែរនេះ អាចឃ្វាលគោ ក្របី នៅតំបន់ស្រែពស់នេះបាន តែតាំងពីមានក្រុមទាហានប្រមាណ៤០គ្រួសារមកតាំងទីលំនៅ នៅទីនេះ និងបានកាប់បំផ្លាញព្រៃឈើ ឈូសឆាយដីគ្មានសល់។ លោកស្រីបន្តថា នៅពេលដែលពលរដ្ឋបាត់គោ ក្របី ចូលទៅរកក្នុងព្រៃដែលពួកទាហានកំពុងកាន់កាប់គឺឃើញហើយ តែឥឡូវពួកទាហានមិនឲ្យចូលទៅជិតតំបន់នោះទៀតទេ។ លោកស្រីនិយាយទាំងអស់សង្ឃឹមថា ពលរដ្ឋពឹងលើរដ្ឋាភិបាលជួយរក្សាព្រៃឧត្ដមស្រែពស់ដែលសេសសល់បន្តិចបន្តួចនេះ។លោកស្រីបន្តថា ព្រៃស្រោងទាំងនេះគង់វង្សមកដល់សព្វថ្ងៃដោយសារពួកគាត់នាំគ្នាការពារ។លោកស្រីបញ្ជាក់ថា ពួកទាហានកង ង៧០ បានប្រមាថអាយុជីវិតលោកស្រី ដោយពោលថាបើពួកគេបាញ់សម្លាប់ពួកលោកស្រីបោះខ្មោចចោលកណ្ដាលព្រៃ ក៏គ្មានច្បាប់ណាធ្វើអ្វីពួកគេបានដែរ៖ « ចង់ចាប់ដាក់គុក។ អ្នកឈូសឆាយអត់រកចាប់ដាក់គុកទេ បែររកអ្នកការពារចង់ចាប់ដាក់គុកវិញ។ ខ្ញុំឆ្ងល់ ហើយខ្ញុំក៏តូចចិត្តជាខ្លាំង ពិបាកជាខ្លាំង សូម្បីតែ គោ ពពែ លែងទៅ មើលក៏មិនបាត់។ ពេលបាត់ក៏អត់ហ៊ានទៅរកគោដែរ ខ្លាច ខ្លាចគេគំរាមគេកំហែងគេចាប់ ចង់ចាប់ដាក់គុកដាក់អី ដាក់គុកដាក់ច្រវាក់ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងក្រុមទាហានកងរថក្រោះ ង៧០ បានទេ នៅល្ងាចថ្ងៃទី៧ ខែសីហា។
តែលោកធ្លាប់មានប្រសាសន៍ថា កន្លងមកនៅពេលមានបទល្មើស លោកតែងតែ បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះទៅបង្ក្រាបភ្លាម ហើយលោកបានស្នើឲ្យប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិលទាំងអស់ សហការគ្នាជាមួយអាជ្ញាធរ ត្រូវរាយការណ៍ឲ្យបានឆាប់រហ័ស បើឃើញបទល្មើសព្រៃឈើកើតឡើងនៅកន្លែងណា។
ជុំវិញរឿងនេះដែរ ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា CYN លោក ហេង គឹមហុង យល់ឃើញថា កងកម្លាំងទាហាន ដែលជាកម្លាំងពិសេសសម្រាប់ការពារប្រទេសជាតិ មិនគួរប្រើឥរិយាបថគ្មានសីលធម៌ ជេរប្រមាថមើលងាយ រហូតបានដកកាំភ្លើងបាញ់មកលើពលរដ្ឋខ្លួនដូច្នេះទេ បើទោះជាក្រុមទាហានទទួលបានដីសម្បទានពីរដ្ឋនៅព្រៃសហគមន៍ឧត្ដមស្រែពស់ក៏ដោយ។ លោកស្នើដល់រដ្ឋាភិបាល ឱ្យបញ្ឈប់ក្រុមទាហានទាំងនោះយកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋបន្តទៀត ទី២សុំឲ្យសង្គ្រោះព្រៃសហគមន៍ឧត្ដមស្រែពស់ ឡើងវិញ ឲ្យដូចជាសង្គ្រោះព្រៃឈើនៅភ្នំតាម៉ៅដែរ៖ « ខ្ញុំមានសំណូមពរពីរបាទ ទី១ខាងរដ្ឋបាលខេត្តមិនគួរព្រងើយកន្តើយ នឹងអ្វីដែលខ្លួនឯងបានដឹង ហើយបន្តឲ្យអ្នកនៅទីនោះបង្កគំរាមកំហែងដល់សន្តិសុខប្រជាពលរដ្ឋបែបនេះទេបាទ ទី២ បើសិនជារដ្ឋាភិបាលមិនទាន់បានដឹងទេ ខ្ញុំជឿថាព័ត៌មាននេះ ហើយថ្ងៃនេះខ្ញុំបានចូលខំមិន ( យោបល់ ) នៅក្នុងផេករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ឲ្យបានដឹង ហើយដោះស្រាយខ្ញុំសង្ឃឹមរំពឹងថានឹងមានការដោះស្រាយ ដូចករណីភ្នំតាម៉ៅដែរបាទ »។
ក្រសួងបរិស្ថានកាលពីឆ្នាំ២០០២ប្រកាសជាផ្លូវការថា ក្រសួងចាត់ទុកព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថាព្រៃមេត្តាធម្មជាតិ ជាព្រៃអភិរក្ស ព្រោះព្រៃនេះជាទីជម្រកសម្រាប់ឲ្យសត្វព្រៃគ្រប់ប្រភេទរស់នៅ និងជាព្រៃភ្នំសម្រាប់ផ្ដល់ប្រយោជន៍ដល់សហគមន៍ស្រែពស់។
ព្រៃមេត្តាធម្មជាតិមានផ្ទៃក្រឡា ៨០០ ហិកតារ តែមកទល់នឹងពេលនេះ ត្រូវបានក្រុមទាហាន រថក្រោះកង ង៧០ អ្នកមានលុយ មានអំណាច បានឃុបឃិតគ្នាវាតទីយកស្ទើរអស់ នៅសល់ប្រហែល៣០ហិកតារ ហើយអាចនឹងហិនហោចក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនជួយទប់ស្កាត់។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣ រយហិកតារ (២៦២,២៤) ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ ៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ព្រៃសហគមន៍នេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និងស្វាព្រាមជាដើម កំពុងប្រឈមបាត់បង់ទីជម្រក និងខ្លះរត់ទៅជ្រកនៅតំបន់ផ្សេង ដោយសារពុំមានទីជម្រក ហើយមានសត្វព្រៃខ្លះទៀត ត្រូវពួកជនខិលខូចលួចបរបាញ់សម្លាប់ ធ្វើអាជីវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។