ទំនប់វារីអគ្គិសនីរបស់ឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង-ពោធិ៍សាត់ ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស

0:00 / 0:00

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្មជាតិ បារម្ភ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹង របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។ កាល​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower Co.,Ltd,) ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​មាន​ការ​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំសំកុស​ខេត្ត​ពោធិ៍សាត់។

ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower Co.,Ltd,) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹក ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុង​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ចំនួន​៣​កន្លែង​ផ្សេង​គ្នា ស្ថិត​នៅ​ព្រំប្រទល់​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​កម្ពុជា-ថៃ។ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​បារម្ភ​ខ្លាច​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ ប្រមូល​ឈើ​ដើម្បី​សំអាត​បាត​អាង​លើស​ពី​ផែនការ​កំណត់ និង​ផល​ប៉ះពាល់​បរិស្ថាន ពី​ព្រោះ​បច្ចុប្បន្ន​នេះ មាន​រោង​ម៉ាស៊ីន​អា​ច្រៀក​ឈើ​មួយ​កន្លែង ដែល​មាន​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​ខ្វាត់ខ្វែង​ចេញ​ពី​ដែក​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស។

អ្នក​ស្រាវជ្រាវ និង​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី១៤ ខែ​កក្កដា​ថា ការ​សាងសង់​ទំនប់​វារីអគ្គីសនី កន្លង​មក​តែងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជា​ហូរហែ លើស​ពី​នោះ ក្រុម​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​តែងតែ​យក​លេស​ស្ដារ​បាត​អាង ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​លួច​ចូល​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ លោក​ថា ជាក់​ស្ដែង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ អាជ្ញាធរ និង​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចូល​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​សេរី​នៅ​ក្នុង​តំបន់​ការពារ ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​នោះ​ទេ។

លោក សេង សុខហេង ៖«រដ្ឋាភិបាល​ហាក់​បី​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ស្ដារ​ឬ​ហៅ​ថា​អភិវឌ្ឍន៍​គោលនយោបាយ​បៃតង​ដោយ​ចិរភាព​នឹង អ៊ីចឹង​រដ្ឋាភិបាល​គួរ​ពិចារណា​មែនទែន​ក្នុង​ការ​ផ្ដល់​ការ​អភិវឌ្ឍន៍​ផ្ដល់​ថាមពល​អគ្គិសនី​នេះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ ចំណែក​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ក្រសួងរ៉ែ និង​ថាមពល និង​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ ដែល​មាន​អតីត​រដ្ឋមន្ត្រី លោក ស៊ុយ សែម និង​ប្រធាន​ក្រុមហ៊ុន លោក លី យ៉ុងផាត់ បាន​ប្រជុំ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់ បរិស្ថាន និង​សង្គម លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹក​នេះ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញ​ឯកសារ​ទាំង​នោះ​ជា​សាធារណៈ​នោះ​ទេ។ ចំណែក​លិខិត​អនុញ្ញាត​ឲ្យ​ប្រមូល​ផល អនុផល​ព្រៃឈើ ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បង្ហាញ​ជា​សាធារណៈ​ដែរ រហូត​មក​ដល់​ពេល​នេះ។

ទាក់​ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​អស់​នោះ កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ជីវម្រុះ និង​សង្គម ពី​ព្រោះ​កន្លង​ទៅ​មាន​វារីអគ្គិសនី​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ បរិស្ថាន និង​សង្គម ហើយ​មិន​បាន​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​នោះ​ទេ។ លើស​ពី​នោះ លោក​ថា ក្រុម​ឈ្មួញ​មួយ​ចំនួន​តែងតែ​ឆ្លៀត​ឱកាស​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើអាជីវកម្ម​នៅ​ក្នុង​តំបន់​អភិរក្ស​ជា​រឿយៗ។

លោក ហេង គឹមហុង ៖ «ប្រព្រឹត្ត​ការ​ស្ដារ​បាត​អាង​ត្រូវ​ធានា​ថា​មិន​មាន​ការ​លួច​កាប់​ឈើ​ពី​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត​ចូល​មក​ក្នុង​តំបន់​នេះ​ដើម្បី​បាន​ឱកាស​ឬ​ក៏​ឱកាស​ភាព​ស្រប​ច្បាប់​ឬ​ន័យ​ក្នុង​ការ​កេងប្រវ័ញ្ច​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​កម្រប​ព្រៃឈើ​ជា​ទូទៅ​នៅ​ក្នុង​តំបន់​នោះ​ឬ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ក្បែរ​នោះ»។

photo_2024-07-13_07-17-07.jpg
រោងចក្រអាឈើរបស់ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower) ថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ភាពពលរដ្ឋផ្តល់ឱ្យ

អ្នក​ជំនាញ​បរិស្ថាន សន្និដ្ឋាន​ថា គម្រោង​វារីអគ្គិសនី​ស្ទឹង​មេ​ទឹក ដែល​សាងសង់​ដោយ ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ របស់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ នឹង​កាប់​ប្រមូល​ឈើ ប្រមាណ​ជាង​១០​លាន​ម៉ែត្រ​គីប ពី​ការ​ស្ដារ​បាត​អាង ក្នុង​រយៈ​ពេល​៥​ឆ្នាំ ហើយ​ឈើ​ទាំង​នោះ​នឹង​ត្រូវ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ចិន។

គម្រោង​វារីអគ្គិសនី ស្ទឹង​មេ​ទឹក មាន​អានុភាព​១៥០​មេ​ហ្គាវ៉ាត់ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ រយៈពេល៤៥ឆ្នាំ ក្នុង​អំឡុង​រយៈ​ពេល​៥​ឆ្នាំ​ដំបូង ជា​សិក្សា​ស្រាវជ្រាវ និង​ការ​សាងសង់ ហើយ​ក្រុមហ៊ុន​ត្រូវ​ប្រមូល​ផល​ប្រយោជន៍​ពី​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក រយៈ​ពេល​៤០​ឆ្នាំ ទើប​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ទៅ​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។