ស្ថានភាពទឹកជំនន់នៅតែបន្តឡើង និងបានសម្លាប់ប្រជាពលរដ្ឋ ៣នាក់ នៅខេត្តក្រចេះ
2024.09.21
ជំនន់ទឹកភ្លៀងមានស្ថានភាពកាន់តែអាក្រក់ ដោយភ្លៀងបន្តធ្លាក់ លាយឡំខ្យល់រន្ទះ បានឆក់យកជីវិតមនុស្ស ៣នាក់ និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនទៀត។ ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស អ្នករស់នៅតាមបណ្ដោយទន្លេ និងសមុទ្រ។
ជំនន់ទឹកភ្លៀងបណ្ដាលមកពីឥទ្ធិពលព្យុះទីហ្វុង យ៉ាជី (Yagi) និងព្យុះមួយចំនួនទៀត នៅតែបន្តវាយប្រហារខេត្តចំនួនក្នុងប្រទេសកម្ពុជា ដូចជា ខេត្តបាត់ដំបង ជាពិសេស ខេត្តដែលមានទីតាំងនៅតាមបណ្ដោយទន្លេមេគង្គ រួមមាន ខេត្តក្រចេះ និងស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកណ្ដាលជាដើម។
ពលរដ្ឋនៅឃុំដារ ស្រុកចិត្របុរី កញ្ញា ហ៊ុយ ស្រីតូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកញ្ញា ថា ជំនន់ទឹកភ្លៀងនៅឃុំដារ បានស្រកទៅវិញខ្លះហើយ ដោយបានបំផ្លាញចម្ការដំឡូងមី និងស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន។ ទោះយ៉ាងណា កញ្ញាប្រាប់ថា ទឹកទន្លេមេគង្គ នៅខេត្តក្រចេះ ហាក់មិនមានការស្រកចុះនោះទេ ដោយទឹកនៅតែបន្តហូរ និងកួច រហូតដល់មានការលិចទូកបណ្ដាលឱ្យពលរដ្ឋបាត់បង់ជីវិតចំនួន៣ នាក់។
កញ្ញា ហ៊ុយ ស្រីតូច៖ «តែនៅខាងខ្ញុំនេះ លិចត្រឹមក្នុងផ្ទះ ប៉ុន្តែបើភូមិផ្សេង គឺលិចខ្លាំងជាងហ្នឹង តែបើនៅតាមជួរមាត់ព្រែកអីហ្នឹង គឺអត់ទាន់ស្រកទេ បើមានភ្លៀងបន្ថែមទៀត គឺលិចបន្ថែមទៀតហ្នឹងឯង។ ដូចនៅវត្តដារ និងមណ្ឌលសុខភាពឃុំដារ នៅជិតអូរ ដល់ពេលអ៊ីចឹងទៅ គឺឆាប់ជន់ ពេលលិចម្ដងៗ យើងយកម៉ូតូ ទៅផ្ញើកន្លែងគេនៅទីខ្ពស់ៗ»។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា មានហេតុការណ៍លិចទូក នៅចំណុចបឹងរាំង ក្នុងឃុំដារ ស្រុកចិត្របុរី បណ្ដាលឱ្យមនុស្សប្រុស ៣នាក់បាត់បង់ជីវិត ខណៈ ២នាក់ទៀត ហែលឡើងលើគោករួចខ្លួន។ សមត្ថកិច្ចអះអាងថា គ្រោះថ្នាក់នេះបង្កឡើងដោយកម្លាំងខ្យល់បក់នៅកណ្ដាលទន្លេ បណ្ដាលឱ្យមានរលកទឹកធំៗ វាយពន្លិចទូករបស់ពលរដ្ឋ ដែលកំពុងដឹកដំឡូងឡើងទៅលើគោក។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកញ្ញា បានប្រកាសថា កម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ បានបន្តកើនឡើងជិត ២១ម៉ែត្រ(២០,៨៥) ខណៈកម្ពស់ទឹកប្រកាសអាសន្ន មានកម្ពស់ ២២ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងបានរម្លឹកឱ្យអាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ដោយឡែក នៅខេត្តកណ្ដាល ទឹកជំនន់បានហូរច្រោះ បណ្ដាលឱ្យបាក់ស្រុតច្រាំងស្ទឹងព្រែកត្នោត ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទើបនឹងសាងសង់ ក្នុងគម្រោងទឹកប្រាក់ ៤០០លានដុល្លារ ចំនួន ៣ទីតាំង ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់តាក្ដុល និងភូមិបត្តាជី១ បត្តាជី២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ចំណែក នៅខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ នៅតែបន្តឡើងជាបន្តបន្ទាប់ ដោយសារតែភ្លៀងធ្លាក់គ្រប់ទីកន្លែងអស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្ដាលឱ្យផ្លូវមួយចំនួន ស្ថិតនៅស្រុកត្បូងឃ្មុំ ទទួលរងការខូចខាត។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន បានផ្អាកមិនឱ្យរថយន្តធុនធំ បើកឆ្លងកាត់លើផ្លូវមួយចំនួន ដែលកំពុងលិចទឹក ដើម្បីបញ្ចៀសការបាក់ស្រុត និងខូចខាត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុន្នី ដើម្បីសុំការបកស្រាយជុំវិញការខូចខាតដោយគ្រោះទឹកជំនន់ នេះបានទេ នៅថ្ងៃទី២១ ខែកញ្ញា។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមិនទាន់បង្ហាញរបាយការណ៍បូកសរុប ពីផលប៉ះពាល់នៅឡើយ។ ចំណែកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានប្រកាសថា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន៦ ខណៈប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ មានចំនួនជាង ៨ពាន់គ្រួសារ (៨.៣២៤) ខូចខាតដំណាំស្រូវអស់ជិត ៥ពាន់ហិកតារ (៤.៩២២) និងដំណាំចម្ការរួមផ្សំ សរុបជាង ៤រយហិកតារ (៤៣៨)។
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជពិសេស អ្នកដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ ការពារសុខភាព ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ។ ចំណែកអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងបានត្រៀមគ្រាប់ពូជ និងវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្គ្រោះដំណាំជូនកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ករណីមានមនុស្សស្លាប់ក្នុងពេល ដែលទឹកជំនន់ទើបតែចាប់ផ្ដើមបែបនេះ បង្ហាញឱ្យឃើញពីភាពចន្លោះប្រហោងក្នុងការបង្ការគ្រោះមហន្តរាយរបស់អាជ្ញាធរ។ ទន្ទឹមគ្នានេះ លោកស្នើឱ្យប្រជាពលរដ្ឋ គួរគិតគូរសុវត្ថិភាពរបស់ខ្លួនជាចម្បង ដោយមិនត្រូវប្រថុយប្រថានអាយុជីវិតទៅការពារទ្រព្យសម្បត្តិ ក្នុងស្ថានភាពគ្រោះធម្មជាតិដ៏អាក្រក់នេះឡើយ។
លោក សេក សុជាតិ៖ «ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ ពួកគាត់ (អាជ្ញាធរ) អ្នកស្គាល់ស្ថានភាពភូមិសាស្ត្រនៅហ្នឹងច្បាស់ អ៊ីចឹងពួកគាត់អាចដោះស្រាយបញ្ហាបានហើយ។ សំខាន់ជាងគេ តើយើងមានយន្តការអ្វីខ្លះ ដែលបានណែនាំឬក៏ប្រាប់ទៅពួកគាត់ (ពលរដ្ឋ) អំពីការត្រៀមបម្រុង ពាក់ព័ន្ធនឹងការគ្រប់គ្រង ឬក៏ការបញ្ចៀសខ្លួនឱ្យគេចផុតពីគ្រោះមហន្តរាយទាំងអស់ហ្នឹង”។
កម្ពុជាកំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ លាយឡំនឹងផ្គររន្ទះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា។ ជាមួយគ្នានេះ កម្ពុជាអាចនឹងមានភ្លៀងបន្តធ្លាក់ខ្លាំង ដោយសារតែមានព្យុះថ្មីមួយទៀតឈ្មោះថា ពូលឡាសាន (PULASAN)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។