សហគមន៍​ខេត្ត​កំពត សៀមរាប និង​ខេត្តស្ទឹងត្រែង​បាន​ទទួល​ពាន​រង្វាន់​ទេសចរណ៍​អាស៊ាន

ដោយ សុជីវី
2023.02.07
សហគមន៍​ខេត្ត​កំពត សៀមរាប និង​ខេត្តស្ទឹងត្រែង​បាន​ទទួល​ពាន​រង្វាន់​ទេសចរណ៍​អាស៊ាន ពិធីទទួល​ជ័យ​លាភី​ពាន​រង្វាន់​ ទេសចរណ៍​អាស៊ាន នៅ​ទី​ក្រុង យុក្យាការតា(Yogyakarta ) ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី៥ កុម្ភៈ ២០២៣។
រូប៖ មន្ទីរទេសចរណ៍ខេត្ត​កំពត

សហគមន៍​ខេត្តកំពត ខេត្ត​សៀមរាប និង​ខេត្ត​ស្ទឹងត្រែង​ បាន​ទទួល​ជ័យលាភី​ពាន​រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ក្នុង​ឆ្នាំ​២០២៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែទាំ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បម្រើ​វិស័យ​ទេសចរណ៍។

ក្រសួង​ទេសចរណ៍​សាទរ ចំពោះ​ពាន​រង្វាន់​នេះ​ដោយ​ចាត់​ទុក​ថា ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​សហគមន៍ បន្ត​កិច្ច​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ឱ្យ​ជីវភាព​ពួកគាត់​រីក​ចម្រើន។

ប្រធាន​សហគមន៍​ត្រពាំង​សង្កែ ស្រុក​ទឹក​ឈូ ខេត្ត​កំពត លោក សឹម ហ៊ីម បាន​បង្ហាញ​ពី​បទ​ពិសោធ គ្រប់គ្រង​សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំងសង្កែ​ឱ្យ​រីកចម្រើន ចាំ​បាច់​ត្រូវ​សាមគ្គី​គ្នា​រឹងមាំ ថែរក្សា​ព្រៃកោងកាង​ឱ្យ​គង់វង្ស ដោយ​ត្រូវ​សហការ​ល្អ​ជាមួយ​អាជ្ញាធរ ជាពិសេស ត្រូវ​គ្រប់គ្រង​ថវិកា​ឱ្យ​មាន​តម្លាភាព។

លោក សឹម ហ៊ីម ថ្លែង​បែប​នេះ ក្រោយ​ពី​លោក​ទើប​តែ​ទទួល​ជ័យ​លាភី​ពាន​រង្វាន់​ ទេសចរណ៍​អាស៊ាន នៅ​ទី​ក្រុង យុក្យាការតា(Yogyakarta ) ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី៥ កុម្ភៈ។

លោក​ថា ការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការ​អភិរក្ស​ព្រៃ​កោង​កាង​ឱ្យ​គង់វង្ស គឺ​ជា​រឿង​សំខាន់​ ព្រោះ​តំបន់​នោះ ជា​ប្រភព​សេដ្ឋកិច្ច​របស់​អ្នក​នេសាទ និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ 

លោក​ថា ពាន​រង្វាន់​នេះ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​សមាជិក​សហគមន៍​ចំនួន ០៣ ភូមិ ដែល​ចាប់​ដៃ​គ្នា អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ដោយ​មាន​អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន ជួយ​ជ្រោមជ្រែង៖ «គ្រាន់​ចង់​ឱ្យ​សហគមន៍​ទាំង​អស់​ គាត់​មាន​ការ​ចាប់​អារម្មណ៍​ឱ្យ​មែន​ទែន សម្រាប់​ធនធាន​ជលផល ជា​ពិសេស​ព្រៃ​កោងកាង​ ព្រោះ​ព្រៃ​កោង​កាង​ជា​ឆ្នាំងបាយ​របស់​អ្នក​នេសាទ ព្រោះ​ព្រៃ​កោង​កាង វា​ជា​វីឡា​របស់​ជីវចម្រុះ បើ​សិន​ជា​ព្រៃ​កោងកាង​ វា​នឹង​កាត់​បន្ថយ​ចំណាយ​ស្រុក ជួយ​បង្កើន​មុខ​របរ និង​ប្រាក់​ចំណូល​របស់​អ្នក​នេសាទ»

អេកូ​ទេសចរណ៍ សហគមន៍​ត្រពាំង​សង្កែ​ឋិត​ក្នុង​ភូមិ​ចំនួន ៣ នៃ​ឃុំ​ត្រពាំងសង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត ឆ្ងាយ​ពី​រង្វង់​មូល​ផ្លែ​ធូរេន ៧គីឡូម៉ែត្រ។

សហគមន៍​នេះ​មាន​ព្រៃ​កោងកាង​ជិត ៥០​ហិកតារ មាន​ដែន​នេសាទ ជាង ៥រយ​ហិកតារ (៥១០ឋិត​នៅ​អម​សង​ខាង​ព្រែក​មួយ ជាប់​ដៃសមុទ្រ អម​ដោយ​ទេសភាព​ស្រស់​បំព្រង។

សហគមន៍​នេះ​មាន​សមាជិក​ជាង ៧រយនាក់ (៧៥៧ដែល​រួមគ្នា​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ បម្រើ​វិស័យ​ទេសចរណ៍ ហើយ​ពលរដ្ឋ​ចំនួន ០៥ ឃុំ បាន​អាស្រ័យ​ផល ធនធាន​ធម្មជាតិ​ ក្នុង​សហគមន៍​នេះ។

ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ ដែល​ប្រព្រឹត្តទៅ ថ្ងៃទី៥ ខែកុម្ភៈ នៅ​ទីក្រុង​យុក្យាការតា ប្រទេស​ឥណ្ឌូណេស៊ី  កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​សរុប​ចំនួន១៧​ ពី​ការ​អនុវត្ត​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ក្នុង​ឆ្នាំ២០២៣។

ពាន​រង្វាន់​ទាំង​នោះ ចែង​ជា ៤​ប្រភេទ​រួមមាន រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដារ​អាស៊ាន ចំនួន៥​ពាន​រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ចំនួន​៣ ពាន​រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដារ​អាស៊ាន ចំនួន​៥ និង​ពាន​រង្វាន់​សេវា​ស្ប៉ា​ស្តង់ដារ​អាស៊ាន ចំនួន៤ ។

ចំណែក​ឯ​ពាន​រង្វាន់ សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ចំនួន ៣​ខេត្ត គឺ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ក្នុង​ខេត្ត​កំពត សហគមន៍​អេកូ​ទេសចរណ៍​កោះហាន ក្នុង​ខេត្ត​ស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ធំ ក្នុង​ខេត្ត​សៀមរាប។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក មាន​ប្រសាសន៍​ថា ការ​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​នេះ ជា​ការ​លើក​ទឹក​ចិត្ត សហគមន៍​ដែល​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​បាន​ល្អ​ និង​ឆ្លុះ​បញ្ចាំង​ពី​គំរូ​ភាព​មួយ ឱ្យ​សហគមន៍​ដទៃ​ទៀត មក​សិក្សា និង​ស្វែង​យល់។

លោក​បញ្ជាក់​ថា ពាន​រង្វាន់​នេះ ជា​កិត្តិយស​ដ៏​ពិសេស​ ជូន​សហគមន៍​ដែល​ប្រឹងប្រែង​រៀប​ចំ​តំបន់​ទេសចរណ៍​បាន​ល្អ ស្រប​តាម​ស្តង់ដារ​អាស៊ាន ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ដោយ​អាច​រក​ប្រាក់​ចំណូល​បាន​នៅ​ហ្នឹង​កន្លែង។

លោក តុប សុភ័ក៖ «សហគមន៍​ទេសចរណ៍​នេះ ក្រសួង​ទេសចរណ៍​រដ្ឋមន្ត្រី​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​ រដ្ឋាភិបាល​ក៏​ជួយ​ជំរុញ​បន្ថែម មាន​កន្លែង​ខ្លះ​មាន​ដៃ​គូ អភិវឌ្ឍន៍ លោក​ជួយ​ រួម​ចំណែក​ឱ្យ​សហគមន៍​បាន​ល្អ​ប្រសើរ ព្រោះ​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ចូល​សហគមន៍ គឺ​ចំណូល​បាន​មក អំពី​ទេសចរណ៍​ហ្នឹង​ វា​បាន​ចូល​ដល់​សេដ្ឋកិច្ច​ផ្ទាល់ ដល់​ប្រជា​សហគមន៍​តែ​ម្តង»

លោក សឹម ហ៊ីម បន្ថែម​ថា ​សហគមន៍​របស់​លោក មាន​បម្រើ​សេវាកម្ម​ទេសចរណ៍​រួមមាន​ ជិះទូក​ទស្សនា​ព្រៃ​កោងកាង តាម​ព្រែក​ត្រពាំង​សង្កែ សេវាកម្ម​ស្នាក់​នៅ និង​ម្ហូប​អាហារ។ បន្ថែម​ពី​នេះ ​ ការ​ដាំ​កូន​កោងកាង គឺ​ជា​គោលការណ៍​សំខាន់ ដែល​សហគមន៍​របស់​លោក​ លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដាំ ជា​អនុស្សាវរីយ៍។ លោក​ថា នៅ​ពេល​ដែល​ពលរដ្ឋ​មូលដ្ឋាន​អាច​រក​ប្រាក់​ចំណូល ​ផ្គត់​ផ្គង់​ជីវភាព គឺ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​បាន​ច្រើន។

ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ យុវជន​កម្ពុជា​លោក ហេង គឹមហុង សាទរ​ចំពោះ​ជ័យ​លាភី​នេះ ដែល​លោក​ចាត់​ទុក​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់ គួរតែ​ចូលរួម​ការពារ​ និង​ប្រើប្រាស់​សក្ដានុពល​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ឱ្យ​ល្អ​ប្រសើរ។

លោក ហេង គឹមហុង៖ «រឿង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ពលរដ្ឋ​របស់​យើង​គួរ​តែ​ចូលរួម​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ​ក្នុង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ ជា​ពិសេស​ជា​សញ្ញា​បង្ហាញ​ទៅ អ្នក​មាន​សមត្ថកិច្ច គួរតែ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ ចំពោះ​សកម្មភាព​អេកូ​ទេសចរណ៍​ឱ្យ​បាន​ច្រើន និង​ផ្តល់​មូលនិធិ ធនធាន​មនុស្ស​ និង​ធនធាន​បច្ចេកទេស​ជាដើម»

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​សហគមន៍ អេកូ​ទេសចរណ៍ ៨០​កន្លែង ដែល​ភាគ​ច្រើន ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​មាន​ព្រៃកោងកាង​តាម​សមុទ្រ ទន្លេ និង​ស្ទឹង

តំបន់​អេកូ​ទេសចរណ៍​ទាំងនេះ ក្រសួង​ចាត់​ទុក​ជា​គោលដៅ ទាញ​ប្រយោជន៍​ពី​ទេសភាព ធម្មជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ប្រកប​ដោយ​ភាព​ងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និង​ធម្មជាតិ​បៃតង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។