អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦ សីហាថា ជនសង្ស័យជា ឧកញ៉ា គង់ ក្រឹង អាចនឹងឃុំខ្លួននៅពន្ធនាគារខេត្តក្រចេះ ហើយមកទល់ពេលនេះសមត្ថកិច្ចកំពុងសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តនេះនៅឡើយ។ សកម្មជនបរិស្ថានជំរុញឲ្យគណៈកម្មការជាតិ ស៊ើបអង្កេតសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធណា ដែលទទួលសំណូកពីបទល្មើសព្រៃឈើ មកអនុវត្តច្បាប់ជាធរមាន។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បញ្ជាក់ថា គណៈកម្មការជាតិនៅតែបន្តសាកសួរជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងបក្ខពួកម្នាក់ទៀតនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី១៦ ខែសីហានេះ។ លោកអះអាងថា ជនណាដែលពាក់ព័ន្ធបទល្មើសព្រៃឈើ និងប្រព្រឹត្តអំពើពុករលួយរឿងបទល្មើស គណៈកម្មការជាតិនឹងអនុវត្តច្បាប់ ប្រសិនបើរកឃើញភស្តុតាង និងបទល្មើសជាក់ស្ដែងច្បាស់លាស់។
ចំពោះសំនួរដែលសួរថា ឧកញ៉ា គង់ ក្រឹង ជួញដូរឈើខុសច្បាប់ ៦ ឆ្នាំមកហើយ ហេតុអ្វីទើបតែអនុវត្តច្បាប់ពេលនេះ? អ្នកនាំពាក្យរូបនេះ ឆ្លើយថា លោកដឹងតែការស៊ើបអង្កេតរបស់គណៈកម្មការជាតិ ហើយកាលពី ៦ឆ្នាំមុន ពុំទាន់បង្កើតគណៈកម្មការជាតិនៅឡើយទេ៖ «ខ្ញុំអត់ដឹងដែរ ខ្ញុំដឹងតែការស៊ើបអង្កេតរបស់គណៈកម្មការជាតិ ចំពោះជនស៊ីវិល ( សង្គមស៊ីវិល និងសកម្មជនបរិស្ថាន ) មិនដឹងយកច្បាប់ណាមកស៊ើបអង្កេត ខ្ញុំអត់ដឹងដែរ ? ៦ និង ៧ ឆ្នាំមុន គណៈកម្មការជាតិមិនទាន់បង្កើតផង»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុភាព បដិសេធមិនអធិប្បាយរឿងនេះប្រាប់អាស៊ីសេរីទេ នៅថ្ងៃទី១៦ ខែសីហា ដោយលោកបានចុចផ្តាច់ទូរស័ព្ទ។
កាលពីយប់ថ្ងៃទី១៥ សីហា គណៈកម្មការជាតិបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ទាក់ទិនបទល្មើសព្រៃឈើ គឺឧកញ៉ា គង់ ក្រឹង និងបុរសម្នាក់ទៀតត្រូវជាកូនប្រសារ ឈ្មោះ ម៉ាត់ ណាស៊ាត។ ការឃាត់ខ្លួននេះ ក្រោយពីសាកសួរពេញមួយថ្ងៃ ទាក់ទិនបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម និងការបើកទីតាំងប្រមូលទិញឈើខ្នាតធំ ជាប់ព្រំដែនវៀតណាម ក្នុងស្រុកស្នូល ខេត្តក្រចេះ។
សកម្មជនបរិស្ថាន ដែលចុះអង្កេតរឿងនេះ និងបានបន្លំខ្លួនជាអ្នករកស៊ីឈើ អះអាងថា ក្រុមអ្នកដឹកឈើតាមម៉ូតូ លក់ឲ្យឧកញ៉ា គង់ ក្រឹង បានបង្ហើបថា ការដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរី ចូលក្នុងឃ្លាំង ឧកញ៉ា គង់ ក្រឹង អាចធ្វើទៅបាន ត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធចាប់ពី ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល ជាថ្នូរមិនអនុវត្តច្បាប់។ ពួកគេអះអាងថា ឧកញ៉ារូបនេះ ជាអ្នកកាងជំនួញឈើតាមម៉ូតូ យ៉ាងហោចណាស់ ៣០០គ្រឿង ក្នុងមួយថ្ងៃៗ ចូលការដ្ឋានស្តុកឈើរបស់ខ្លួន។ នេះមិនរាប់បញ្ចូលការដឹកឈើតាមគោយន្ត និងកាងរថយន្តយីឌុបរបស់ឈ្មួញដទៃទៀតទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែ និងចក្ររបៀងមួយចំនួនទៀត ក្នុងស្រុកស្នួល។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះ អះអាងថា ក្រុមអ្នកដឹកឈើបានបង្ហើបថា ឧកញ៉ា គង់ ក្រឹង បានសូកប៉ាន់សមត្ថកិច្ច និងអាជ្ញាធរខេត្តក្រចេះ ៩ស្ថាប័ន ជាថ្នូរធ្វើអាជីវកម្មឈើខ្នាតធំលក់ទៅប្រទេសវៀតណាម និងបើកទីតាំងទិញឈើពីក្រុមកម្មករ។ តែយ៉ាងណាពួកគេមិនបញ្ជាក់លម្អិតពីឈ្មោះ ស្ថាប័នណាខ្លះនោះទេ? ក៏ប៉ុន្តែក្នុងចំណោម ៩ស្ថាប័នទាំងនោះ មានពីរ ស្ថាប័នដែលទទួលសំណូកច្រើនជាងគេ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន៖ «យើងចង់ឲ្យតុលាការចុះស៊ើបអង្កេត និងហៅអ្នកពាក់ព័ន្ធដូចជាមន្ត្រី ថ្នាក់ខេត្តហ្នឹងមកសាកសួរទាំងអស់ ព្រោះយើងដឹងស្រាប់ហើយថា សម្តេច ស ខេង គាត់បានប្រកាសថា រាល់ក្នុងទឹកដីរបស់អ្នកណាដែលមានបទល្មើសព្រៃឈើ គឺអាជ្ញាធរខេត្តនោះ ត្រូវតែទទួលខុសត្រូវ។ អ៊ីចឹងហើយ តុលាការត្រូវតែហៅ អាជ្ញាធរខេត្តនោះ មកសាកសួរនិងដេញដោល ហេតុអីបានជា បណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើ និងបណ្ដោយឲ្យមានការដឹកជញ្ជូនឈើទៅវិញ ?»។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធខេត្តក្រចេះ និងសមត្ថកិច្ចមួយចំនួនមានទម្លាប់ទទួលប្រយោជន៍ពីឧកញ៉ា គង់ ក្រឹង ជាថ្នូរមិនអនុវត្តច្បាប់ព្រៃឈើ ជាច្រើនឆ្នាំមកហើយ ល្មមដល់ពេលដែលគណៈកម្មការជំនាញ និងអយ្យការស៊ើបអង្កេត ករណីអំពើពុករលួយមន្ត្រីគ្រាក់ៗ ទាំងនោះមកអនុវត្តច្បាប់។ លោកអំពាវនាវឲ្យពលរដ្ឋរួមគ្នាតាមដាន ការអនុវត្តច្បាប់របស់គណៈកម្មការជាតិ និងតុលាការករណីនេះ ក្នុងបំណងរួមចំណែកការពារធនធានធម្មជាតិនៅសេសសល់ចុងក្រោយ៖ «អំពើពុករលួយពុំមែនមានតែនេះទេ (សមត្ថកិច្ច និងអាជ្ញាធរ) គឺក្រុមតុលាការក៏ទទួលបានដែរ ហើយច្រើនៗ ទៀត ឥឡូវឋិតក្នុងភាពភិតភ័យកើតទុក្ខទាំងអស់គ្នា។ យើងដឹងថា តើសំណុំរឿងហ្នឹង តើគណៈកម្មការជាតិគាត់យល់ឃើញថា ស្ថាប័នតុលាការ មានភាពពាក់ព័ន្ធ ឬមិនអាចស្រាវជ្រាវរឿងបទល្មើសឧក្រិដ្ឋ គេអាចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ឥឡូវយើងមិនទាន់ដឹងថា តើគណៈកម្មការជាតិលោកដាក់ (បញ្ជូន គង់ ក្រឹង) ទៅណាទេ?»។
សកម្មជនបរិស្ថានរកឃើញថា ឧកញ៉ា គង់ ក្រឹង បានចាប់ផ្ដើមធ្វើអាជីវកម្មឈើខុសច្បាប់ទ្រង់ទ្រាយធំ និងរត់ពន្ធឈើឆ្លងដែនខុសច្បាប់ទៅវៀតណាម តាំងពីឆ្នាំ២០១៣ ចំណេញប្រាក់រាប់លានដុល្លារ និង ទទួលបានងារជាឧកញ៉ា។ ឧកញ៉ារូបនេះ មានឃ្លាំងស្តុកឈើធំៗ ៣ទីតាំងផ្សេងគ្នាក្នុងស្រុកស្នូល ដែលមានសន្តិសុខ និងយោធា យាមកាមយ៉ាងប្រុងប្រយ័ត្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។