ជំនន់​ទឹក​ភ្លៀង​តាម​ខេត្ត​ជាប់​សមុទ្រ​ចាប់​ផ្ដើម​ស្រក ខណៈ​ខេត្ត​ភាគ​ឦសាន​កំពុង​ជន់​លិច​ខ្លាំង

0:00 / 0:00

0:00 / 0:00

ជំនន់​ទឹកភ្លៀង​នៅ​តាម​ខេត្ត​ជាប់មាត់​សមុទ្រ ចាប់ផ្ដើម​ស្រក​បណ្ដើរៗ ហើយ​ខណៈ​ខេត្ត​ចំនួន ២ នៅ​តំបន់​ខ្ពង់​រាប​ភាគ​ឦសាន គឺ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី កំពុង​ជន់​លិច​ខ្លាំង។

ក្រុម​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឱ្យ​ដឹង​ថា តំបន់​មួយ​ចំនួន ដែល​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​កែប បាន​ស្រក​ចុះ​បណ្ដើរៗហើយ ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត និង​ការ​ហូរ​ចាក់​ច្រោះ​ទៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ​ពលរដ្ឋ​នៅ​ឯ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី និង​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី វិញ កំពុង​ជន់​លិច​ខ្លាំង។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ដែល​ចុះទៅ​ឃ្លាំមើល​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា ទឹក​ចាប់ផ្ដើម​ស្រក​ឃើញ​ដី​បណ្ដើរៗ ហើយ នៅ​ថ្ងៃ​ទី​១០ សីហា។ តែ​ពលរដ្ឋ​មិនទាន់​ហ៊ាន​ជញ្ជូន​អីវ៉ាន់​ចូល​ផ្ទះ ឬ​ទម្លាក់​ចុះក្រោម​ទេ ដោយសារ ទឹក​អាច​ជន់​វិញ​គ្រប់​ពេល នៅ​ពេល​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់។ លោក​ថា សម្រាប់​ខេត្ត​ព្រះសីហនុ ភ្លៀង​ត្រឹម​កម្រិត ២​ម៉ោង​ជាប់​គ្នា គឺ​អាច​លិចលង់​តំបន់​មួយ​ចំនួន​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បាន។ ចំណែក​ភ្ញៀវ​ទេសចរ មាន​លក្ខណៈ​ធម្មតា ពួកគេ​អង្គុយ​ហូប​អាហារ​នៅ​តូប​មាត់សមុទ្រ តែ​មិន​ចុះ​លេង​ទឹកសមុទ្រ​ទេ ព្រោះ​តែ​មាន​រលក​ធំៗ បក់​បោក៖ «ពួកគាត់​ចាប់ផ្ដើម​សំអាត​ភក់ ដែល​វា​កក នៅ​លើ និង​កៀនៗ​ផ្ទះ​របស់​ពួកគាត់​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា អ្នកខ្លះ​មិនទាន់​ហ៊ាន​យក​អីវ៉ាន់ ដាក់​ត្រឹមត្រូវ​ទេ ព្រោះ​បារម្ភ​ថា បើ​សិន​ជា​មាន​ភ្លៀង ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង តែ​លើស​ពី​២​ម៉ោង ជាប់​គ្នា គឺ​ចាប់ផ្ដើម​លិច​ទៀត។ ថ្ងៃ​ហ្នឹង ដោយសារតែ​មេឃ​បើក​ថ្ងៃ គួរ​សម ហើយ​យើង​ឃើញ​ថា មិន​មាន​ភ្លៀង​អ្វី​ទេ អ៊ីចឹង​ពួកគាត់​បើក​លក់​ជា​ធម្មតា ហើយ​មាន​អ្នក​មក​អង្គុយ​ញ៉ាំ នៅ​មាត់សមុទ្រ​ជា​ធម្មតា​។ បញ្ហា​អត់​មាន​លូ ហើយ​និង​ប្រឡាយ​តូច​ហ្នឹង ដែល​មិន​អាច​ឱ្យ​ទឹក មានលទ្ធភាព​ទាញ​ទឹក​ចូល​ទៅ សមុទ្រ​បាន។ តែ​នៅ​ពេល​ដែល​មាន​ភ្លៀង​ទៅ ទឹក​ហ្នឹង​អាច​ហូរ​បន្តិច​ម្ដងៗ អស់​ដោយ​ខ្លួនឯង»។

ចំណែក​គេហទំព័រ​ហ្វេសប៊ុក (facebook) របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិនទាន់​ចុះផ្សាយ​អំពី ស្ថានភាព​ទឹក​ថា មាន​កម្រិត​ណា ហើយ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ចំនួន​ប៉ុន្មាន​ត្រូវ​ខូចខាត​នៅឡើយ​ទេ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៩ សីហា មនុស្ស ៣​នាក់ បាន​ស្លាប់ ដោយសារ​រលំ​បាក់​របង​សង្កត់​ពី​លើ នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​។ អ្នក​ស្លាប់​ម្នាក់​ជា​មេការ​សំណង់​ជនជាតិ​ចិន និង ២​នាក់ ជា​កម្មករ​ជនជាតិ​ខ្មែរ​។ ប្រភព​ដដែល​ចុះផ្សាយ​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ចុះ​ទៅ​មើល​តាម​ទីតាំង​ទឹក​ជំនន់​ផ្លូវជាតិ ដែល​រង​ការខូចខាត និង​បញ្ជា​ឱ្យ​រៀបចំ​គម្រោង​ជួសជុល​ផ្លូវ​ឡើងវិញ​ជា​បន្ទាន់។

ស្ថានភាព​ទឹកជំនន់​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។
ស្ថានភាព​ទឹកជំនន់​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។ (Photo courtesy of Adhoc)

នៅ​ឯ​ខេត្ត​កោះកុង​វិញ អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) លោក មាន ព្រហ្មមុនី ឱ្យ​ដឹង ថា មិន​មាន​ការ​លិច​លង់​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​មានការ​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៤៨ ម្ដុំ​ផ្លូវ​ទៅ​តំបន់​ទេសចរណ៍​តាតៃ។ លោក​ថា នៅ​ខេត្ត​កោះកុង មិន​ទាន់​មាន​ព័ត៌មាន​អំពី​អ្នករងគ្រោះ​ពី​ទឹកជំនន់​ទេ តែ​អ្នក​នេសាទ បាន​ផ្អាក​ចេញ​ទូក​ទៅ​រក​ត្រី នៅ​សមុទ្រ ជាង ១​សប្ដាហ៍​ហើយ៖ «តាតៃ​បាក់​ផ្លូវ​ស្រុត​ទៅ​ក្រោម​ហ្មង។ អត់​ទំនប់​ទេ អា​ហ្នឹង​កន្លែង​ផ្លូវជាតិ ៤៨ បាក់​មួយ​កំណាត់​ចុះទៅ​ក្រោម​។ អាហ្នឹង​បាក់​តែ​ញយ ផ្លូវ​ចាក់​ស្ដើង ហើយ​វា​តូច​ផង»។

គេហទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​កោះកុង ផ្សាយ​ថា ពលរដ្ឋ​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​ខ្លាំង គឺ​នៅ​ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា មាន​ការ​ប៉ះពាល់​ដល់​ស្ពាន វត្ត សាលារៀន ផ្ទះ​ប្រជាពលរដ្ឋ ជាដើម​។ អាជ្ញាធរ​ស្រុក​មណ្ឌលសីមា អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​និង​ស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព។ លោក មាន ព្រហ្មមុនី ឱ្យ​ដឹង​ដែរ​ថា ទឹក​បាន​ស្រក​ខ្លះ​ហើយ នៅ​ថ្ងៃ​ទី​១០ សីហា ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត។

ចំណែក​គេហទំព័រ​របស់​រដ្ឋបាល​ខេត្ត​កំពត ចុះផ្សាយ​ថា កន្លែង​ដែល​រងគ្រោះ​ខ្លាំង គឺ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ដែល​នៅ​ជាប់​មាត់​ព្រែក​កំពត និង​ជា​ផ្លូវទឹក ហូរ​ចុះ​ពី​ទំនប់​វារីអគ្គិសនី​ភ្នំ​កំចាយ។ តំបន់​លិចលង់​ខ្លាំង គឺ​នៅ​ភូមិ​អណ្ដូង​ជីម៉ឺន និង​ភូមិ​កំពង់គ្រែង ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ និង​ម្ដុំ​ស្ថានីយ​រថភ្លើង​ខេត្ត​កំពត ស្ថិតនៅ​ភូមិ​ស្វាយ​ធំ និង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពត មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កូវ យិតឡាយ ឱ្យ​ដឹង​ថា តំបន់​លិចលង់​នៅ​ផ្លូវ​រថភ្លើង ជាប់មាត់​ព្រែក​កំពត រង​ការ​លិច​ជម្រៅ​កន្លះ​ម៉ែត្រ​។ លោក​ថា លិច​ខ្លាំង​នៅ​ថ្ងៃ​ទី​៩ សីហា ដោយសារ​ធ្លាក់​ភ្លៀង ទឹកសមុទ្រ​ជោរ​ឡើង និង​ការ​បង្ហូរទឹក​ពី​ទំនប់​វារីអគ្គិសនី​លើ​ភ្នំ​កំចាយ​។ លោក កូវ យិតឡាយ ឱ្យ​ដឹង​ទៀត​ថា អ្នកស្រុក​ទឹកឈូ ច្រើន​ធ្វើ​ផ្ទះ​ខ្ពស់​ពី​ដី​ខ្លាំង ដើម្បី​បង្ការ​ទឹកជំនន់​រាល់​ឆ្នាំ បង្កឡើង​ដោយសារ​ការ​បើក​បង្ហូរ​ទឹក​ពី​វារីអគ្គិសនី ទឹកភ្លៀង និង​ការ​ជោរ​ឡើង​នៃ​ទឹកសមុទ្រ​នោះ៖ «និយាយ​រួម​វា​គួប​ផ្សំ​គ្នា ទឹក​ជំនោរ អា​ទឹកជោរ​ផង ទឹកភ្លៀង​ផង ការ​បើក​ទឹកជ្រោះ​មក​ផង។ ក្រុង​កំពត​លិច​ដែរ​បង ប៉ុន្តែ​វា​លិច​តិចតួច​ដែរ​ទេ។ ធម្មតា​យើង​មាន​លូ កាលណា​អត់​ភ្លៀង​លូ មិន​ចុះទៅ​ព្រែក ទឹក​ស្អុយ​ក្នុង​ក្រុង​វា​ត្រូវ​ចុះទៅ​ព្រែក​។ កាលណា​យើង​ទប់មាត់​ព្រែក ក៏​វា​ឡើង​តាម​លូ​ដែរ អាហ្នឹង​គឺ​អត់​មាន​វិធីសាស្ត្រ​ទប់​ទេ​ណា។ ខាន ( ភ្លៀង ) ប៉ុន្មាន​ឆ្នាំ​ដែរ ទើប​លិច​ឆ្នាំ​ហ្នឹង​វិញ​។ វា​មិន​ទៀងទាត់​ទេ។ និយាយ​ទៅ បើ​ភ្លៀង​ហើយ​អត់​ទឹក​ជំនោរ​មក ក៏​វា​អត់​សូវ​អ្វី​ដែរ។ អ៊ីចឹង​ណា បើកាលណា​ភ្លៀង​ហើយ មាន​ទឹក​ជំនោរ វា​ទល់​គ្នា ទឹកសមុទ្រ​ចូល​មក ហើយ​អា​មេឃ​ភ្លៀង​មក មិន​អាច​បុក​ចុះ​បាន វា​នៅ​ទល់​ហ្នឹង​។ ព្រឹក​មិញ​ភ្លៀង តែ​ថ្ងៃរសៀល​ហ្នឹង​រាំង​ចេស។ បើ​កាលណា មិន​ភ្លៀង​អ៊ីចឹង ធ្វើ​ឱ្យ​ទឹក​ហ្នឹង​ចុះ​ហើយ​ណា»។

ចំណែក​គេហទំព័រ​រដ្ឋបាល​ខេត្ត​កែប មិន​បាន​ចុះផ្សាយ​ពី​ស្ថានភាព​ភ្លៀង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឡើយ​។ អាស៊ីសេរី ក៏​មិន​អាច​សុំ​ការទាក់ទង​អភិបាលខេត្ត​កែប លោក កែន សត្ថា បាន​ដែរ។អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពត និង​កែប លោក យន់ ផល្លី ឱ្យ​ដឹង​ថា នៅ​ខេត្ត​កែប ក៏​មាន​ភ្លៀង​ធ្លាក់​រ៉ាំរ៉ៃ​ដែរ តែ​តំបន់​ជាប់មាត់​សមុទ្រ​មិន​រងគ្រោះ​លិចលង់​ទេ។ លោក​ប្រាប់​ថា តំបន់​ដែល​លិចលង់ គឺ​នៅ​សង្កាត់​អូរក្រសារ និង​សង្កាត់​ព្រៃធំ នៃ​ក្រុងកែប និង​ផ្នែក​ខ្លះ នៃ​ស្រុក​ដំណាក់​ចង្អើរ។ មូលហេតុ​នៃ​ការ​លិច​នោះ គឺ​ដោយសារ​ទឹក​ហូរ​ធ្លាក់​ចុះ​ពី​ភ្នំ។

ដោយឡែក នៅ​ឯ​ខេត្ត​ភាគ​ឦសាន​វិញ គឺ​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ក៏​រង​ការ​ជន់​លិច​ខ្លាំង​ដែរ​។ ក្មេង​ស្រី អាយុ ១៥​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ដីឡូតិ៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃ​ទី​៩ សីហា ដោយសារ​លិច​ទូក នៅ​ពេល​ភ្លៀង​កំពុង​ធ្លាក់។

មន្ត្រី​​អុច​ធូប​គោរពវិញ្ញាណក្ខន្ធ ក្មេងស្រី ដែល​ស្លាប់ដោយ​​ទឹកជំនន់​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។
មន្ត្រី​​អុច​ធូប​គោរពវិញ្ញាណក្ខន្ធ ក្មេងស្រី ដែល​ស្លាប់ដោយ​​ទឹកជំនន់​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។ (រូប​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​រតនគិរី)

ពលរដ្ឋ​រងគ្រោះ​លិច​ផ្ទះ ពី​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​លំផាត់ ម្នាក់ អ្នកស្រី សុខ ស្រីដុំ ប្រាប់​ថា ពលរដ្ឋ​ប្រហែល ៨០​ភាគរយ នៃ​ឃុំ​សេដា និង​ឃុំ​ជ័យឧត្ដម ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ទាំង​យប់ ដោយសារ​ជំនន់​ទឹកភ្លៀង​។ អ្នកស្រី​ថា នៅ​ថ្ងៃ​ទី​១០ សីហា ទឹកបាន​ស្រក​ប្រហែល​កន្លះ​ម៉ែត្រ ហើយ​មើល​ឃើញ​ផ្លូវថ្នល់​ក្នុង​ភូមិ​ខ្លះ​ហើយ​។ តែ​ផ្ទះ និង​ផលដំណាំ​ពលរដ្ឋ កំពុង​រង​ការ​ជន់​លិច និង​ខូចខាត។ អ្នកស្រី​បន្ត​ទៀត​ថា សត្វ​គោក្របី ក៏​ត្រូវ​ជម្លៀស​ចេញ ទៅ​រក​ទីទួល​ក្នុង​ភូមិ ដើម្បី​ស្នាក់នៅ​បណ្ដោះអាសន្ន​ដែរ៖ «វា​ឡើង​ខ្លាំង តែ​ស្រក​យឺត​ដែរ​ហ្នឹង​។ នៅ​តាម​ចម្ការ តាម​ភូមិ​អ្វី វាលស្រែ​នៅ លិច​ដដែល​ហ្នឹង ស្រក​តែ​តាម​ផ្លូវ​បន្តិចៗ​ហ្នឹង​។ ភូមិ វា​លិច មាន​ទួល​។ កន្លែង​ខ្លះ​ទៅ វា​ទួល វា​អត់​លិច​ទេ​។ ប៉ុន្តែ​កន្លែង​ខ្លះ អត់​មាន​ទួល​វា​លិច នៅ​មើល​មិនទាន់​ឃើញ​ផង​ហ្នឹង​បង។ គោ ក្របី មកដល់​ថ្ងៃ​ហ្នឹង ខ្ញុំ​អត់​ទាន់​ដឹង​ថា ម្ដេច​ដែរ ដោយសារ​គេ​ជម្លៀស​ចេញ​ក្រៅ​។ ប្រជាជន ជម្លៀស​ខ្លះ នៅ​ខ្លះ​។ ខ្លះ គេ​នៅផ្ទះ​ខ្ពស់ៗ គេ​នៅផ្ទះ​គេ​សិន​។ ជម្លៀស​ច្រើនជាង​បង ប្រហែល​៨០​ភាគរយ»។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​មណ្ឌលគិរី ឯណោះ​វិញ ក៏​ប្រាប់​ថា អ្នកស្រុក​កោះ​ញែក ជិត ១០០​គ្រួសារ ក៏​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​ទាំង​យប់​ដូចគ្នា។

តំណាង​ជនជាតិ​ដើម​ភាគតិច លោក ក្រើង តុលា ប្រាប់​ថា ទឹក​ជន់​លិច​ផ្ទះ​អ្នកភូមិ​កោះ​ញែកខ្លាំង នៅ​ថ្ងៃ​ទី​៩ និង​ទី​១០ សីហា​។ អាជ្ញាធរ​បាន​ជម្លៀស​អ្នកភូមិ​ចេញ​ទាំង​យប់ នៅ​យប់​ថ្ងៃ​ទី​៩ សីហា​។ ឯ​គោ ក្របី និង​ជ្រូក របស់​អ្នកស្រុក ងាប់​ច្រើន​ក្បាល ដោយសារ​លង់ទឹក​ស្លាប់។ លោក ក្រើង តុលា ប្រាប់​ថា ផ្ទះ​អ្នកស្រុក ដែល​ជន់​លិច​ភាគច្រើន​ជា​ផ្ទះ​តូចៗ ហើយ​តំបន់​នោះ​ទាប ស្ថិត​នៅ វាល​ទំនាប​ទន្លេ​ស្រែពក ទើប​រង​ការ​ជន់​លិច​ខ្លាំង៖ «យប់មិញ ឯកឧត្ដម​អភិបាលខេត្ត ( មណ្ឌលគិរី​ ) ទៅ​ស្រង់​ប្រជាពលរដ្ឋ​ទាំង​យប់ យប់មិញ​។ ម្សិលមិញ ខ្លាំង ហើយ​ថ្ងៃ​ហ្នឹង​ខ្លាំង ម្សិលម្ង៉ៃ​ចាប់ផ្ដើម​។ អត់​ទាន់​ស្រក ឯកឧត្ដម​អភិបាលខេត្ត​គាត់​ចុះទៅ​ជួយ​ចែក​អំណោយ ជួយ​ស្រង់ គោ ក្របី ជ្រូក មាន់ ទា ទៅ​ដាក់​នៅ​កន្លែង​សុវត្ថិភាព ហើយ​ងាប់​គោ ងាប់​ក្របី ងាប់​ជ្រូក អ្វី​ច្រើន។ មណ្ឌលគិរី មានតែ​មួយ​កន្លែង​ទេ នៅ​ឃុំ​ណង់​ឃីឡឹក នៅ​ខាង​កោះ​ម្យើឡ ខាង​ភូមិ​កោះម្យើឡ ឃុំ​ណង់ឃីឡឹក ស្រុក​កោះ​ញែក»។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា និង​អភិបាលខេត្ត​ទាំង​៦ ច្រើន​ដង នៅ​ថ្ងៃ​សៅរ៍ ទី​១០ សីហា ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ខេត្ត​ជាប់មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួម​ទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ជំនន់​ទឹកភ្លៀង ព្រោះ​តំបន់​ទាំងនោះ ត្រូវ​រង​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី។ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ដល់​អ្នកនេសាទ​ឱ្យ​ផ្អាក​ចេញ​ទូក​ទៅ​នេសាទ ព្រោះ​ផ្ទៃ​សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​គ្រប់​ពេល ខ្យល់​ខ្លាំង និង​រលក​សមុទ្រ អាច​មាន​កម្ពស់ ១​ម៉ែត្រ ទៅ ២​ម៉ែត្រ។

ស្រប​ពេល​អ្នក​រស់នៅ​តំបន់​ជាប់មាត់​សមុទ្រ​កំពុង​រង​ឥទ្ធិពល​បែបនេះ ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កណ្ដាល ភ្នំពេញ និង​ព្រៃវែង វិញ ប្រាប់​ថា ទឹក​ទន្លេ ក៏​ហក់​ឡើង​ខ្ពស់​ដែរ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ សីហា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។