USAID ស្នើ​ក្រសួង​បរិស្ថាន​ឱ្យ​បង្កើត​ប៉ុស្តិ៍​ឆែកឆេរ​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន​ Think Biotech

0:00 / 0:00

ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា (USAID)​​ ប្រចាំ​កម្ពុជា បាន​រក​ឃើញ​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដ បូក (Carbon REDD+) របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ (Mitsui) ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សហគមន៍​ផង​ដែរ។

ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​បង្កើន​វត្តមាន​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​​ និង​បង្កើត​ប៉ុស្តិ៍​ឆែក​ឆេរ​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ​ នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដ​បូក​រួម​របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ (Mitsui) ។

នៅ​ក្នុង​របាយការណ៍​មួយ ដែល​បាន​រៀបរៀង​ឡើង​ដោយ ក្រុមហ៊ុន ថិត្រា ថិក (Tetra Tech) ដាក់​ជូន​គម្រោង USAID ព្រៃ​ឡង់​បៃតង ដែល​មាន​ចំណង​ជើង​ថា​ «របាយការណ៍​បន្ទាន់​ ការ​កាប់​ដើម​ជ័រ​ច្បោះ​ក្នុង​តំបន់​គម្រោង​រេដបូក​ក្រសួងបរិស្ថាន​និង​ក្រុម​ហ៊ុន​ មីតស៊ូ MITSUI» ដែល​អាស៊ី​សេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ក្រុម​ការងារ​ផ្នែក​ជីវភាព​សហគមន៍​នៃ​គម្រោង​ USAID ព្រៃ​ឡង់​បៃតង​ បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​បឋម​ អំពី​វត្តមាន​នៃ​ដើម​ជ័រ​ច្បោះ​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃ​ឡង់»​ ភូមិសាស្ត្រ​ ខេត្ត​ស្ទឹងត្រែង​ ជិត​ព្រំ​ប្រទល់​រវាង​ដែន​ជម្រក​សត្វ​ព្រៃ​ «ព្រៃ​ឡង់​» និង​ដី​សម្បទាន​ព្រៃ​ដៃគូ ស៊ីង បាយអូថេក។ ខណៈ​ក្រុម​ការងារ​បាន​ជួប​ប្រទះ​នឹង​ការ​កាប់ និង​ដឹក​ជញ្ជូន​ដើម​ជ័រ​ច្បោះ​យ៉ាង​អនាធិបតេយ្យ។

របាយការណ៍​ដដែល​បាន​សរសេរ​ថា ស្រប​ពេល​សម្រាក​ពេល​យប់​ ក្រុមការងារ​ក៏បាន​ឮ​សំឡេង​លើក​ឈើ​​ដាក់​ឡាន និង​សំឡេង​កាប់​ឈើ​ដោយ​ប្រើ​​ប្រាស់​រណារ​យន្ត​គ្រប់​​កន្លែង​។

នៅ​ក្នុង​របាយការណ៍​នោះ​លើកឡើង​ថា​ ការ​បន្ត​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ​ នឹង​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​គម្រោង​រេដបូក របស់​ក្រសួង និង​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​កាប់​ដើម​ជ័រ​ច្បោះ​ខ្នាត​ធំ​បែប​នេះ កំពុង​តែ​បំផ្លាញ​ប្រភព​ចំណូល​ចម្បង​របស់​សហគមន៍​មូលដ្ឋាន។

របាយការណ៍​ក៏​បាន​ស្នើ​ឲ្យ​បង្កើន​វត្តមាន​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​​ និង​បង្កើត​ប៉ុស្តិ៍​ឆែក​ឆេរ​​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ក្រុម​ហ៊ុន ស៊ីង បាយអូថេក និង​អនុវត្តន៍​ពង្រឹង​យន្តការ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​នឹង​ខេត្ត​។ ជា​មួយ​គ្នា​នោះ ស្នើ​សូម​ឲ្យ​ដំឡើង​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​នៅ​ចំណុច​ព្រំ​ប្រទល់​នៃ​ដែន​ជម្រក​សត្វព្រៃ​ «ព្រៃ​ឡង់» និង​ដី​សម្បទាន​ក្រុម​ហ៊ុន ស៊ីង បាយអូថេក ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​ផ្លូវ​ថ្មី ដើម្បី​កំណត់​ជា​ព្រំប្រទល់។

ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ខាង​លើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា របាយការណ៍​នោះ​ពុំ​មែន​ជា​របាយការណ៍​ត្រឹម​ត្រូវ​ឡើយ។​ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ ប្រមូល​ផល និង​អាស្រ័យ​ផល អនុផល​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក សត្វព្រៃ ក៏ប៉ុន្តែ ពួក​គេ​គ្មាន​សិទ្ធិ​លក់ ដើម​ច្បោះ​ជ័រ ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា កាល​ណា ក្រសួង​ទទួល​បាន​ព័ត៌មាន និង​មាន​ភស្តុតាង គ្រប់​គ្រាន់​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មន្រ្តី​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍ ស្តីពី​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ ក្រសួង​បរិស្ថាន និង​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រកាស​អនុវត្ត «គម្រោង​ព្រៃ​ឡង់​បៃតង» ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​ព្រះវិហារ ​ក្រោម​ទឹកប្រាក់​ប្រមាណ​​ជាង ២១លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈ​ពេល ៥ឆ្នាំ។

សកម្មជន​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ បាន​លើក​ឡើង​ថា ចំពោះ​ការ​បង្ហាញ​របាយការណ៍ របស់ ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នេះ គឺ​ដោយ​ព្រោះ​មាន​ការ​បារម្ភ​អំពី​​ការ​បាត់បង់​ដើម​ច្បោះ​របស់​សហគមន៍​មួយ​ចំនួន ដែល​គាត់​អាស្រ័យ​ផល ទៅលើ​ដើម​ច្បោះ​ទាំង​នោះ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​បង្ក្រាប ឬ​ពិនិត្យ​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ ហើយ​ប្រសិន​បើ រាជ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ គឺ​ហាក់​បី​ដូច​ជា​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ កំពុង​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​យ៉ាង​ដូច្នេះ​ដែរ៖ « បើ​សិន​ជា​រាជ​រដ្ឋាភិបាល ក៏​ដូចជា​គណៈកម្មការ ព្រម​ទាំង​ក្រសួង​គាត់​មិន​ធ្វើ​ការ​ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន Think Biotech ទេ វា​ហាក់​បី​ដូច​ជា​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា គណៈកម្មការ​ហ្នឹង គាត់​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អ៊ីចឹង​ឯង »

លោក ហេង ស្រស់ អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ រួច​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ស៊ីង បាយអូថេក រួច​ក្លែង​បន្លំ​ឈើ​នេះ ជា​ឈើ​ស្រប​ច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន អង្គរ​ប្លាយវូដ (Angkor Plywood)។

ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ នៅ​ក្នុង​មាត្រា ៦៦ និង​មាត្រា ៦០ បាន​ចែងថា ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី២ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​បំផ្លាញ​រុក្ខជាតិ​នៅ​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ។ មាត្រា​ដដែល​បញ្ជាក់​ថា បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី២ នេះ ត្រូវ​ដាក់​ពន្ធនាគារ ចាប់ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១លាន ៥សែន​រៀល ដល់ ១៥លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។