តំណាង និងអ្នកភូមិនៃឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោងដាក់លិខិតស្នើសុំបង្កើតសហគមន៍ព្រៃឈើដែលមានភ្ជាប់ស្នាមមេដៃអ្នកគាំទ្រចំនួន ៦០០នាក់ ទៅសាលាខេត្តនៅខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ។ តំណាងសហគមន៍ថា ក្រុមអ្នកភូមិនៃឃុំពេជចង្វារ ធ្លាប់ដាក់លិខិតដូចគ្នានេះជូនអាជ្ញាធរ និងជំនាញពាក់ព័ន្ធតាំងពីឆ្នាំ២០០៤ ប៉ុន្តែគ្មានការឆ្លើយតប។
សហគមន៍ពេជចង្វាររុក្ខាល្អឆើត ដែលមានតែឈ្មោះមិនទាន់កំណត់ទំហំដីច្បាស់លាស់ និងមិនទាន់មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះ ត្រូវតំណាងប្រជាពលរដ្ឋបញ្ជាក់នៅថ្ងៃទី៨ ខែធ្នូ ថា សហគមន៍អាចនឹងទទួលស្គាល់ផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០១៦។ ពេលនោះ អ្នកភូមិចំនួន ៦ នៃឃុំពេជចង្វារ នឹងមានឱកាសពេញលេញក្នុងកិច្ចការពារព្រៃឈើ ដើម្បីបម្រើផលប្រយោជន៍រួម។
តំណាងសហគមន៍ លោកស្រី យិន ប៉ិច មានប្រសាសន៍ថា ប្រជាសហគមន៍ និងផ្នែករដ្ឋបាលព្រៃឈើបរិបូរណ៍ ត្រៀមខ្លួនចុះពិនិត្យស្ថានភាពផ្ទៃដីព្រៃដែលនៅសេសសល់ជាក់ស្ដែងពីការវាស់វែងរបស់ក្រុមនិស្សិតនៅចុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខ។ លោកស្រីរំឭកថា ផ្ទៃដីទំហំជាង ១.៨០០ហិកតារដែលបានកំណត់ និងដាក់សំណើទៅអាជ្ញាធរពាក់ព័ន្ធ និងផ្នែករដ្ឋបាលព្រៃឈើកាលពីឆ្នាំ២០០៤ និងឆ្នាំ២០០៧ បច្ចុប្បន្នមិនដឹងថានៅសល់ទំហំប៉ុន្មាននោះទេ ក្រោយពីក្រុមនិស្សិតវាស់កាត់ដីជូនពលរដ្ឋ និងក្រោយសកម្មភាពទន្ទ្រានដីព្រៃបន្ថែមពីសំណាក់ពលរដ្ឋ ឬអ្នកមានលុយមួយចំនួន៖ «ការវាស់វែងដីលក្ខណៈប្រព័ន្ធ និងក្រុមយុវជនវាស់វែង អត់បានគិតគូរដល់ការបង្កើតសហគមន៍សម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឬកន្លែងមើលគោក្របី។ អ៊ីចឹងយើងចាប់ផ្ដើមបង្កើតសាជាថ្មី»។
ទាក់ទងបញ្ហានេះ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបរិបូរណ៍ លោក ពុំ ម៉េង បញ្ជាក់ថា ការបង្កើតសហគមន៍ព្រៃឈើ ខាងលោកមិនអាចសម្រេចអ្វីបាន ក្រៅពីបង្កើតគណៈកម្មការចម្រុះដែលមានសុរិយោដី និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចុះពិនិត្យជាក់ស្ដែង និងកំណត់ស្នើសុំទៅថ្នាក់លើបន្តទៀត។ លោកថា នៅស្រុកបរិបូរណ៍ ទើបមានសហគមន៍ព្រៃឈើចំនួនពីរប៉ុណ្ណោះ ដែលបានចុះកិច្ចព្រមព្រៀងបង្កើតសហគមន៍ គឺសហគមន៍ត្រពាំងចាន់ និងសហគមន៍មួយរយប៉ែតសិបប្រាំកា (១៨៥K)៖ «ខ្ញុំមិនទាន់ចុះឃើញតំបន់ហ្នឹងនៅសល់ប៉ុន្មានអីប៉ុន្មាន ព្រោះកាលហ្នឹងក្រុមយុវជនចុះវាស់ ហើយដីនៅសល់ប៉ុន្មានអីប៉ុន្មាន ខ្ញុំអត់ទាន់ដឹង នៅលើមេឃុំ។ យើងរៀបចំបង្កើត (សហគមន៍ព្រៃឈើ) ព្រោះសួរឃុំទៅថា អាចមានសល់ដីខ្លះ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមលើបញ្ហានេះពីអាជ្ញាធរខេត្តបាននៅឡើយទេ នៅថ្ងៃទី៨ ខែធ្នូ ខណៈអភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
តំណាងសហគមន៍ ចង់ឃើញអាជ្ញាធរពន្លឿននីតិវិធីរៀបចំដីព្រៃសហគមន៍នេះ ព្រោះខ្លាចពលរដ្ឋ ឬអ្នកមានលុយមួយចំនួន ឆ្លៀតឱកាសវាតទី ឬទន្ទ្រានដីព្រៃបន្ថែមលើសពីដីរបស់ខ្លួន ដែលបានវាស់វែងជូនដោយក្រុមនិស្សិតកាលពីឆ្នាំ២០១២ រួចហើយ។ អ្នកភូមិនៃឃុំពេជចង្វារ ភាគច្រើនត្រូវការចាំបាច់នូវព្រៃឈើ ដើម្បីរកអនុផល និងឈើសម្រាប់សង់ផ្ទះឲ្យកូនចៅរស់នៅក្រោយមានគូស្រករ ឬរៀបការរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។