ឈើមូលធំៗ ប្រភេទស្រឡៅ ពពេល ផ្តៀក គគីរ និងដើមច្បោះជ័រ ជាដើម ឋិតនៅតំបន់ស្នូលព្រៃឡង់ ឬហៅថា តំបន់បេតិកភណ្ឌជាតិដ៏សំខាន់ ក្នុងព្រៃអភិរក្សមួយនេះ កំពុងទទួលរងការកាប់បំផ្លាញយ៉ាងពេញទំហឹង នៅរយៈពេល ៣ខែចុងក្រោយនេះ។
ការអះអាងនេះ ក្រោយពីប្រជាសហគមន៍ខេត្តព្រះវិហារ ៩នាក់ បានឆ្មក់ចុះល្បាតព្រៃឡង់រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ប្រទះឃើញដើមឈើធំៗ មុខកាត់ចាប់ពី ៤តឹក ដល់ ១ម៉ែត្រ ២តឹក និងប្រវែង ចាប់ពី ៤ម៉ែត្រដល់ ៦ម៉ែត្រ ត្រូវគេអាររំលំនៅសល់តែគល់ និងសំណល់ចម្រៀកឈើ ជាប់នឹងគល់ឈើ។ បទល្មើសព្រៃឈើទាំងនេះ ឋិតនៅចំណុច បុស្សរាំង ជាប់ក្បាលដំរី អូរអាចម៍ដែក និងប្រាសាទគោល ក្នុងតំបន់ស្នូលព្រៃឡង់។
ក្នុងពេលចុះល្បាត កម្មករក្រុមហ៊ុនប្រាប់ប្រជាសហគមន៍ថា ពួកលោកស៊ីឈ្នួលដឹកឈើឱ្យក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.) ក្នុងមួយម៉ែត្រគូប ២០ម៉ឺនរៀល រីឯអ្នកដាំបាយ និងធ្វើម្ហូបឱ្យកម្មករកាប់ឈើក្នុងព្រៃឡង់ គឺជាស្ត្រីជាច្រើននាក់ មកពីខេត្តឧត្តមានជ័យ។
អ្នកសម្របសម្រួលសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារលោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដាថា បច្ចុប្បន្នកម្មករក្រុមហ៊ុន រាប់សិបនាក់បានបោះតង់ក្នុងព្រៃ ដើម្បីកាប់ឈើ រួចដឹកតាមគោយន្តចំនួន ២៥គ្រឿងចេញក្រៅ មកស្តុកទុកនៅជាយព្រៃឡង់ ឋិតនៅចំណុច ភ្នំតាផែង ក្នុងឃុំរួសរាន់ ស្រុករវៀង ដោយមានរថយន្តប៉ាកុង ៤គ្រឿងចាំទទួលដឹកឈើបន្ត ចូលការដ្ឋានក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ឋិតក្នុងឃុំរួសរាន់ ស្រុករវៀង។ លោកថា ប្រជាសហគមន៍បានថតរូបភាព និងវីដេអូ ពីឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ ទុកជាភស្តុតាង ត្រៀមបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ព្រោះពួកលោក គ្មានជំនឿលើអាជ្ញាធរខេត្តព្រះវិហារនោះទេ៖ «ចង់ឱ្យគណៈកម្មការលោក សៅ សុខា និងលោក អេង ហ៊ី ឱ្យគាត់ចុះមក កុំឱ្យដូចលោក នេត្រ ភក្ត្រា និយាយថា ពួកខ្ញុំនិយាយមិនការពិត ក្លែងក្លាយ។ ខ្ញុំចង់ឱ្យពួកអស់ទាំងនោះ មកមើលទាំងអស់គ្នា កុំឱ្យខ្ញុំមកមើលទាំងអស់គ្នា កុំឱ្យថា ខ្ញុំនិយាយអត់ប្រសិទ្ធភាព»។
សកម្មជនព្រៃឡង់រូបនេះបន្ថែមថា ប្រជាសហគមន៍បានប្រថុយជីវិតចុះល្បាតព្រៃឡង់ដេកក្នុងព្រៃ ៤យប់ ដើម្បីតាមដានពីស្ថានភាពព្រៃឡង់ ខណៈដែលសេចក្តីរាយការណ៍ និងក្តីកង្វល់ទាំងឡាយ របស់ពួកគាត់ ត្រូវបានអាជ្ញាធរមើលរំលង។ លោកថា ប្រជាសហគមន៍បានផ្តល់ព័ត៌មានទាំងនេះឱ្យលោក មាស ញឹម ប្រធានដែនជម្រកសត្វព្រៃឡង់ ដើម្បីចុះបង្ក្រាបដែរ តែគ្មានលទ្ធផលទេ។ រីឯលោក ចាប សារ៉ន មានតួនាទីជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស គឺជាមេការក្រុមហ៊ុនរបស់វៀតណាមនេះ កំពុងធ្វើអាជីវកម្មឈើយ៉ាងសស្រាកសស្រាំ៖ « លោកចាប សារ៉ន ជាអាវុធហត្ថផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើ ហេតុអីគាត់មកធ្វើឈើ គាត់ដាក់កម្មករបងប្អូនចំណាកស្រុក ពីស្ទោង អន្លង់វែង និងកំពង់ធំមកច្រើន។ សម្រាប់ពលរដ្ឋយើង បានត្រឹមតែសោកស្តាយ ដល់ពេលឃើញគេធ្វើអ៊ីចឹង»។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តព្រះវិហារលោក មាស ញឹម និងមេការក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាននៅឡើយទេនៅថ្ងៃទី១៤ ខែកក្កដា។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និង អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី អាស៊ីសេរីក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ដោយឡែក អភិបាលស្រុករវៀងលោក ហោរ ប៊ុនហួរ ក៏ពុំអាចសុំការបំភ្លឺបានដែរ។
ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី បានផ្តាច់ទូរស័ព្ទនៅពេលអាស៊ីសេរីសួរនាំពីបទល្មើសព្រៃឈើ ដែលប្រព្រឹត្តឡើងដោយក្រុមហ៊ុនវៀតណាមនេះ។
តែយ៉ាងណា លោកធ្លាប់ឱ្យអាស៊ីសេរីដឹងកាលពីចុងខែមេសាថា អាជ្ញាធរ និងព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតករណីនេះ ហើយលោកនឹងបង្ហាញលទ្ធផល នៅពេលស៊ើបអង្កេតចប់សព្វគ្រប់។ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ឃើញគណៈកម្មការជាតិបង្ហាញលទ្ធផលនៅឡើយទេ។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ៧.៩០០ហិកតារ នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយផ្ដោតលើការកាប់ឈើ និងអាជីវកម្មឈើទៅវិញ។ លើសពីនេះទៀត ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿងឋិតក្នុងស្រុករវៀង ជាប់ព្រៃឡង់ខេត្តព្រះវិហារ។ សកម្មភាពកាប់ឈើខ្នាតធំរបស់ក្រុមហ៊ុននេះ កើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកទល់ពេលនេះ។
ប្រជាសហគមន៍ថា ឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំនេះ បានកើតឡើងនៅចំពោះមុខមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ក្រោយពីពួកគេនិងមន្ត្រីឧទ្យានុរក្ស ធ្លាប់បានចុះល្បាតរួមគ្នា ប្រទះឃើញឈើហ៊ុបធំៗ រាប់រយដើមក្នុងតំបន់អភិរក្ស ត្រូវបានកម្មករក្រុមហ៊ុនវៀតណាមកាប់ផ្ដួលធ្វើអាជីវកម្ម។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារលោក ឡោ ចាន់ ចាត់ទុកឧក្រិដ្ឋកម្មព្រៃឈើនេះថា ជាចេតនាបណ្តែតបណ្តោយរបស់អាជ្ញាធរពាក់ព័ន្ធ ខេត្តព្រះវិហារ ព្រោះបទល្មើសព្រៃឈើ បានកើតឡើងដោយបើកចំហ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនផ្អាកអាជីវកម្មឈើរបស់ក្រុមហ៊ុននេះទេ ព្រៃឡង់ នឹងមិនសល់ដើមឈើធំៗទៀតទេ៖ «នៅតំបន់អស់ហ្នឹង គឺក្រុមហ៊ុនកាប់ឈើ មិនឋិតក្នុងកិច្ចសន្យា ជាមួយរដ្ឋាភិបាល បែរជាកាប់ក្នុងព្រៃឡង់ ហើយនាំទៅក្រុមហ៊ុនទៀត អាហ្នឹងវាជាបទល្មើសហើយ»។
អង្គការជាតិ និងអន្តរជាតិបានរកឃើញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទំហំព្រៃឡង់ជាង ១សែន (១០២.៤៣៦) ហិកតារ ឬស្មើនឹង ២៤% ត្រូវបានបាត់បង់ ក្លាយជាវាលរហោឋាន។ នៅទូទាំងប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើសរុបរហូតដល់ទៅ ២លាន ៣សែនហិកតារ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១០ ក្នុងពិភពលោកដែលរងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុត។
កាលពីចុងខែឧសភា កន្លងទៅ ប្រជាសហគមន៍ព្រៃឡង់ និងក្រុមយុវជនប្រទះឃើញគំនរឈើហ៊ុបរាប់រយដើម ឬស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតាមដងផ្លូវចូលព្រៃឡង់ ក្បែរការដ្ឋានរបស់ក្រុមហ៊ុនវៀតណាមភីអ៊ិនធី។ ពួកគេថា ឈើទាំងនោះ ត្រូវបានគេដឹកចេញពីតំបន់ស្នូលព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុនវៀតណាម ឋិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រជាសហគមន៍បន្ថែមថា ឈើធ្នង់ និងសុក្រំ ជាឈើប្រណីតមិនទាន់គ្រប់អាយុប្រើប្រាស់បាន ក៏ក្រុមហ៊ុននេះ កាប់ផ្តួលយកទាំងអស់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។