អាជ្ញាធរ​ព្រះវិហារ​ថា ក្រុមហ៊ុន​វៀតណាម​PNT កាប់​ឈើ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់

ដោយ វ៉ែន សុមេធ
2020-11-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​ក្បែរ​ក្រុមហ៊ុន PNT ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
គំនរ​ឈើ​ក្បែរ​ក្រុមហ៊ុន PNT ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
រូប​សហគមន៍​ព្រៃឡង់

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា អះអាង​ថា ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) និង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (​ខេម​បូ​ឌា​) (MACLE LOGISTICS) ពុំ​មាន​ជាប់​ពាក់ព័ន្ធ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ខាងក្រៅ​បរិវេណ​ក្រុមហ៊ុន​ដូច​ការចោទប្រកាន់​កន្លង​មក​នោះ​ទេ​។ ប៉ុន្តែ ប្រជា​សហគមន៍​មិន​ជឿ​លើ​ការ​បកស្រាយ​នេះ​ទេ ហើយ​ពួកគាត់​នៅតែ​អះអាង​ថា ក្រុមហ៊ុន​ទាំងនេះ​កំពុង​កាប់​ឈើ និង​ធ្វើ​អាជីវកម្ម​ឈើ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​របស់​ពួកគាត់។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា​ថា ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក និង​ក្រុមហ៊ុន ភីអ៊ិនធី រួចរាល់​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ពី​ខាងក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ការចោទប្រកាន់​នោះ​ទេ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក យ៉ុង គឹមហឿង ប្រាប់​អាស៊ីសេរី​ថា រដ្ឋបាល​ខេត្ត​បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ ហើយ​មន្ទីរ​ជំនាញ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនេះ បាន​អនុវត្ត​ត្រឹមត្រូវ តាម​លិខិតអនុញ្ញាត​របស់​ក្រសួងកសិកម្ម​។ ទោះ​យ៉ាងណា លោក​បដិសេធ​ក្នុង​​ការ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​លទ្ធផល នៃ​ការស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន​ទាំងនេះ​ទេ ៖ «យើង​ផ្ដល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ តាម​អាជ្ញាប័ណ្ណ​គេ​យក​ក្នុង​តំបន់​ដែរ ច្បាប់​អនុញ្ញាត​គេ​អត់​មាន​យក​អ្វី​ក្រៅពី អាជ្ញាប័ណ្ណ​បាន​កំណត់​ទេ។ កាសែត​សារព័ត៌មាន គាត់​ទទួល​ព័ត៌មាន​មិន​ច្បាស់​ការណ៍ គាត់​ចុះ​ផ្ទុយ​ពី​ការពិត»

ការ​ចុះ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​នេះ គឺ​បន្ទាប់ពី​ក្រុម​សកម្មជន និង​ប្រជា​សហគមន៍ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ទាំងនោះ​កំពុង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់។

ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន អះអាង​ថា ពួកគេ​បាន​ប្រទះឃើញ​ឈើ​មូល​ធំៗ​ជាង ៥​រយ​ដើម (៥០០) ភាគច្រើន​ជា ដើម​ត្បែង និង​ដើម​ខ្លុង មានមុខ​កាត់ ២​តឹក​រហូតដល់ ៥​តឹក ប្រវែង ៥​ម៉ែត្រ​ឡើង​ទៅ ត្រូវ​គេ​កាប់​ចេញពី​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ដឹកជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ភីអ៊ិនធី​ជា​បន្តបន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម​។ ក្រុម​ប្រជា​សហគមន៍ និង​ពលរដ្ឋ​ឱ្យ​ដឹងទៀត​ថា ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤​គ្រឿង និង​មាន​រថយន្ត​កែច្នៃ​ជិត ១០​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ឈើ ពី​ខាងក្រៅ​ចូល​ក្នុង​ការដ្ឋាន​ជាង ១​សប្ដាហ៍​មក​ហើយ។ទោះ​យ៉ាងណា រដ្ឋបាល​ព្រៃឈើ​បាន​បំភ្លឺ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បង់ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ ដើម្បី​ប្រមូល​ឈើ​ក្នុង​អនុតំបន់ ២.៣ និង​អនុតំបន់ ៤ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអ៊ិនធី​(P.N.T Co., Ltd.)​។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ហើយ ហើយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​។ រដ្ឋមន្ត្រី​កសិកម្ម​រូប​​នេះ​អះអាង​ថា ការ​ចុះ​ពិនិត្យ​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ក៏​មាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ផង​ដែរ។

គំនរឈើរាប់រយដើម ដែលសហគមន៍ព្រៃឡង់ប្រទះឃើញ ក្បែរក្រុមហ៊ុនវៀតណាមភីអ៊ិនធី (PNT) ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២០។
គំនរឈើរាប់រយដើម ដែលសហគមន៍ព្រៃឡង់ប្រទះឃើញ ក្បែរក្រុមហ៊ុនវៀតណាមភីអ៊ិនធី (PNT) ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២០។ រូប​សហគមន៍

ប៉ុន្តែ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវណ្ណថាល់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​ថា លោក​ពុំបាន​ចូលរួម​ស៊ើបអង្កេត និង​ចុះ​ពិនិត្យ​ករណី​នេះ​នោះ​ទេ​៖ «មិន​រាយការណ៍​គឺជា កំហុស​មួយ​ដែរ​ក្នុង​នីតិវិធី ព្រោះ​គ្រប់​បទល្មើស​ទាំងអស់ ឱ្យ​តែ​កើតមានឡើង ត្រូវតែ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ច្បាប់ តម្រូវ​អ៊ីចឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ និង​សាកសួរ​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​។ លោក ស្រី វុឌ្ឍី គឺជា​អ្នកនាំពាក្យ​មួយរូប ដែល​អ្នក​សារព័ត៌មាន​តែង​ត្អូញត្អែរ​ថា ជា​មន្ត្រី​ដែល​ពិបាក​ទាក់ទង​សុំ​ព័ត៌មាន និង​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អ្នកនាំពាក្យ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។

ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី អះអាង​ថា ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ភីអ៊ិនធី ពុំ​មាន​ឈើ​ធំៗ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ មានតែ​ឈើ​ដែល​ដឹក​ចេញពី​ខាងក្រៅ​តែប៉ុណ្ណោះ​។ លោក​ថា កម្មករ​ក្រុមហ៊ុន​ទាំងនេះ បាន​លួច​កាប់​ឈើ​គ្រួសារ​របស់​លោក អស់​ជិត ១០​ដើម​ដែរ និង​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត បាន​បាត់បង់​ដើមឈើ​ធំៗ​ដុះ​តាម​ដីស្រែ​ចម្ការ ដែល​ពួកគេ​រក្សាទុក​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «គម្រោង​របស់​គេ គេ​ប្រមូល​ឈើ​ដែល​ប្រជាជន​ថែរក្សា នៅ​តាម​ស្រែចម្ការ ហើយ​គេ​កាប់​អស់​បាត់​ទៅ​ហើយ ឈើ​នៅ​តាម​ស្រែចម្ការ ដែល​សេសសល់​សម្រាប់​។ ឡាន​ដែល​គេ​ប្រើប្រាស់ ក្នុង​ក្រុមហ៊ុន មាន ៨​គ្រឿង តែ​ឡាន ១០​គ្រឿង​ជាង​ក្នុង​ហ្នឹង»

ក្រុមហ៊ុន ភីអ៊ិនធី (P.N.T Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨​ពាន់​ហិកតារ ( .៩០០) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០ ឆ្នាំ​។ ក្រុមហ៊ុន​នេះ មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)​។ ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ជាក់ស្ដែង​ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្តោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ថា យ៉ាងណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ថ្លែង​ថា លោក​គ្មាន​ជំនឿ​ថា ក្រសួងកសិកម្ម​នឹង​អាច​ដោះស្រាយ​សំណុំ​រឿង​នេះ ដោយ​យុត្តិធម៌​នោះ​ឡើយ ព្រោះ​បទល្មើស​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជំនាញ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល