សកម្មជនបរិស្ថានស្វាគមន៍គម្រោងរបស់រដ្ឋាភិបាល ដែលងាកទៅដោះស្រាយបញ្ហាបង្ហូរទឹកកខ្វក់នៅខេត្តព្រះសីហនុ បន្ទាប់ពីសង្គមស៊ីវិល សកម្មជនបរិស្ថាន និងពលរដ្ឋបាននាំគ្នារិះគន់ជាហូរហែថា ម្ចាស់អាជីវកម្មធំៗ ជាពិសេសអគារអាជីវកម្ម ដែលគ្រប់គ្រងដោយជនជាតិចិនតែងតែបង្ហូរទឹកស្អុយ និងកាកសំណល់ ចូលក្នុងសមុទ្រ។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន បានថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ ខែសីហា ថា ការងាកទៅដោះស្រាយបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុនេះ គឺជារឿងល្អមួយ និងបញ្ជាក់ថា រដ្ឋាភិបាលទទួលស្គាល់នូវបញ្ហាជាច្រើនដែលកំពុងតែកើតមាន នៅខេត្តទេសចរណ៍មួយនេះ។ ទន្ទឹមនឹងការស្វាគមន៍នេះ លោក អាឡិច ក៏បានលើកជាចម្ងល់ថា តើហេតុអ្វីបានជារដ្ឋាភិបាលបណ្ដោយឱ្យបញ្ហាទឹកកខ្វក់ដែលបណ្ដាលមកពីអាជីវកម្មធំៗកើតមាន ស្របពេលដែលរដ្ឋាភិបាលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់កែច្នៃទឹកកខ្វក់ទាំងនេះ៖ «មូលហេតុអ្វីដែលនៅតែអនុញ្ញាតឱ្យមានការសាងសង់សណ្ឋាគារ កាស៊ីណូ អគារគ្រប់ទីកន្លែង បើសិនជាទទួលស្គាល់ថា មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធដើម្បីគ្រប់គ្រងកាកសំណល់ មួយទៀតគឺស្នើឱ្យមានការសុំទោសជាសាធារណៈ និងផ្អាករាល់ការសាងសង់ដរាបណាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់កាកសំណល់ មិនទាន់សាងសង់រួចរាល់»។
លោក អាឡិច ចង់ឃើញរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីឃ្លាំមើលនូវចន្លោះប្រហោងនៃការអភិវឌ្ឍន៍ ដែលកំពុងកើតមាននៅខេត្តព្រះសីហនុ។
ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣ ខែសីហា បានថ្លែងថា ខេត្តព្រះសីហនុត្រូវការស្ថានីយចម្រោះទឹក ៤កន្លែង ទើបអាចច្រោះទឹកកខ្វក់បានទាន់ពេលវេលា ស្របពេលដែលកំណើននៃអ្នកវិនិយោគបានកើនឡើងយ៉ាងគំហុក ដែលបញ្ហានេះបង្កឱ្យខេត្តព្រះសីហនុខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធច្រោះទឹកកខ្វក់ មុនចូលទៅសមុទ្រ។
បញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនេះ ក៏ត្រូវបានសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិរិះគន់ថា បង្កផលប៉ះពាល់ខ្លាំង ដល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តទេសចរណ៍មួយនេះ។
គម្រោងបង្កើតស្ថានីយចម្រោះទឹកកខ្វក់នេះ រដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៧០លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងនឹងធ្វើការសិក្សាបន្ថែមទៀតទៅលើផែនការមេ និងគម្រោងយកប្រាក់ពីម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីយកទៅជួសជុល សាងសង់ និងថែទាំអាងចម្រោះទឹកកខ្វក់។
សេចក្ដីព្រាងនៃផែនការមេ បង្ហាញថា បរិមាណទឹកកខ្វក់នៅខេត្តព្រះសីហនុនៅឆ្នាំ ២០១៨ មានជិត ២៦ពាន់ម៉ែត្រគួបក្នុងមួយថ្ងៃ។ បរិមាណនេះនឹងកើនឡើងដល់ ៤៧ពាន់ម៉ែត្រគួបក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៣ និងកើនដល់ប្រមាណ ៦៤ពាន់ម៉ែត្រគួបក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។
ផែនការមេនេះ ក៏បញ្ជាក់ថា ខេត្តព្រះសីហនុត្រូវការស្ថាននីយប្រព្រឹត្តិកម្ម ឬកែច្នៃទឹកកខ្វក់ចំនួន ៤កន្លែង ដែលប្រើប្រាស់លូមេប្រវែង ១៥៧គីឡូម៉ែត្រ ដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទីមួយ នឹងត្រូវសាងសង់នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ គឺមានលទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន បួនម៉ឺនម៉ែត្រគួបក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។