ប្រពន្ធ​សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី​ទទូច​ដល់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​រក​យុត្តិធម៌​ដល់​ប្ដី

ប្រពន្ធ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ថា សាលាដំបូង​រតនគីរី​ដែល​បានសម្រេច​ឃុំខ្លួន​ប្ដី​លោកស្រី​ទាំង​គ្មាន​កំហុស​ជិត​ពីរ​ឆ្នាំ​មកនេះ បណ្ដាល​ឱ្យ​គ្រួសារ​លោកស្រី​រងទុក្ខ​វេទនា និង​ប៉ះពាល់​ការ​សិក្សា​កូនៗ ដូច្នេះ​លោកស្រី​ទទូច​ដល់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ស្វែងរក​ការពិត និង​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​ប្ដី​លោកស្រី​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​តែបើ​ការស៊ើបអង្កេត​លើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​តុលា​ការដែល​សម្រេច​ឃុំខ្លួន​លោក ឆន ផល្លា ព្រោះ​អង្គ​ជាតិ និង​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា នេះ​ជា​ការ​ឃុំខ្លួន​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់។

ប្រពន្ធ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺ​លោកស្រី ខាំ សាឡុង ស្នើ​ដល់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ឱ្យ​ពន្លឿន​នីតិវិធី និង​ផ្ដល់​យុត្តិធម៌​ដល់​ប្ដី​លោកស្រី​ដែល​កំពុង​ជាប់ឃុំ​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ ចំណែក​លោកស្រី​មិន​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​កូនៗ​លោកស្រី​បាន​នោះ​ទេ។

ជនជាតិ​ដើម​ទំពូន លោកស្រី ខាំ សាឡុង បាន​ឱ្យ​ដឹង​ថា ស្ថានភាព​សុខភាព​ប្ដី​របស់​លោកស្រី​នៅក្នុង​ពន្ធនាគារ​មាន​សភាព​កាន់តែ​ទ្រុឌទ្រោម និង​ត្រូវ​លេបថ្នាំ​ជាប់​ជាប្រចាំ ដោយសារតែ​លោក ឆន ផល្លា មាន​ជំងឺ​ប្រចាំ​កាយ​រួមមាន ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​តាំង​មុន​ជាប់ពន្ធនាគារ​។ អ្នកស្រី ខាំ សាឡុង ថា ចាប់តាំងពី​ប្ដី​ជាប់​ពន្ធនាគារ​មក លោកស្រី​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ និង​កូន​ទាំង​បី​នាក់​ឱ្យ​បន្ត​ការសិក្សា​បាន​នោះ​ទេ ព្រោះ​ថា លោកស្រី​ដើរ​ស៊ីឈ្នួល​មួយថ្ងៃ​ទទួល​បានតែ​២៥​ពាន់​រៀល។

លោកស្រី ខាំ សាឡុង៖ «ខ្ញុំ​ពិបាក​ដោយសារ​កូន​នៅ​តូចៗ ដោយសារ​ខ្ញុំ​ជំពាក់​គេ ព្រោះ​ខ្ញុំស្រី​អត់​ចេះ​រក​អី​លុយ​រក​កាក់ កាល​នៅ​គាត់​ហ្នឹង ដូច​ថា ខ្ញុំ​នៅ​សុខ​សប្បាយ ដូច​ថា​យើង​ចេះ​រកស៊ី​រក​អ៊ី​ដូចគ្នា ព្រោះ​ខ្ញុំ​ណា​គិត​ពី​គាត់​ផង ណា​គិត​ពី​កូន​រៀន​ផង សព្វគ្រប់​បែបយ៉ាង»។

លោកស្រី ខាំ សាឡុង ទទូច​ដល់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ឱ្យ​ច្រាល​ចោល​សាលក្រម​សាលាដំបូង​ខេត្ត​រតនគីរី ដើម្បី​ផ្ដល់​សេរីភាព និង​យុត្តិធម៌​ដល់​ប្ដី​លោកស្រី​ដែល​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​មន្ត្រី​មូលដ្ឋាន។ លោកស្រី ខាំ សាឡុង ស្នើ​ដល់​តុលាការ​ពន្លឿន​សវនាការ និង​ទាមទារ​ឱ្យ​ដើមបណ្ដឹង​ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន​មក​ឆ្លើយតប និង​ផ្ដល់​ភស្តុតាង​ដែល​ចោទ​ថា ប្ដី​លោកស្រី​បាន​ប្រព្រឹត្ត​បទល្មើស។

លោកស្រី ខាំ សាឡុង៖ «ខ្ញុំ​ថា​ប្រហែល​ខ្ញុំ​បាន​សង្ឃឹម ខាង​តុលាការ​ត្បូងឃ្មុំ​ព្រោះ​គាត់​បាន​លើកលែង​មួយ​រឿង​ហើយ ព្រោះ​រឿង​គេ​ចោទ​អត់​ពិត ដូច​យុត្តិធម៌​តុលាការ​ហ្នឹង គាត់​ជឿ​ទៅ​តាម​ការ​ពិត អត់​ដូច​គេ​ចោទ​ប្រកាន់​ទេ ព្រោះ​ខ្ញុំ​កាល​មុន​បាន​ជោគជ័យ​មួយ​រឿង​ហើយ»។

គិត​ត្រឹម​ថ្ងៃទី​២១ ខែ​សីហា លោក ឆន ផល្លា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី អស់​រយៈពេល​៧០០ ថ្ងៃ ខណៈ​ដែល​កូន​ទាំង ៣​នាក់​កំពុង​រៀន។ លោក ឆន ផល្លា ដែល​មាន​វ័យ​៤៣​ឆ្នាំ រស់​នៅ ភូមិ​នៅ​សមុត្រក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​តាំងពី​ឆ្នាំ​២០១៦​មក។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាលស្រុក​លំផាត់ លោក នូ ថេ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ផុន ខេមរិន ដែល​ជា​ដើមបណ្ដឹង​ប្ដឹង​លោក ឆន ផល្លា បាន​ទេ នៅ​ថ្ងៃទី២១ ខែ​សីហា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ឱ្យ​ដឹង​ថា លោក ឆន ផល្លា គឺជា​ពលរដ្ឋ​សកម្ម​មួយ​រូប​ដែល​បាន​ចំណាយ​ពេលវេលា ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការ​ចូល​រួម​ការពារ​ធនធាន​ព្រៃឈើ ជាពិសេស​លោក​ជា​អ្នក​ហ៊ាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់​មេភូមិ មេឃុំ អភិបាល​ស្រុក និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី ដែល​ចូលរួម និង​បណ្ដែតបណ្ដោយ​ឱ្យ​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ លោក ស៊ឹង សែនករុណា ថា​មន្ត្រី​ទាំង​នោះ ប្ដឹង​ត្រលប់​ទៅ​លោក ឆន ផល្លា ជា​វិញ។

លោក ស៊ឹង សែនករុណា៖ «ការ​ធ្វើសកម្មភាព​ទាំងអស់​នោះ វា​ប៉ះពាល់​ទៅដល់ ក្រុម​ឈ្មួញ​ឬ​ឧក្រិដ្ឋជន​មួយចំនួន​ហើយក៏​មានការ​គប់គិត​ជាមួយ​ក្រុម​អាជ្ញាធរ​មួយចំនួន​ផង​ដែរ ហើយ​កាលណា​ប៉ះពាល់​ដល់​ក្រុម​ឈ្មួញ​ឈើ​ខិលខូច​ក្រុម​អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ ក្រុម​អ្នក​បំផ្លាញ​ធនធានធម្មជាតិ​ដីធ្លី​ទាំងអស់​នេះ គេ​មិន​សប្បាយចិត្ត​ដូច​ច្នេះ​ហើយ​គេ​បាន​ប្ដឹងផ្ដល់​គុំកួន​លោក ឆន ផល្លា ដាក់​ទៅ​តុលាការ»។

លោក ស៊ឹង សែនករុណា បន្ថែម​ថា អង្គការ​ជាតិ និង​អន្តរជាតិ​បាន​ស្នើ​ឱ្យ​ដោះលែង លោក ឆន ផល្លា ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក​ថា កន្លងទៅ​ថ្មីៗ​នេះ​សមាគម​អាដហុក​បាន​យក​ករណី​លោក ឆន ផល្លា លើក​ឡើង​ទៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​នោះ​ទេ។

លោក ឆន ផល្លា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ហើយ​សាលាដំបូង​ខេត្តរតនគិរី ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ​រូប​នេះ ដាក់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ក្រោម​បទ​ចោទ «​កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​» ប៉ុន្តែ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា បាន​ប្រកាស​ច្រានចោល​សាលក្រម និង​ថា លោក ឆន ផល្លា មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់។

ទោះជា​យ៉ាងណា លោក ឆន ផល្លា ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ប្រកាស​សាលក្រម​លើ​ករណី​ទី​២ ដោយ​ផ្ដន្ទាទោស​លោក ឆន ផល្លា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ពី​បទ «​ផ្ដើមគំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​» ដដែល បើ​ទោះ​ជា​នៅក្នុង​សវនាការ​តុលាការ​មិនបាន​រក​ឃើញ​កំហុស​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ក៏ដោយ។

បើ​តាម​មេធាវី លោក ឆន ផល្លា ថា សាលាឧទ្ធរណ៍​ខេត្ត​ត្បូង​ឃុំ​សម្រេច​ពន្យារ​សវនាការ​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ទៅ ថ្ងៃទី​៤ ខែ​កញ្ញា ខាងមុខ។

ការិយាល័យ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការចោទប្រកាន់ និង​ឃុំខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ហើយ​ចាត់ទុក​សកម្មភាព​នេះ​ថា ជា​ការ​គំរាមកំហែង និង​រំលោភ​លើ​សិទ្ធិ​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។