សហគមន៍ព្រៃឡង់បារម្ភខ្លាចសត្វព្រៃត្រូវផុតពូជបន្ទាប់ពីឃើញឧបករណ៍ចាប់សត្វជាច្រើន
2016.12.28

ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះវាសនាសត្វព្រៃ ថានឹងអាចថយចុះបន្តិចម្តងៗ ហើយនឹងឈានទៅផុតពូជនៅពេលខាងមុខ។ ក្តីបារម្ភនេះ ក្រោយពេលប្រជាសហគមន៍ បាននាំគ្នាចុះល្បាតរយៈពេល ៥ថ្ងៃ ដោយប្រទះឃើញអន្ទាក់ដាក់សត្វព្រៃរាប់រយខ្សែ ព្រមទាំងឃើញអាវុធកែច្នៃកាន់តែច្រើននៅក្នុងតំបន់ព្រៃការពារមួយនេះ។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ គឺយល់ស្របចំពោះក្តីបារម្ភរបស់សហគមន៍ដែរ។
អន្ទាក់សម្រាប់ដាក់សត្វព្រៃប្រមាណ ៥០០ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែង ២ ទៅ ៣ម៉ែត្រ ព្រមទាំងកាំភ្លើងកែច្នៃ និងឧបករណ៍បរបាញ់សត្វមួយចំនួន ត្រូវបានក្រុមអ្នកចុះល្បាតព្រៃឡង់ខេត្តកំពង់ធំ រឹបអូសពីក្រុមជនល្មើស និងធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់សកម្មភាពប្រមាញ់សត្វព្រៃបន្តទៀត។
ប្រជាសហគមន៍ការពារព្រៃឡង់នៅខេត្តកំពង់ធំ កត់សម្គាល់ថា រយៈពេលចុះល្បាតព្រៃ ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ធ្នូ បទល្មើសកាប់បំផ្លាញព្រៃឈើហាក់ស្ងប់ស្ងាត់បន្តិច ដោយមិនឃើញមានស្នាមកាប់ឈើថ្មីៗទេ ប៉ុន្តែរូបភាពប្រមាញ់សត្វព្រៃ គឺមានច្រើន។
សកម្មជនការពារព្រៃឡង់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា អាវុធកែច្នៃទាំងនោះពុំមែនសម្រាប់តែបាញ់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែវាជាការគំរាមកំហែងដល់ប្រជាសហគមន៍ ឬមន្ត្រីអាជ្ញាធរក្នុងពេលចុះល្បាតព្រៃទៀតផង។ លោកឲ្យដឹងទៀតថា សត្វព្រៃដែលក្រុមជនល្មើសដាក់អន្ទាក់ ឬបាញ់បាន រួមមានជ្រូកព្រៃ ឈ្លូស ជាដើម ត្រូវបានយកទៅលក់បន្តឲ្យឈ្មួញ ឬម៉ូយនៅតាមទីផ្សារ និងលក់ខ្លួនឯងដោយតម្លៃ ១គីឡូក្រាម ១៥.០០០រៀល ទៅជាង ២ម៉ឺនរៀល៖ «យើងឃើញគ្រប់រោង ឲ្យតែយើងឆែកឆេរទៅ គឺឃើញយ៉ាងហោចណាស់មានកាំភ្លើងខ្យល់មួយដើម ហើយដង្ហក់ ឬស្នាកេះហ្នឹង វាមានពីរបីគ្រឿងដែរ»។
សកម្មជនការពារព្រៃឡង់ដដែល ស្នើឲ្យអាជ្ញាធរ គប្បីចុះស៊ើបអង្កេតតាមមូលដ្ឋានផ្ទាល់ ដើម្បីប្រមូលយកអាវុធកែច្នៃពីពលរដ្ឋ និងអប់រំពួកគេឲ្យបញ្ឈប់សកម្មភាពទាក់សត្វបន្តទៀត។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី២៨ ធ្នូ ថា បញ្ហាប្រើប្រាស់អាវុធកែច្នៃនេះ ក៏ជាក្តីបារម្ភរបស់មន្ត្រីជំនាញដែរ។ លោកអះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ធំ គឺថយចុះច្រើនតាំងតំបន់ព្រៃឡង់ត្រូវបានដាក់ជាតំបន់ព្រៃការពារ កាលពីខែឧសភា ប៉ុន្តែថ្មីៗនេះ បទល្មើសទាក់ ឬបាញ់សត្វព្រៃ បែរជាកើតឡើងវិញ។ លោកបន្ថែមថា ពាក់ព័ន្ធបញ្ហាអាវុធកែច្នៃ លោកធ្លាប់បានស្នើទៅអាជ្ញាធរខេត្តឲ្យចាត់វិធានការ ពីព្រោះមានអាវុធកែច្នៃខ្លះអាចបាញ់បានរហូតសត្វដំរីទៀតផង៖ «បញ្ហាប្រឈមខ្ញុំក៏បានដាក់ទៅអាជ្ញាធរខេត្ត ដែលមានប៉ូលិស ប៉េអិម ដែលនៅជិតតំបន់ហ្នឹងធ្វើការប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហើយឲ្យគាត់ប្រមូលអាវុធកែច្នៃប្រគល់ឲ្យសមត្ថកិច្ច»។
លោក តុប កក្កដា បញ្ជាក់ថា ក្នុងរដូវប្រាំងនេះ ខាងលោកនឹងរៀបចំកងកម្លាំងពិសេសសម្រាប់ឃ្លាំមើលក្រុមជនល្មើស ទាំងអ្នកចូលទៅកាប់ឈើ និងបរបាញ់សត្វនៅកណ្ដាលព្រៃតែម្តង បើទោះបីជាកម្លាំងជំនាញត្រូវជួបប្រទះបញ្ហាប្រឈមមួយចំនួនក៏ដោយ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញព្រៃឡង់ទាំងបួនខេត្ត លោក សេង សុខហេង មើលឃើញថា បទល្មើសប្រើប្រាស់អាវុធកែច្នៃ និងដាក់អន្ទាក់សត្វ គឺកើតមានជុំវិញតំបន់ព្រៃការពារទាំងមូល។ លោកថា កន្លែងខ្លះមានទាំងការដាក់អន្ទាក់សត្វដោយប្រើខ្សែភ្លើងឆក់ ដែលធ្វើឲ្យប៉ះពាល់ដល់ពពួកសត្វព្រៃជិតផុតពូជ ជាដើម៖ «ខ្ញុំថាអាជ្ញាធរគ្រប់ខេត្តទាំងបួនហ្នឹង គួរតែផ្សព្វផ្សាយ និងដកហូតអាវុធកែច្នៃហ្នឹងឲ្យបានគ្រប់ខេត្តទាំងអស់»។
លោក សុខហេង យល់ថា ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃបន្តទៀត អាជ្ញាធរអាចអនុវត្តនៅក្នុងព្រៃផ្ទាល់តាមរយៈការធ្វើកិច្ចសន្យា ឬអនុវត្តតាមច្បាប់ ហើយត្រូវមានវិធានការលើក្រុមឈ្មួញដែលទទួលទិញសត្វព្រៃពីអ្នកបរបាញ់ ជាដើម៕