ឈើបាតអាងដែលអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ធ្លាប់តែអះអាងថា ត្រូវដុតចោលនេះ ពេលនេះមានក្រុមហ៊ុនក្នុងស្រុកអះអាងទទួលបានសិទ្ធិដើម្បីកែច្នៃឈើទាំងនោះ សម្រាប់នាំចេញទៅលក់នៅប្រទេសវៀតណាម។
ស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ ស្វាគមន៍ការវិនិយោគនេះ ប៉ុន្តែសង្គមស៊ីវិល ទាមទារឲ្យមានការត្រួតពិនិត្យសកម្មភាពនេះច្បាស់លាស់ ជៀសវាងការកេងបន្លំរបស់របស់ឈ្មួញខិលខូច។
បន្ទាប់ពីទទួលបានសិទ្ធិកែច្នៃឈើពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅពេលនេះ អ្នកម៉ៅការនាំចូលស៊ីម៉ងត៍សាងសង់ទំនប់នេះ កំពុងរៀបចំឯកសារសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាល។ តំណាងក្រុមហ៊ុនអះអាងថា ឈើតំបន់បាតអាងជាប្រភេទឈើមិនជាប់លំដាប់ថ្នាក់ឈើច្នៃនេះ ត្រូវនាំចេញយកទៅលក់នៅប្រទេសវៀតណាម។
អ្នកម៉ៅការនាំចូលស៊ីម៉ងត៍ដែលទទួលបានសិទ្ធិកែច្នៃឈើ គឺលោក សួស ប៊ុណ្ណារិទ្ធិ ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ថា គម្រោងវិនិយោគនេះត្រូវចំណាយទឹកប្រាក់ជាង ២លានដុល្លារសហរដ្ឋអាមេរិក ហើយលោកកំពុងកែច្នៃឡាន និងសាងសង់រោងចក្រ។ លោកបន្តទៀតថា នៅពេលគម្រោងដំណើរការឡានរបស់លោកដឹកស៊ីម៉ងត៍ចូលការដ្ឋានសាងសង់ទំនប់ និងត្រូវដឹកឈើចេញពីបាតអាង៖ «សម្ដេចមកពីម៉ាឡេស៊ី វិញ យើងដាក់សំណើទៅសម្ដេច បើសម្ដេចអនុញ្ញាត យើងបានក្រុមហ៊ុនបី»។
តាមគម្រោង ឈើច្នៃទាំងនោះលក់ចេញក្នុងតម្លៃប្រមាណពី ១០០ ទៅ ២០០ដុល្លារក្នុងទម្ងន់មួយតោន។ ក្រុមហ៊ុនអះអាងថា មិនបង់លុយតាមផ្លូវដូចឡានដឹកឈើរបស់អ្នកជំនួញផ្សេងៗទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីតំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លោក កៅ វ៉ាងអ៊ីវ បានទេនៅថ្ងៃទី២៧ ខែមេសា។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ និយាយថា លោកមិនទាន់ទទួលព័ត៌មានថា មានក្រុមហ៊ុនកែច្នៃឈើបាតអាងនៅឡើយទេ។ ក្រៅពីនេះ លោកអភិបាលរងខេត្តបដិសេធព័ត៌មានដែលថា មានកុងត្រូលជជុះកាក់លុយពីឡានដឹកឈើ។ លោកបញ្ជាក់ថា ប្រសិនបើការដឹកជញ្ជូននោះមានច្បាប់ត្រឹមត្រូវ គ្មានសមត្ថកិច្ចណាហ៊ានមកប៉ះពាល់ឡើយ៖ «បើក្រុមហ៊ុនគាត់មានច្បាប់ត្រឹមត្រូវ គ្មានអ្នកណាគេធ្វើអីគាត់ទេ»។
ឈើបាតអាងជាប្រធានបទក្តៅមួយដែលមានសាធារណជនតាមឃ្លាំមើល ក្នុងពេលសាងសង់ទំនប់អគ្គិសនី ស្របពេលដែលអាជ្ញាធរ និងក្រុមហ៊ុននេះកន្លងមកអះអាងថា ឈើបាតអាងត្រូវដុតកម្ទេចចោល ប៉ុន្តែពេលនេះបែរជាមានឈើប្រណីតជាច្រើនមាននៅទីនោះទៅវិញ។ តំបន់ផ្ទៃបាតអាងជាកន្លែងសម្រាប់ផ្ទុកទឹករបស់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំហំ ៣៦.០០០ហិកតារ។ តំបន់បាតអាង ត្រូវគេសម្អាតឲ្យរាបស្មើ ដោយកាប់ព្រៃឈើនៅតំបន់នោះចេញ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកក៏មិនដឹងរឿងនេះនៅឡើយទេ ប៉ុន្តែលោកថា មុននឹងឯកសារព្រមព្រៀងនេះមកដល់ទីស្ដីការគណៈរដ្ឋមន្ត្រី លុះត្រាឆ្លងកាត់ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ជាមុនសិន។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះស្វាគមន៍ចំពោះការវិនិយោគណាដែលមិនបំផ្លាញបរិស្ថាន និងប្រយោជន៍ជាតិ៖ «ការសុំអាជ្ញាប័ណ្ណ គឺសុំទៅក្រសួងសាមី និងក្រសួងពាក់ព័ន្ធ ចុងក្រោយបានមកដល់ការិយាល័យខ្ញុំ»។
ចំណែកអ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តស្ទឹងត្រែង លោក ហូ សំអុល ស្នើឲ្យការវិនិយោគនេះធ្វើឡើងត្រឹមត្រូវ ដែលមិនមែនជាជំនួញឈើប្រណីតក្រោមរូបភាពដឹកឈើស្របច្បាប់នោះទេ៖ «ខ្លាចគេប្រើរូបភាពថាគេយកតំបន់ផ្សេងធ្វើជាឈើបាតអាងវិញ»។
តំណាងក្រុមហ៊ុនច្នៃឈើ លោក សួស ប៊ុណ្ណារិទ្ធិ ថា ក្រុមហ៊ុនលោកឋិតក្នុងចំណុះរបស់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង។ លោកថា ថ្មីៗនេះក្រោយទទួលបានសិទ្ធិច្នៃឈើ ក្រសួងពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច បានចុះមកពិនិត្យដល់ទីតាំងរួចហើយ។ ក្រៅពីនេះ លោក សួស ប៊ុណ្ណារិទ្ធិ ស្នើកុំឲ្យមានកុងត្រូលជជុះកាក់យកលុយឡានរបស់លោកពេលនាំឈើចេញពីតំបន់បាតអាងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។