ក្រុមយុវជនស្នើដល់រដ្ឋាភិបាលលុបចោលអនុក្រឹត្យកាត់ដីឧទ្យានជាតិគិរីរម្យជាង ២រយហិកតារឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិរក្សតំបន់ការពារ និងធនធានធម្មជាតិឱ្យនៅយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ សំណើនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀលដីឧទ្យានជាតិនេះឱ្យទៅក្រុមហ៊ុន វ៉នម៉រ (One More) ដែលមានមុខជំនួញស្និតនឹងគ្រួសារត្រកូលហ៊ុន។
ក្រុមយុវជនការពារព្រៃឈើ និងធនធានធម្មជាតិបារម្ភថា បើរដ្ឋាភិបាលមិនលុបចោលការកាត់ដីឱ្យក្រុមហ៊ុនឯកជនបន្តទៀត នោះនឹងបង្កផលប៉ះពាល់ដល់មុខរបរពលរដ្ឋ សង្គម និងសម្បត្តិធម្មជាតិ។ ពួកគេស្នើដល់រដ្ឋាភិបាលលុបអនុក្រឹត្យផ្តល់ដីឧទ្យានជាតិគិរីរម្យឱ្យក្រុមហ៊ុន វ៉នម៉រ រួមទាំងបញ្ឈប់ការឆ្វៀលដីរដ្ឋបន្តទៀត។
យុវជនខ្មែរថាវរៈដែលសកម្មចេញមុខការពារបរិស្ថានលោក ស្វាយ សំណាង ថ្លែងថា លោកមិនពេញចិត្តចំពោះរដ្ឋាភិបាលសម្រេចកាត់ដីក្នុងទំហំរាប់រយហិកតារនៅតំបន់ឧទ្យានជាតិគិរីរម្យដែលអតីតព្រះមហាក្សត្រខ្មែរខិតខំការពារកន្លងមក បែរជាប្រគល់ឱ្យក្រុមហ៊ុនអ្នកមានលុយមានអំណាចនោះទេ។ លោកបារម្ភថា ការប្រគល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង ឬវិនិយោគដោយមិនបានសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមជាមួយភាគីពាក់ព័ន្ធឱ្យបានស៊ីជម្រៅទេនោះ គឺជៀសមិនផុតពីសកម្មភាពដាក់គ្រឿងចក្រចូលឈូសបំផ្លាញព្រៃដូចក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ឈូសព្រៃតំបន់ភ្នំតាម៉ៅនោះឡើយ។ លោកស្នើដល់រដ្ឋាភិបាលគួរពិចារណារឿងនេះឡើងវិញមុនពេលក្រុមហ៊ុនចុះអនុវត្តគម្រោងខាងមុខនេះ។
លោក ស្វាយ សំណាង៖ «ការកាត់ឆ្វៀលដីកន្លងមកនៅក្នុងដីអភិរក្ស ការកាត់ដីរបស់រដ្ឋជូនក្រុមហ៊ុនឯកជននេះ វាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ជីវៈចម្រុះ ជាពិសេសធនធានធម្មជាតិ ព្រៃឈើទាំងអស់ហ្នឹង។ ត្រូវលុបអនុក្រឹត្យហ្នឹងចេញ ពីព្រោះថា វាប៉ះពាល់ជីវចម្រុះ និងព្រៃឈើនៅក្នុងហ្នឹងវាជាតំបន់កាត់ឆ្វៀលនោះជាកន្លែងដែលមានព្រៃឈើ ហើយខ្ញុំនៅតែព្រួយបារម្ភថាមិនគួរណាកាត់ឆ្វៀលដីឱ្យក្រុមហ៊ុននោះទេ ពីព្រោះក្រុមហ៊ុននឹងអភិវឌ្ឍ និងឈូសឆាយហើយ»។
លោក ស្វាយ សំណាង ឱ្យដឹងថា ក្រុមយុវជនខ្មែរថាវរៈនឹងនាំគ្នាផ្ដិតមេដៃធ្វើយុទ្ធនាការចេញដាក់ញត្តិដើម្បីស្នើដល់រដ្ឋាភិបាលបញ្ឈប់ការកាត់ឆ្វៀលដីតំបន់ការពារ ឬឧទ្យានជាតិបន្តទៀត ដើម្បីថែរក្សាសម្បត្តិរបស់រដ្ឋ និងការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
សំណើរបស់ក្រុមយុវជនទាំងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានចុះហត្ថលេខាកាត់ឆ្វៀលដីទំហំជាង ២រយហិកតារ (២២១.៩៤) ចេញពី ឧទ្យានជាតិព្រះសុរាម្រិត ឬហៅថាឧទ្យានជាតិគិរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ដីនោះឱ្យទៅក្រុមហ៊ុន វ៉នម៉រ ។ ម្ចាស់ក្រុមហ៊ុននេះ គឺអ្នកស្រី ជឹង សុគន្ធាវី ដែលជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ។ អ្នកស្រី និងក្រុមគ្រួសារ គឺជាដៃគូជំនួញស្និតជាមួយគ្រួសារត្រកូលហ៊ុន ជាពិសេសកូនស្រីបង្កើតលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែមករា។
ប៉ុន្តែអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែមករា ថាអាជ្ញាធរខេត្តមិនចុះដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធរដ្ឋាភិបាលកាត់ដីតំបន់ឧទ្យានជាតិគិរីរម្យឱ្យក្រុមហ៊ុនវ៉នម៉រនៅឡើយទេ។ យ៉ាងណាលោកអះអាងថា ក្រុមហ៊ុនវ៉នម៉រនឹងយកដីនោះទៅអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថាននោះទេ។
លោក វ៉ី សំណាង៖ «នៅតំបន់គិរីរម្យ បូកគោនេះយើងគ្រាន់តែជួលតើឱ្យគាត់(ក្រុមហ៊ុន)ធ្វើវិស័យទេសចរណ៍ វាមិនបានកាត់ដីទៅឱ្យឯណា មិនបាត់បង់ដីទៅណា ខ្ញុំគិតថា បងប្អូនមិនគួរទោមនស្សទៅដល់រឿងហ្នឹងពេកដែរ»។
ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់ដោយព្រះរាជក្រឹត្យ មានផ្ទៃដីជាង ៣ម៉ឺន ៥ពាន់ហិកតារ (៣៥.០០០ហិកតារ)។ ប៉ុន្តែកាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀល ទីតាំងឧទ្យានជាតិមួយផ្នែកធំ ជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន ២ ដើម្បីវិនិយោគរយៈពេលយូរឆ្នាំ ក្នុងនោះក្រុមហ៊ុនមួយជារបស់ឧកញ៉ា សុខ គង់ ដែលជាអ្នកជំនួញស្និទ្ធនឹងលោក ហ៊ុន សែន។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន លើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលនេះ មិនឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងកិច្ចការពារធនធានធម្មជាតិឡើយ ជាពិសេស ធ្វើឱ្យប៉ះពាល់ ដល់ទឹកចិត្តអ្នកការពារ ធនធានធម្មជាតិ។ យុវជនរូបនេះបន្តថា ពេលក្រុមហ៊ុនចុះអនុវត្តគម្រោង នៅថ្ងៃខាងមុខ ព្រៃឈើក្នុងឧទ្យានជាតិនឹងរងការបំផ្លាញដែលនាំមកនូវផលប៉ះពាល់ជាច្រើន។
លោក អូត ឡាទីន៖ «បើសិនការសម្រេចបែបនេះផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាទូទៅនៅក្នុងប្រទេសរបស់យើង និងប្រជាជនមូលដ្ឋាននៅទីនោះស្រាប់វាមិនជាបញ្ហាចោទទេ ប៉ុន្តែអ្វីជាបញ្ហាចោទគឺផលប្រយោជន៍ទទួលបានតែក្រុមហ៊ុនឯកជន លើក្រុមអ្នកមានអំណាច អ្នកមានធនធានស្រាប់ហើយ ហើយប្រជាពលរដ្ឋយើងនៅរងផលប៉ះពាល់ដដែល នេះជាបញ្ហាខ្លាំង»។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលបានបង្កើនសកម្មភាពពុះច្រៀកតំបន់អភិរក្សដោយមិនប្រក្រតី និងខ្វះតម្លាភាព។ ពួកគេបារម្ភថា ព្រៃឈើ និងជីវចម្រុះនៅក្នុងតំបន់អភិរក្សទាំងនោះនឹងកាន់តែរួមតូចដោយសារការឈូសបំផ្លាញពីសំណាក់ក្រុមហ៊ុនឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។