ក្រុមយុវជននិង​សកម្មជន​​ព្រៃឈើ​​រៀប​ចំ​​យុទ្ធនាការ​​តស៊ូមតិ​ការពារ​​ព្រៃឈើ​លើ​​បណ្តាញ​សង្គម​

ដោយ មាន ឫទ្ធិ
2021.03.14
ក្រុមយុវជននិង​សកម្មជន​​ព្រៃឈើ​​រៀប​ចំ​​យុទ្ធនាការ​​តស៊ូមតិ​ការពារ​​ព្រៃឈើ​លើ​​បណ្តាញ​សង្គម​ លោក សាន់ ម៉ាឡា សមាជិក​បណ្តាញ​យុវជនកម្ពុជា (CYN) លើកឡើង​ថា យុទ្ធនាការ​ប្តូរប្រូហ្វីល ហ្វ្រេម (Profile Frames) នៅ​លើ​ហ្វេសប៊ុក (Facebook) ជា​ផ្នែកមួយ​នៃការ​តស៊ូមតិ​លើ​បណ្តាញ​សង្គម។
រូប៖ ហ្វេសប៊ុក លោក Mala San (សាន់ ម៉ាឡា)

ក្រុមយុវជន​សកម្មជន​ព្រៃឈើ បង្កើត​​យុទ្ធនាការ​ប្តូរប្រហ្វីល​ ហ្វ្រេម​ (Profile Frames) ហ្វេសប៊ុក ​(Facebook)​ ដែល​សរសេរ​ថា​ «​សូមឃាត់អ្នកកាប់ ​កុំចាប់អ្នក​ការពារ​ព្រៃឈើ»​ ដែល​​ចែក​​រំលែក​​​នៅ​លើ​​​ទំព័រ​ហ្វេសប៊ុក​​​ឈ្មោះ ​«រក្សាទុកព្រៃ​ព្រះរការ» ​(SAVE PREY PREAH ROKA)។​

សមាជិក​បណ្តាញ​យុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា លើកឡើង​ថា យុទ្ធនាការ​ប្តូរប្រូហ្វីល ហ្វ្រេម (Profile Frames) នៅ​លើ​ហ្វេសប៊ុក (Facebook) ជា​ផ្នែកមួយ​នៃការ​តស៊ូមតិ​លើ​បណ្តាញ​សង្គម។ លោក​ថា យុទ្ធនាការ​នេះ​មាន​រយៈពេល​បីខែ ចាប់​ពី​ខែមីនារហូត​ដល់​ខែឧសភា ហើយយុទ្ធនាការ​នេះ​បង្កើត​ឡើង​ក្នុង​​គោលបំណង​​ឆ្លើយតប​​សកម្មភាព​​រារាំង ​រឹតត្បិត​ របស់​​ក្រសួង​បរិស្ថាន​ដែល​មិន​អនុញ្ញាតឱ្យ​សហគមន៍​មូលដ្ឋាន សកម្មជនព្រៃឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល អាច​ចូល​ល្បាត​ព្រៃ ដើម្បី​រៀប​ចំប្រមូលព័ត៌មាន និង​ភស្តុតាង​ពី​បទ​ល្មើស​ព្រៃឈើ រួម​ទាំង​កម្មវិធី​បំបួស​ឈើ​ជាដើម។ ក្រៅ​ពី​ប្តូរ​ប្រូហ្វីល ហ្រ្វេម នៅ​លើ​ហ្វេសប៊ុក ក្រុមយុវជន​ក៏​មាន​សកម្មភាពរៀបចំ​កាន់​ផុសស្ទ័រ ថតរូបបង្ហោះ រចនារូបថត ផលិតវីដេអូ បែបតស៊ូមតិ និងមាន​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ម្ចាស់ជំនួយ ដើម្បី​ឱ្យ​ក្រសួង​បរិស្ថាន​គិតពិចារណា​ឡើងវិញ៖ «ឱ្យក្រសួង​បរិស្ថាន​គាត់​ធ្វើការ​កំណែ​ទម្រង់ បើ​មិន​អ៊ីចឹង​ទេប្រហែល​ត្រូវនាំគ្នា តស៊ូមតិដាក់ញត្តិ ទាមទារ​ឱ្យ​អង្គការ​ម្ចាស់​ជំនួយ​របស់ក្រសួងបរិស្ថាន ដូចជា USAID, EU ជា​ដើម​ធ្វើការ​ពិចារណា​ថា​ តើ​គួរគាំទ្រសកម្មភាព​របស់​ក្រសួង​បរិស្ថាន​ទៀត​ឬយ៉ាងណា »

លោក អ៊ូច ឡេង និង​​សកម្មជន​​ការពារ​​ព្រៃឈើ​​ ៣នាក់​ ទៀតកាល​ពី​​ដើម​ឆ្នាំ២០២០ ក៏​​ធ្លាប់​​ត្រូវ​​បាន​​សមត្ថកិច្ច​​និង​​សន្តិសុខ​​ក្រុមហ៊ុន (Think Biotech) បាន​​ចាប់​ឃាត់​​ខ្លួន​​សាក​សួរ​​អស់​​រយៈពេល​ ៣ថ្ងៃ ដោយ​សារ​​ពួកគេ​ចុះ​​ស៊ើបអង្កេត​​អាជីវ​កម្ម​​ឈើ​​ខុសច្បាប់​​នៅ​តំបន់​នោះ។ ប៉ុន្តែ​​តំណាង​​អយ្យការ​ខេត្តក្រចេះ បាន​​ដោះលែង​​ពួក​គេ​​វិញ ក្រោយ​ពេល​​បង្ខំ​​ឲ្យ​​ចុះ​​កិច្ច​សន្យា​​ឈប់​ការពារ​​ព្រៃឈើ និង​​ក្រោយ​ពី​​មាន​​ការតវ៉ា​​តាម​ដងផ្លូវ​ពី​សំណាក់​ព្រះសង្ឃ សកម្មជន និង​​មន្ត្រី​អង្គការ​​សង្គមស៊ីវិល។ កាលពី​ដើម​ខែកុម្ភៈ មន្រ្តី​បរិស្ថានខេត្តក្រចេះបាន​ឃាត់​ខ្លួនលោក អ៊ួច ឡេង និង​សកម្មជន​ការពារ​ព្រៃឈើ ប្រជាសហគមន៍​ ៩នាក់​ ទៀត ដើរ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ ព្រមទាំងនាំគ្នា​ដើរ​បំបួស​ដើមឈើ និង​ដាក់​ស្លាក​សញ្ញា​តាម​ឈើក្រោយ​មក​ដោះលែងមកវិញ។

ជុំវិញ​រឿង​នេះ អាស៊ីសេរី​មិន​អាច​ទាក់ទង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យក្រសួង​បរិស្ថានលោក នេត្រ ភក្រ្តា ដើម្បី​សាក​សួរ​ព័ត៌​មាន​​នេះបានទេ នៅថ្ងៃទី១៣ ខែមីនា។ ប៉ុន្តែលោក នេត្រ ភក្រ្តា ធ្លាប់​អះអាង​ថា អ្វី​ដែល​ក្រសួងបរិស្ថានបាន​ធ្វើ និង​មាន​វិធានការ​លើស​កម្មជន​ព្រៃឈើ​​ជា​ការ​អនុវត្ត​ច្បាប់។ លោកឱ្យដឹងទៀត​ថា ​ក្រសួងបរិស្ថាន​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​លើ​សកម្មភាព​របស់ក្រុម​សកម្មជន​ព្រៃឈើ ព្រោះ​កន្លង​មក​មាន​សកម្មជន​មួយ​ចំនួន​គ្មាន​ភាពស្មោះត្រង់​ជាមួយ​ក្រសួង​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​នោះទេ៖ «កន្លង​ទៅ​យើង​ផ្តល់​កិច្ច​សហការ ក៏​ប៉ុន្តែ​កិច្ច​សហការ របស់​គាត់​បែរទៅជា​ចាប់ដៃ​ជាន់ជើង​វិញ ឬ​ក៏​បង្ហាញ​ភាព​មិន​ស្មោះត្រង់​ នូវកិច្ច​​សហប្រតិបត្តិការ​នេះ ដែល​នេះ​យើង​មិន​អាច​ទទួល​យក​បានទេ ចាំបាច់យើង​ត្រូវការ​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​ត្រូវការ​ដៃគូ​ដែល​ស្មោះត្រង់​មិនមែនដៃគូ​ដែល​ចាប់ដៃ​ជាន់ជើង​នោះទេ»

យុវជនរស់​នៅរាជធានីភ្នំពេញលោក ម៉ៅ ឆន លើកឡើង​ថា ក្នុង​នាមជាយុវជន​ស្រឡាញ់​ព្រៃឈើ ធនធានធម្មជាតិ ត្រូវ​ចូល​​ជាមួយ​យុទ្ធនាការ​នេះ ដើម្បីជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងបរិស្ថាន​ពិនិត្យ​មើល​ឡើងវិញ​នូវបញ្ហា​ដែល​បាន​កើតឡើង​កន្លង​មក ចំពោះ​ការកាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។ លោក​បារម្ភ​ចំពោះ​ការបន្ត​កាប់​បំផ្លាញ​ព្រៃឈើ ដែល​នាំ​បាត់បង់​ជម្រក​សត្វព្រៃ។ លោក​សំណូមពរ​ទៅ​យុវជន ចូលរួមផ្សព្វផ្សាយ​យុទ្ធនាការ​នេះ ឱ្យ​បាន​ទូលំទូលាយដើម្បី​ការពារ​ព្រៃ​ឈើ​ប្រទេសកម្ពុជា៖ «មិន​ត្រឹម​តែ​ព្រៃ​ឈើ​ទេ គឺ​គ្រប់​ទាំងអស់ ទាំង​ធនធានខ្សាច់ រ៉ែ ធនធាន​ផ្សេងៗ ធ្យូងថ្ម​ក៏​ដោយ ក្នុង​នាម​ជា​យុវជន​ យើង​នៅតែ​គោរពស្រឡាញ់ ហើយ​យើង​នឹង​ការពារ ព្រោះ​ផលប្រយោជន៍​នេះ​មិន​មែន​របស់បុគ្គល​ណា​ គឺ​ជា​របស់​ប្រជាជន​ខ្មែរ​ជិត​១៦លាន​នាក់»

ជន​ភៀស​ខ្លួន​កំពុង​រស់​នៅ​ប្រទេសថៃលោក ឆាំ សុភន់ លើក​ឡើង​ថា​ លោកបាន​ប្តូរប្រូហ្វីល ហ្វ្រេម (Profile Frames) បង្ហាញ​នៅ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន (Facebook) និង​បាន​ប្តូរចែករំលែក​ទៅ​កាន់មិត្តផ្សេង​ទៀត ​ដើម្បី​ចូលរួមជា​មួយ​យុទ្ធនាការ​នេះផង​ដែរ។ លោក​យល់​ថា ​យុទ្ធនាការ​នេះ​នឹង​ជួយ​ឱ្យពលរដ្ឋ​ខ្មែរ​បាន​ដឹង​កាន់តែ​ច្បាស់​អំពី​ការហិនហោច​ព្រៃឈើ ក៏​ដូច​ជាសកម្មភាពសកម្មជន​ការពារព្រៃឈើ។ លោកថា ​កន្លងមក​អាជ្ញាធរ​មិន​ទៅចាប់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទេ តែបែរ​ជា​ទៅ​រារាំង និង​ចោទប្រកាន់ ចាប់សកម្មជន​ព្រៃឈើ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ទៅវិញ៖ «មាន​ព្រះសង្ឃ មាន​សកម្មជន គាត់​ទៅ​ការពារ​ព្រៃឈើ មិន​ឱ្យចូល​ទេ ជួនកាល​បាញ់​គាត់ ចាប់​គាត់​ដាក់គុក ច្រើន​បែប​ច្រើន​យ៉ាង ខ្ញុំយល់ឃើញ​អ៊ីចឹង យល់​ថា​ល្អខ្ញុំ​យក​មក​តាំងរូបអ្នក​កាប់ អ្នក​ដែល​បំផ្លាញ​នៅកណ្តាល​ព្រៃ​អីមិន​ចាប់​ទេ ជួល​កាល​មក​ចាប់​គ្នា​អ្នក​កាប់ឈើ​ក្នុង​ចំការ​របស់គាត់»

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុងភ្នំពេញ កាល​ពី​ពេល​ថ្មី​នេះៗបានបង្ហាញ​ក្តី​កង្វល់ តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ស្តីពី​ ដែនជម្រក​សត្វព្រៃឡង់ កាលពីថ្ងៃទី០៨ ខែមីនា ចំពោះ​ការបំផ្លាញ់​ព្រៃឈើ ដែល​ចេះ​តែបន្ត​កើត​មាន​នៅតំបន់​ការពារ​នៃ​ប្រទេសកម្ពុជា។ ស្ថានទូត​សហរដ្ឋអាមេរិកកត់សម្គាល់​ឃើញថា ការ​បាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់ព្រៃឡង់ និង​ទូទាំង​ប្រទេសកម្ពុជា មានការទាក់ទង​នឹង​កត្តា​មួយចំនួនដែល​រួមមាន ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅខ្សោយ និង​ប្រព័ន្ធ​អភិបាល​កិច្ច​គ្មាន​ភាព​ច្បាស់លាស់។ ភ្ជាក់ងារ​ផ្តល់​ជំនួយសហរដ្ឋអាមេរិក USAID តែង​តែ​ធ្វើការដើម្បី​លើក​កម្ពស់​សមត្ថភាពបច្ចេក​ទេស​នៅ​គ្រប់​លំដាប់​ថ្នាក់ ជំរុញ​ឱ្យមាន​តម្លាភាពនិង​គណនេយ្យភាព គាំទ្រការចូល​រួម​យ៉ាង​សកម្ម​របស់​សហគមន៍។ ទីភ្ជាក់ងារ​ផ្តល់​ជំនួយ USAID របស់ស្ថាន​ទូត​សហរដ្ឋអាមេរិក បាន​ជួប​ជា​មួយ​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ដើម្បីពិភាក្សា​ពី​ការ​បាត់បង់​ព្រៃឈើ និង​ការ​រឹតត្បិត​មិន​ឱ្យ​ប្រជាជាជនកម្ពុជា​ចូលក្នុង​តំបន់​ការពារ ដើម្បី​តាមដាន​សកម្មភាព​ទាក់ទង​នឹង​ព្រៃឈើ។ ទីភ្ជាក់ងារ USAID បាន​ផ្តល់​ដល់​ក្រសួងបរិស្ថាន​នូវព័ត៌មានជាច្រើន​លើក​មក​ហើយ ទាក់ទង​នឹង​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ នៅ​ដែន​ជម្រក​សត្វ​ព្រៃឡង់។

អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ក្រុម​យុវជន និង​សកម្មជន​ព្រៃឈើ​រៀបចំយុទ្ធនាការ​តស៊ូមតិ ការពារ​ព្រៃឈើ​លើ​បណ្តាញ​សង្គម ជា​យុទ្ធនាការ​ល្អ​មួយងាយ​ស្រួល​ក្នុង​ការផ្តល់​ឱកាស​ឱ្យអ្នក​លេង​នៅ​លើ​បណ្តាញ​សង្គម​ដោយ​សន្តិវិធី ស្រម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ពលរដ្ឋ​គ្រប់រូប​អាច​ទាមទារតវ៉ាទៅក្រសួងបរិស្ថានឱ្យយកចិត្ត​ទុក​ជាង​នេះ។ លោក​សង្កេត​ឃើញថា ​យុទ្ធនាការ​នេះ មាន​ការ​ចូលរួម​ពី​មហាជន​យ៉ាង​ផុលផុស​ក្នុង​បណ្តាញ​សង្គម។ លោកថា ក្រសួង​បរិស្ថាន​គួរពិចារណាឱ្យសកម្មជនព្រៃឈើ ក្រុមអង្គការ​សង្គមស៊ីវិល សហគមន៍ ចូល​រួម​ល្បាត​ការពារ​ព្រៃឈើ នៅ​តំបន់​ព្រៃឡង់ រួម​ចំណែកការពារ​ព្រៃឈើ​ជាការ​ចូលរួមចំណែក​ជាមួយរដ្ឋាភិបាល ដើម្បី​ជៀសវាង​មានមន្ទិលសង្ស័យ​ពី​សាធារណៈមតិជាតិ និងអន្តរជាតិ៖ «ខ្ញុំ​មើលឃើញ​យុទ្ធនាការ​នេះ ជា​យុទ្ធនាការ​មួយ​ល្អ​ប្រសើរហើយ ជា​យុទ្ធនាការដោយសន្តិវិធី ទាំងតាមការធ្វើហ្រ្វេម (Frames) តាមបណ្តាញ​សង្គម ទាំង​ការ​ដាក់​ញត្តិ​ទាំង​អស់​ហ្នឹង គឺ​ជា​សិទ្ធិ​មួយ​ដែល​ផ្តល់​ដោយផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដែល​ពួក​គេ​អាច​ធ្វើ​ការ​ទាមទារ​តវ៉ា​ទៅតាម​ស្ថាប័ន​ពាក់ព័ន្ធ »។

របាយការណ៍​រកឃើញ​ថា បម្រាម​របស់​ក្រសួងបរិស្ថានចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ២០២០ មិន​ឱ្យ​បណ្តាញ​សហគមន៍​ព្រៃឡង់​ចុះល្បាតព្រៃ​បាន​បណ្តាល​ឱ្យ​កើតឡើង​ការបាត់បង់​ព្រៃឈើ​បន្ថែម​ទៀត វត្តមាន​នៃ​ការ​ចុះល្បាត​ព្រៃ​របស់​សហគមន៍ ពិត​ជា​បាន​ចូលរួម​ចំណែក​បង្អាក់​ កុំឱ្យ​មាន​អ្នក​កាប់ឈើ​ខុ​សច្បាប់។ ទិន្នន័យ​ពី​ផ្កាយ​រណប​បង្ហាញថា មាន​ការកើន​ឡើងយ៉ាង​ខ្លាំង​នូវ​ការបាត់បង់ព្រៃឈើ​ធៀប​នឹង​ឆ្នាំមុនៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។