ក្រុម​យុវជន​នៅ​តាម​តំបន់​ព្រៃឡង់​ធ្វើ​យុទ្ធនាការ​លើ​អនឡាញ​ ​​ទាមទារ​ឱ្យ​អាជ្ញាធរ​​ទប់ស្កាត់​បទល្មើស​​អារឈើ

ដោយ សុខ មនោហត្ថា
2025.01.09
ក្រុម​យុវជន​នៅ​តាម​តំបន់​ព្រៃឡង់​ធ្វើ​យុទ្ធនាការ​លើ​អនឡាញ​ ​​ទាមទារ​ឱ្យ​អាជ្ញាធរ​​ទប់ស្កាត់​បទល្មើស​​អារឈើ យុវជនកំពុងតែពិភាក្សាគ្នាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើ នៅតំបន់ព្រៃឡង ខេត្តកំពង់ធំ។ រូបភាពយុវជនផ្ដល់ឱ្យ នៅថ្ងៃ៨ ខែមករា ឆ្នាំ២០២៥។
Photo Provided

ក្រុម​យុវជន​នៅ​តាម​តំបន់​ព្រៃឡង់ ធ្វើ​យុទ្ធនាការ​​បង្ហោះ​វីដេអូ និង​រូបភាព​​ពាក់ព័ន្ធ​​បទល្មើស​ព្រៃ​ឈើ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ដើម្បី​ទាមទារ​ឱ្យ​​នាយករដ្ឋមន្ត្រី លោក​ ហ៊ុន ម៉ាណែត ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​​អារ​ឈើ​​ ​នៅ​ក្នុង​តំបន់​​​​​​ព្រៃឡង់​​ ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រជា​សហគមន៍​ព្រៃ​ឈើ និង​យុវជន​លើក​ឡើង​ថា ឧក្រិដ្ឋកម្ម​អារ​ឈើ ទ្រង់ទ្រាយ​ ធំ និង​តូច​ នៅ​តែ​បន្ត​កើត​មាន ស្ទើរ​តែ​រាល់​ថ្ងៃ​ ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ជា​ពិសេស​​​​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​​ឡង់​ ដែល​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ។ ពួកគាត់​ថា ព្រៃ​អភិរក្ស​មួយ​នេះ​​ បាន​ក្លាយ​ជា​ ​ចំណុច​គោលដៅ​​នៃ​បទល្មើស​អារ​ឈើ បរបាញ់​​សត្វ​ព្រៃ​ និង​​កាប់​ទន្ទ្រាន​យក​ដី ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

បណ្ដាញ​យុវជន​ព្រៃឡង់ ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ស ឃីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ថា​ យុវជន និង​ប្រជា​សហគមន៍​ដែល​រស់​នៅ​ជុំ​វិញ​តំបន់​ព្រៃឡង់ នាំ​គ្នា​​​​ធ្វើ​យុទ្ធនាការ​បង្ហោះ​​​ ​វីដេអូ និង​រូបភាព​ឱ្យ​​សាធារណជន​ ​បាន​​ដឹង​អំពី​​គុណ​តម្លៃ​ព្រៃ​ឈើ​​នៅ​កម្ពុជា​ និង​ ដើម្បី​​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ បង្កើន​វិធានការ​​ទប់ស្កាត់​បទល្មើស​អារ​ឈើ​ ​នៅ​ក្នុង​ព្រៃ​ឡង់​ ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​ពលរដ្ឋ​ខ្មែរ​​​​ ដែល​រស់នៅ​ជាប់​តំបន់​ ព្រៃ​ឡង់ ​ពុំ​អាច​ទប់ស្កាត់​បទល្មើស​អារ​ឈើ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ ខណៈ​ដែល​ក្រុម​ឈ្មួញ ​និង​ក្រុម​ជន​ល្មើស​​​ភាគ​ច្រើន​ ហាក់​ពុំ​ខ្លាច​ក្នុង​ការ​ប្រព្រឹត្ត​ បទល្មើស​អារ​ឈើ​ នោះ​​ឡើយ​​ ព្រោះ​ថា ពួក​គាត់​មាន​មន្ត្រី​អាជ្ញាធរ​ខ្លះ​​ ចាំ​កាង​​​ពី​ក្រោយ។

លោក ស ឃីន៖ «ការ​កាប់​នឹង​នៅ​តែ​មាន​ការ​លួច​កាប់ ​ហើយ​ការ​កាប់​សព្វ​ដង​ គេ​មាន​ទុក​ជា​ចំនៀរ​ ​​ច្រៀក​​ តែ​ឥឡូវ​វិធី​សាស្ត្រ​របស់​គេ​កាប់​ហើយ​​ គេ​ដឹក​ដើម​​ទាំង​មូល​ៗ​ចេញ គេ​យក​ទៅ​កាប់​នៅ​ផ្ទះ​។​ គេ​បន្សល់​​ទុក​តែ​គល់​និង​ចុង បន្តិច​ទេ​ ដែល​យើង​ទៅ​ឃើញ​ក្រោយ​ៗ​មក​នេះ»

យុវជន និង​ប្រជា​សហគមន៍​​ព្រៃ​ឈើ​​ ​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​បង្ហោះ​​​វីដេអូ​ខ្លី​ៗ ​​អំពី​សកម្មភាព​​ចុះ​ល្បាត​ព្រៃ​ឈើ​​ និង​ភ្ជាប់​​ជាមួយ​ ​រូបភាព​ នៃ​បទល្មើស​អារឈើ​ មាន​រយៈ​ពេល​ជិត ១​ខែ​មក​ហើយ​។ ពួក​គាត់​ថា នឹង​បន្ត​យុទ្ធនាការ​នេះ​ រាល់​ថ្ងៃ​ទាល់​តែ​ព្រៃ​ឈើ​នៅ​កម្ពុជា ​​ជា​ពិសេស នៅ​តំបន់​ព្រៃ​ សហគមន៍ និង​ព្រៃ​ឡង់ ​ឈប់​មាន​ការ​កាប់​បំផ្លាញ​​បន្ត​ទៀត។ ទន្ទឹម​នឹង​នោះ យុវជន​ខ្លះ ​​បាន​ធ្វើ​​វីដេអូ​ ​​ ៣​ទៅ ៤​នាទី ​​បង្ហាញ​ពី​ក្ដី​បារម្ភ​នៃ​ការ​​បាត់បង់​ព្រៃ​ឈើ ​​​ហើយ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​អារ​ឈើ កុំ​ឱ្យ​មាន​បន្ត​ទៀត។

សំណេរ​នៅ​ក្នុង​វីដេអូ៖ «ខ្ញុំ​សូម​ស្នើ​សុំ​ទៅ​ដល់​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​នានា គួរតែ​អនុវត្ត​ដល់​បុគ្គល​ណា​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ ទៅ​តាម​នីតិ​ច្បាប់ ​​ហើយ ខ្ញុំ​សូម​ឱ្យ​បងប្អូន ដែល​ចូល​ចិត្ត​កាប់​បំផ្លាញ​ព្រៃ​ឈើ សូម​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ហើយ​ងាក​មក​រក្សា​​ទាំង​អស់​គ្នា ជា​ពិសេស​បង​ប្អូន​យុវជន»

ក្រៅ​ពី​ការ​ធ្វើ​យុទ្ធនាការ នៅ​លើ​បណ្ដាញ​សង្គម​ យុវជន​ទាំង​នោះ​នាំគ្នា​ចង​ក្រង​ ​ជា​​ បណ្ដាញ​យុវជន​ ​នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់​​ ដើម្បី​​ងាយ​ស្រួល​ចែក​រំលែក​​​ចំណេះដឹង ​ដល់​គ្នា​​​​ ​ពាក់ព័ន្ធ ផ្នែក​ច្បាប់ និង​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ដៃ សម្រាប់​ថត​បទល្មើស​អារ​ឈើ នៅ​​ពេល​ចុះ​ល្បាត​​​ ២ ទៅ​៣​លើក​​​ក្នុង​១​ខែ។

ក្នុង​ពេល​ចុះ​ល្បាត​ពួក​គាត់​​ថា​ តែង​​​ជួប​ប្រទះ​​បទល្មើស​អារ​ឈើ​ ចន្លោះ​ពី​៥០ ទៅ​១០០​ករណី​ ​ហើយ​គោយន្ត និង​ ឧបករណ៍​អារ​ឈើ​ខ្លះ​ ឃាត់​​បាន​​ហើយ​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​បរិស្ថាន ​ប៉ុន្តែ​​​ ឧបករណ៍​បទល្មើស​ទាំង​នោះ ភាគច្រើន​ក្រុម​ជន​ល្មើស​មក​លោះ​យក​វិញ ​ដោយ​គ្រាន់​តែ​​ ឱ្យ​លុយ​ទៅ​​​មន្ត្រី​​ទាំង​នោះ​។ ករណី​នេះ ពួក​គាត់​ថា ជា​រឿង​ដែល​ហួស​ចិត្ត​ ហើយ​អាជ្ញាធរ​ និង​ជនល្មើស​ហាក់​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា។ ​រីឯ​ ប្រធាន​មន្ទីរ​បរិស្ថាន​​ខេត្ត​កំពង់ធំ​ លោក តុប កក្ដដា និង​ប្រធាន​មន្ទីរ​បរិស្ថាន​​​ ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ ក៏​​មិន​អាច​ទាក់ទង​ដើម្បី​ឆ្លើយ​តប​​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា បទល្មើស​អារ​ឈើ​​នៅ​តំបន់​ព្រៃ​ឡង់ ​មិន​ដែល​ស្រាកស្រាន្ត​នោះ​ទេ ​​​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ខណៈ​ដែល​បច្ចុប្បន្ន​ព្រៃឡង់​ បាន​ក្លាយ​ជា​កន្លែង ដែល​ក្រុម​ឈ្មួញ​ ទាញ​យក​អាជីវកម្ម​រ៉ែ​ ការ​កាប់​​ទន្ទ្រាន​​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន និង​ជា​កន្លែង ដែល​ជន​ល្មើស​​ ប្រកប​របរ​​បរ​បាញ់​សត្វ​​ព្រៃ​ដោយ​ខុស​ច្បាប់។

លោក​បន្ត​ថា ការ​ចូលរួម​របស់​យុវជន​ព្រៃ​ឡង់​​តាមរយៈ​យុទ្ធនាការ ​នៅ​លើ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ នេះ​គឺជា​រឿង​ល្អ ដើម្បី​បង្ហាញ​ដល់​ សាធារណជន​ ​ឱ្យ​​ឃើញ​កាន់​តែ​ច្បាស់​អំពី​បច្ចុប្បន្នភាព​នៃ​ការ​ហិនហោច​ព្រៃ​ឈើ ​ដោយ​សារ​អសមត្ថភាព​ទប់ស្កាត់​របស់​​មន្ត្រី​មូលដ្ឋាន​​​អសមត្ថភាព​​។​ លោក​បន្ត​ថា​រដ្ឋាភិបាល​គួរ​តែ​ងាក​មក​ រក្សា​ព្រៃ​​ឈើ​ ដែល​​​នៅ​សេសសល់​​​តិច​តូច​ ​ឱ្យ​បាន​គង់​វង្ស។

លោក អូត ឡាទីន៖ «យើង​ចង់​ឃើញ​រដ្ឋាភិបាល ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាប្រចាំ ហើយ​ការ​បង្ហាញ​របស់​យុវជន​សំខាន់​ណាស់ ជា​ពិសេស​គឺ​​​​​គេ​ហៅ​​​​​ ជា​ធាតុ​ចូល​មួយ​នៅ​ក្នុង​យុគសម័យ​ទំនើប ដែល​ពួក​គាត់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​សម័យ​ធនធាន​ធម្មជាតិ ការពារ​ព្រៃ ការពារ​បរិស្ថាន​ហ្នឹង»

ប្រជាពលរដ្ឋ និង​យុវជន​រិះគន់​ថា រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​​ការ​​ការពារ​ព្រៃឈើ​ ​ឱ្យ​បាន​គង់វង្ស​នោះ​ទេ​ ដោយ​សារ​តែ​បទល្មើស​អារ​ឈើ​ នៅ​តែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត​​​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស និង​ព្រៃ​ឡង់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។