ក្រុម​យុវជន និង​ព្រះសង្ឃ​រៀបចំ​សិក្ខាសាលា​ផ្ដោត​លើ​ការ​ការពារ​ព្រៃ​ឈើ​ដល់​ពលរដ្ឋ​នៅ​តំបន់​អារ៉ែង

0:00 / 0:00

ក្រុម​យុវជន ព្រះសង្ឃ និង​ប្រជា​សហគមន៍​ជា​ច្រើន​នាក់​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការ​ពារ​ធម្ម​ជាតិ នៅ​ខេត្តកោះកុង ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ការពារ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​​តំបន់​អារ៉ែង​ឱ្យ​គង់​វង្ស ទុក​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ ពួកគេ​អះអាង​ថា ដើម​ឈើ​ធំៗ នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុម​អ្នក​មាន​អំណាច ហើយ​ពុំ​មាន​អាជ្ញាធរ​ចេញ​មុខ​ការ​ទប់​ស្កាត់​ឡើយ។

ក្រៅពី​ធ្វើ​ធម្មយាត្រា​ផ្សព្វផ្សាយ​អំពី​តំបន់​អារ៉ែង ព្រះសង្ឃ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ក៏​រៀបចំ​សិក្ខាសាលា​ជាមួយ​សហគមន៍ ដែល​មាន​ប្រជាពលរដ្ឋ​នៅ​ភូមិជំនាប់ ឃុំជំនាប់​ចូលរួម​ប្រមាណ​៣០នាក់ ចូលរួម​នៅរសៀលថ្ងៃទី២៧ ខែមិថុនា។ កម្មវិធី​នោះ ​លើក​ឡើង​ពី​ច្បាប់​ព្រៃ​ឈើ ច្បាប់​ស្តីពី​តំបន់​ការ​ពារ​ធម្ម​ជាតិ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ បន្ទាប់​ពី​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ​បន្ត​ទទួល​រង​ការ​កាប់​បំផ្លាញ​ជា​បន្ត​បន្ទាប់។ ម្យ៉ាង​ទៀត អង្គ​សិក្ខាសាលា​បាន​បង្ហាញ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​តម្លៃ​ធនធាន​ធម្មជាតិ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាពិសេស ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍។ យុវជន និង​ព្រះសង្ឃ​ចែក​សៀវភៅ​ច្បាប់​ទាំង​នោះ​ចំនួន ១៥០ក្បាល​ជូន​ពួក​គាត់​ផង​ដែរ។

តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​លោកស្រី ឈឿន ដារ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា​ថា បណ្ដាញ​ព្រះសង្ឃ​បាន​ដឹក​នាំ​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ចែករំលែក​ចំណេះ​ដឹង និង​ពន្យល់​អំពី​ខ្លឹមសារ​នៃ​ច្បាប់​សំខាន់ៗ ព្រមទាំង​លើក​ឡើង​ពី​អត្ថប្រយោជន៍​ព្រៃឈើ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង​ដោយ​ផ្ទាល់ ដើម្បី​ជំរុញ​ការ​ចូលរួម​ការពារ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ជាមួយ​សហគមន៍​នៅ​តំបន់​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោកស្រី​ថា អ្វី​ដែល​ក្រុម​យុវជន​ខក​ចិត្ត​នោះ គឺ​ពេល​ពួក​លោកស្រី​ដើរ​ចូល​ព្រៃ​បន្តិច​បាន​ឃើញ​ដើម​ឈើ​គគីរ​អាយុ​រាប់​រយ​ឆ្នាំ​នៅ​តាម​បណ្ដោយ​ដង​ស្ទឹងអារ៉ែង ដែល​ព្រះសង្ឃ​ទើប​បំបួស​នា​ពេល​កន្លង​ទៅ​ត្រូវ​បាន​គេ​លួច​កាប់​ផ្ដួល​ធ្វើអាជីវកម្ម​ដោយ​មិន​លើកលែង។ លោកស្រី​បារម្ភ​ថា ប្រសិន​បើ​បញ្ហា​នោះ​បន្ត​កើត​ឡើង​នឹង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ ​និង​បរិស្ថាន​ដងស្ទឹង​អារ៉ែង​កាន់​តែ​ធ្ងន់ធ្ងរ៖ «ការ​សម្រេច​ចិត្ត​លះ​បង់​របស់​ព្រះ​សង្ឃ​និង​យុវជន​ចុះ​មក​ស្នាក់​នៅ និង​ប្រចាំ​ការ​ការពារ​ព្រៃ​ឈើ​នេះ ដោយ​សារ​ពួក​យើង​យល់​ពី​សារៈ​សំខាន់​ព្រៃ​ឈើ ដែល​គេ​បាន​កាប់​ជា​រៀង​រាល់​ថ្ងៃ​នេះ។ បើ​សិន​យុវជន និង​ព្រះ​សង្ឃ​យើង​បាន​ចូល​រួម​កាន់​តែ​ច្រើន ដូច្នេះ​យើង​អាច​ថែ​រក្សា​ការពារ​បាន​ខ្លាំង​ដែរ ក៏​ដូច​ជា​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​យើង​គិត​គូរ​និង​រក​មធ្យោបាយ​ជួយ​សហគមន៍​នេះ​តាម​រយៈ​សកម្ម​ភាព​ផ្សេងៗ ទៀត»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា និង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង នៅ​ថ្ងៃ​ទី២៧ មិថុនា។​

ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​បរិស្ថាន​លើក​ឡើង​ថា បទ​ល្មើស​ព្រៃ​ឈើ​ដែល​បន្ត​កើត​ឡើង​នេះ​បណ្ដាល​មក​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្មាន​ឆន្ទៈ​ការ​ពារ និង​ថែរក្សា​ធនធាន​ទាំង​នោះ​ឱ្យ​បាន​គង់វង្ស ហើយ​បាន​បណ្ដោយ​ឱ្យ​ឈ្មួញ​មាន​លុយ​ឃុបឃិត​លួច​កាប់​ឈើ​ខុស​ច្បាប់​ដោយ​ពុំ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ទន្ទឹង​នឹង​នេះ​ពលរដ្ឋ​នៅ​តំបន់​អារ៉ែង​ឱ្យ​ដឹង​ថា ពួក​គាត់​តែងតែ​ជូន​ដំណឹង​អំពី​បទ​ល្មើស​ព្រៃឈើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ​ណា​មួយ​នោះ​ទេ។ លើស​ពី​នេះ អ្នក​ដែល​ហ៊ាន​រាយការណ៍​ត្រូវ​រង​ការ​រើសអើង និង​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព​ទៅ​វិញ។

ជនជាតិ​ដើម​ភាគ​តិច​ជង​រស់នៅ​ភូមិជំនាប់ ឃុំជំនាប់ លោកស្រី រីន សៅស៊ី ប្រាប់​ថា ជនជាតិ​ដើម​ភាគ​តិច​ពឹង​អាស្រ័យ​អនុផល​ព្រៃឈើ​សម្រាប់​យក​មក​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​រូប​នេះ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពួក​លោកស្រី​បាន​ត្រឹមតែ​សោក​ស្ដាយ និង​ស្រក់​ទឹក​ភ្នែក​ស្ដាយ​ស្រណោះ​ពេល​ឃើញ​ឈ្មួញ​ចុះ​កាប់​ទន្ទ្រាន​ដើម​ឈើ​ដុះ​តាម​បណ្ដោយ​ដង​ស្ទឹង​អារ៉ែង ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ ផ្តល់​ជម្រក​ជីវចម្រុះ និង​អត្តសញ្ញាណ​ប្រពៃណី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោកស្រី​ថា សកម្មភាព​របស់​យុវជន​នៅ​តំបន់​ពេល​នេះ គឺ​មាន​សារៈ​សំខាន់​សម្រាប់​សហគមន៍ ព្រោះ​កន្លង​មក​វត្តមាន​ពួក​គេ​ធ្វើ​ឱ្យ​ការ​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​បាន​ថយ​ចុះ៖ «ខ្ញុំ​លែង​មាន​ជំនឿ​លើ​ក្រសួង​បរិស្ថាន​ថា​អាច​កែ​ទម្រង់​កិច្ច​ការ​ពារ​របស់​ពួក​គាត់​ហ្នឹង​ធ្វើ​ឡើង​ប្រាកដ​ដោយ​ប្រសិទ្ធ​ភាព​ណាស់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រំពឹង​រាល់​ថ្ងៃ​នេះ គឺ​ការ​ចូល​រួម​របស់​យុវជន និង​ប្រជា​ពល​រដ្ឋ ហើយ​បើ​យើង​មើល​ឃើញ​ថា ពួក​គាត់​អត់​មាន​សមត្ថ​ភាព អត់​មាន​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ តើ​ក្នុង​នាម​យើង​ជា​ម្ចាស់​ធនធាន​ទាំង​អស់​ហ្នឹង តើ​បន្ត​នៅ​ស្ងៀម​ស្ងាត់​បែប​នេះ ទទួល​យក​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ប្រក្រតី​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ឬ​ក៏​គួរ​ធ្វើ​អ្វី​ម្យ៉ាង​ទាំង​អស់​គ្នា ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​យើង​ដែល​គេ​កំពុង​លួច​រាល់​ថ្ងៃ។ »

ជ្រលង​ភ្នំ​អារ៉ែង គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ខេត្ត​កោះ​កុង​ដែល​មាន​ប្រភេទ​សត្វ​ព្រៃ​ដ៏​កម្រ អម​ដោយ​ព្រៃ​ឈើ​ដ៏​ស្រស់​ត្រកាល បន្សល់​ចុង​ក្រោយ​នៅ​កម្ពុជា។ តំបន់​នោះ​ជា​កន្លែង ដែល​ជន​ជាតិ​ដើម​ភាគ​តិច​​ជង​ជាង ១.៥០០នាក់ កំពុង​រស់​នៅ​ជា​មួយ​បរិស្ថាន​ធម្មជាតិ​ស្រស់​បំព្រង​តាម​បណ្ដោយ​ជ្រលង​ភ្នំ ដែល​មាន​សត្វ​ព្រៃ​កម្រ​រស់​នៅ​រួមមាន សត្វ​ក្រពើ​ភ្នំ ត្រី​នាគ ដំរី​ធំៗ ជា​ដើម។ បច្ចុប្បន្ន​ដើម​គគីរ និង​ដើមឈើ​ទាល​ជា​ដើម ដែល​ដុះ​តាម​បណ្ដោយ​ដង​​ស្ទឹង​អារ៉ែង​កំពុង​ប្រឈម​ការ​បាត់​បង់​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។