ក្រុម​យុវជន​រក​ឃើញ​ថា ការ​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​តូច​ធំ​នៅ​តំបន់​អារ៉ែង​បាន​កើន​ឡើង​ច្រើន

ដោយ ឡេង ម៉ាលី
2023.04.29
ក្រុម​យុវជន​រក​ឃើញ​ថា ការ​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​តូច​ធំ​នៅ​តំបន់​អារ៉ែង​បាន​កើន​ឡើង​ច្រើន មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នកស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន ពេលចុះល្បាត​ព្រៃ​នាពេលកន្លងទៅ។
រូប៖ ហ្វេសប៊ុក

ក្រុម​យុវជន​អះអាង​ថា ករណី​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​បាន​កើនឡើង​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ព្រួយបារម្ភ​ពី​ជោគវាសនា​តំបន់​នោះ​នៅ​ថ្ងៃ​អនាគត។ យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ឱ្យ​មាន​ប្រសិទ្ធភាព។

ព្រះសង្ឃ រួម​ទាំង​ក្រុម​យុវជន​ករុណាព្រៃអារ៉ែង​ជិត ៣០​អង្គ​និង​នាក់ ភាគច្រើន​ជា​សិស្ស​និស្សិត បាន​ចុះ​ការពារ​តំបន់​អារ៉ែង​រយៈពេល​បី​យប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​មេសា នៅ​ភូមិ​ច្រក ឬស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ក្នុង​បំណង​សិក្សា​ពី​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាដើម​។ ក្រុម​យុវជន​បាន​ចុះ​ដល់ទី​តាំង​កាប់​ឈើ​ខុសច្បាប់​នៅ​តាម​ដងស្ទឹង​អារ៉ែង​ស្តាយស្រណោះ​ដើមឈើ​ធំៗ និង​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ដែល​ជា​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ។

យុវជន​សង្គម គឺ​លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែមេសា ថា លោក និង​ក្រុម​យុវជន​ផ្សេងទៀត​បាន​ដើរ​ក្នុង​ព្រៃ​តែមួយ​ជ្រុង ហើយ​រក​ឃើញ​ឈើ​ធំៗ​ជាង​២០​ដើម​នៅ​តាម​បណ្តោយ​ដងស្ទឹង​អារ៉ែង មានមុខ​កាត់​កន្លះ​ម៉ែត្រ​ដល់​ជាង ១​ម៉ែត្រ ភាគច្រើន​ជា​ប្រភេទ​ឈើ​គគីរ ឈើទាល ត្រូវ​បាន​គេ​អារ​ផ្តួល​រំលំ​ធ្វើ​អាជីវកម្ម​កាលពី​ថ្មីៗ​នេះ ខណៈ​ទំហំ​ដី​ព្រៃ​ប្រមាណ​១០​ហិកតារ​គេ​កាប់​ទន្ទ្រាន​យក​ដី​កាន់កាប់ ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​យល់​ថា ប្រសិនបើ​ដើមឈើ​បន្ត​បាត់បង់​តទៅទៀត នោះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ដងស្ទឹង​អា​រ៉ែ​ង ជីវចម្រុះ និង​ជីវភាព​សហគមន៍។

លោក ស្វាយ សំណាង៖ «យើង​មើល​ភាព​ជាក់ស្តែង​បទល្មើស​នៅ​តំបន់​អារ៉ែង បើ​វា​កាត់បន្ថយ​អាហ្នឹង​យើង​មិន​ចាំបាច់​ចូលរួម​ការពារ​ទេ ប៉ុន្តែ​តំបន់​អា​រ៉ែ​ង​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​រឿង​រាល់ថ្ងៃ ហើយ​កាន់តែ​ហិនហោច​ខ្លាំង​នៅ​តាម​ដងស្ទឹង ដូចជា​ប្រភេទ​ដើម​គគីរ ដើម​ឈើទាល​ជាដើម គឺ​ត្រូវ​បាន​បាត់បង់​ជា​រៀងរាល់ថ្ងៃ មែនទែន​ទៅ​ដើមឈើ​ទាំងអស់​ហ្នឹង​វា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ដងស្ទឹង​អារ៉ែង ហើយ​ដងស្ទឹង​អារ៉ែង​នេះ វា​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​ជនជាតិភាគតិច»

ស្រដៀង​គ្នា​នេះ​ដែរ យុវតី​ករុណា​ព្រៃ​អារ៉ែង​កញ្ញា សៅ អ៊ីលិញ ថ្លែង​ថា អារ៉ែង​ជា​តំបន់​អភិរក្ស​ដែល​យុវជន​មាន​សិទ្ធិ​ចូលរួម​ការពារ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដើម្បី​ថែរក្សា​ឱ្យ​បាន​គង់វង្ស ប៉ុន្តែ​អាជ្ញាធរ​មិន​សហការ​ជាមួយ​ក្រុម​យុវជន​ទៅ​វិញ។ កញ្ញា​បារម្ភ​ថា ព្រៃ​តំបន់​អារ៉ែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ជា​ជម្រក​សត្វ​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​អាស្រ័យ​ផល​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​កាន់តែ​ខ្លាំង​ឡើង។ កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​ចូលរួម​ការពារ​ថែរក្សា​សម្បត្តិ​ធម្មជាតិ។

កញ្ញា សៅ អ៊ីលិញ៖ «ព្រៃឈើ​មាន​លក្ខណៈ​ធំៗ​ហើយ​ដី​ស្ថិតនៅ​តំបន់​អភិរក្ស ប៉ុន្តែ​ហេតុ​វា​នៅតែ​មាន​ការ​កាប់បំផ្លាញ បើ​នៅ​ទី​ហ្នឹង​ស្ថិតនៅ​តំបន់​អភិរក្ស តើ​អាជ្ញាធរ ឬ​មន្ត្រី​ទទួលបន្ទុក​ហ្នឹង​គាត់​នៅ​ទីណា គាត់​កំពុង​គេង​លក់ ឬ​យ៉ាងណា​បានជា​មាន​ការ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​បែប​នេះ ផ្លូវ​នៅ​ទីនេះ​មានតែ​មួយ​ខ្សែ​ទេ តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​អត់​ដឹង»

ទន្ទឹម​នឹង​វត្តមាន​របស់​ក្រុម​យុវជន​នៅ​តំបន់​អារ៉ែង​ប៉ុន្មាន​ថ្ងៃនេះ​គេ​មើល​ឃើញ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ត្រូវ​បាន​ផ្អាក ចំណែក​អាជ្ញាធរ​មូលដ្ឋាន​វិញ​បាន​បដិសេធ​មិន​ចូលរួម​ល្បាត​ព្រៃ​ជាមួយ​យុវជន​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​ជាច្រើន​នាក់​បាន​ចុះទៅ​ដល់​ផ្ទះ​សហគមន៍​អារ៉ែង ដោយ​បញ្ជា​ឱ្យ​ក្រុម​យុវជន​បញ្ឈប់​សិក្ខាសាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​អំពី​តួនាទី និង​សិទ្ធិ​នយោបាយ​យុវជន និង​សហគមន៍​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ កាលពី​ថ្ងៃ​២៦ ខែមេសា។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាលខេត្ត​កោះកុង​អ្នកស្រី មិថុនា ភូថង និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៨ ខែមេសា​។ ចំណែក​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ក៏​មិនអាច​ទាក់ទង​បាន​ដែរ​។​

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នកស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន មានប្រសាសន៍ថា​មកដល់ពេលនេះ​សកម្មភាព​កាប់​បំផ្លាញ​ឈើ​នៅ​តំបន់​អារ៉ែង និង​តំបន់​ផ្សេងទៀត​មិន​ថមថយ​នោះ​ទេ ដោយសារ​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បាន​ដាក់​គោលដៅ​ផ្ដោត​តំបន់ការពារធម្មជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ​។ លោក​ទម្លាក់​ការទទួលខុសត្រូវ​រឿង​ទាំងនេះ​លើ​រដ្ឋាភិបាល ជាពិសេស​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​លួច​កាប់​ឈើ​ខុសច្បាប់ ។ លោក​ថា ព្រៃព្រឹក្សា​នៅ​តំបន់​នោះ គឺជា​អាយុជីវិត និង​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជង​ដែល​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ក្រុម​ឈ្មួញ​ជាជាង​រឹតត្បិត​សកម្មជន​បរិស្ថាន និង​យុវជន​ដែល​គ្រាន់តែ​ចុះ​ល្បាត​ការពារ​ព្រៃឈើ​ឱ្យ​នៅ​គង់វង្ស​នោះ។

លោក អូត ឡាទីន៖ «ខ្ញុំ​ស្នើ​អាជ្ញាធរ​ថ្នាក់​ជាតិ​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​រៀង​រហូត គឺ​មិនមែន​ធ្វើ​ព្រឹត្តិការណ៍​ខ្លី​ម្តងម្កាល​ទេ ហើយ​សុំ​ឱ្យ​ក្រសួង​បរិស្ថាន​ទទួលស្គាល់​ផង កុំឱ្យ​បដិសេធ​រហូត​ដោយ​ចុងក្រោយ​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន និង​ស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បើក​លំហ​សេរីភាព​ដល់​សាធារណជន សកម្មជន​មូលដ្ឋាន​អាច​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដើម្បី​រួម​ចំណែក​ការពារ​ព្រៃឈើ​ប្រទេស​កម្ពុជា»

ជ្រលង​អារ៉ែង គឺជា​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ខេត្ត​កោះកុង​ដែល​មាន​ប្រភេទ​សត្វព្រៃ​ដ៏​កម្រ អម​ដោយ​ព្រៃឈើ​ដ៏​ស្រស់​ត្រកាល បន្សល់​ចុងក្រោយ​នៅ​កម្ពុជា។ តំបន់​នោះ​ជា​កន្លែង​ដែល​ជនជាតិ​ដើម​ភាគតិច​ជង​ជាង ១​ពាន់ ៥​រយ​នាក់ កំពុង​រស់នៅ ជាមួយ​នឹង​បរិស្ថាន​ធម្មជាតិ​ស្រស់បំព្រង តាម​បណ្តោយ​ជ្រលង​ភ្នំ ដែល​មាន​សត្វព្រៃ​កម្រ​រស់នៅ រួម​មាន សត្វ​ក្រពើ​ភ្នំ ត្រី​នាគ និង​ដំរី​ធំៗ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។