តុលាការ​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​រដ្ឋបាល​ជលផល​ម្នាក់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រគល់​ខ្លួន​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ម្នាក់ ទៅ​ឱ្យ​តុលាការ​ខេត្ត​សៀមរាប មាន​ចំណាត់​ការ​ទៅ​តាម​នីតិវិធី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា។

ការ​ប្រគល់​ខ្លួន​នេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​បើក​ការ​ស៊ើប​អង្កេត ហើយ​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន ទើប​សម្រេច​ឃាត់​ខ្លួន​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ម្នាក់ ពី​បទ​សង្ស័យ​ថា បាន​ទទួល​យក​សំណូក​ជា​ប្រាក់ ហើយ​បើក​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​បឹង​ទន្លេសាប នា​តំបន់​ដែល​មន្ត្រី​រូប​នោះ​គ្រប់គ្រង​មក។

អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ម្នាក់ ឈ្មោះ រឹម សំអ៊ុន ពី​បទល្មើស​វីតិក្រម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ជា​ប្រាក់ ហើយ​បើក​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​បឹង​ទន្លេសាប។

ការ​ចោទ​ប្រកាន់​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មេសា បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ឃាត់​ខ្លួន នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ម្នាក់​នោះ ហើយ​បញ្ជូន​ទៅ​ឱ្យ​សាលាដំបូង​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មេសា។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប ដែល​ជា​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្ដី គឺ​លោក រៀម ចាន់មុន្នី។ លោក​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ​ជា​ច្រើន​ម៉ោង គឺ​លោក​បាន​សម្រេច​ចោទ​ប្រកាន់​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក ឈ្មោះ រឹម សំអ៊ុន នោះ ទៅ​តាម​មាត្រា ៥៩២-៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ១០៣ នៃ​ច្បាប់​ជលផល ដូចគ្នា​នឹង​អ្វី​ដែល​អង្គភាព​ប្រឆាំង​ពុករលួយ​បាន​រក​ឃើញ៖ «មាត្រា​៥៩២-​៥៩៣ ហ្នឹង មាន​ន័យ​ថា បទល្មើស​វីតិក្រម ហើយ​និង​មាត្រា ១០៣ នៃ​ច្បាប់​ជលផល​ហ្នឹង​គឺ​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​គេ​នេសាទ​ខុស​ច្បាប់​ជលផល»

​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​បាន​រក​ឃើញ​ថា បុរស​ឈ្មោះ រឹម សំអ៊ុន ដែល​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​ទទួល​បន្ទុក​គ្រប់គ្រង ៤​ស្រុក មាន​ស្រុក​ស្វាយលើ ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​បន្ទាយស្រី ហើយ​មាន​សង្កាត់​រដ្ឋបាល​ជលផល ចំនួន ៤​ទៀត នៅ​ក្រោម​បង្គាប់​នោះ គឺ​គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ទៅ​ទារ​ប្រាក់​ពី​អ្នក​នេសាទ​ខុស​ច្បាប់ ដោយ​មិន​បញ្ឈប់​សកម្មភាព​ទាំង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាង​ថា គេ​បាន​រក​ឃើញ​ឈ្មោះ រឹម សំអ៊ុន បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ (បទ​វីតិក្រម) តាម​មាត្រា​៥៩២-​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​បាន​ទារ​និង​ទទួល​ប្រាក់​សំណូក​ប្រមាណ ១.៤៦០​លាន​រៀល ស្មើ​ប្រមាណ ៣៦៥.០០០​ដុល្លារ​អាមេរិក ពី​ប្រជា​នេសាទ និង​បទល្មើស​នេសាទ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ជួប​ជាមួយ​ភាគី​ចុង​ចោទ​ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​អធិការដ្ឋាន​ខាង​ជើង​បឹង​ទន្លេសាប ប្រចាំ​ខេត្ត​សៀមរាប លោក ព្រិន សាវិន ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​ដើម្បី​សន្ទនា។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធិ មាន​ប្រសាសន៍​ថា លោក​គ្រាន់តែ​បាន​ដឹង​ព័ត៌មាន​ជុំវិញ​ការ​ឃាត់​ខ្លួន​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំដែក​ម្នាក់​នោះ ក៏ប៉ុន្តែ​លោក​មិន​អាច​ស៊ី​ជម្រៅ​ទេ ពីព្រោះ​រដ្ឋបាល​ជលផល​គឺ​ជា​មន្ត្រី​ជំនាញ​ដាច់​ដោយ​ឡែក៖ «អា​ហ្នឹង​ការងារ​របស់​គេ​ទេ ប៉ុន្តែ​មិន​ទាន់​ឃើញ​រដ្ឋបាល​ជលផល​ឱ្យ​របាយការណ៍​មក​សាលា​ខេត្ត​នៅ​ឡើយ»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ តំណាង​សហគមន៍​អ្នក​នេសាទ​ខេត្ត​សៀមរាប និង​ប្រជានេសាទ ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ក៏​ដូចជា​អ្នក​នេសាទ​នៅ​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ធ្លាប់​អះអាង​ថា បទល្មើស​នេសាទ​ត្រី​ដោយ​ប្រើ​កាណូត​ធំៗ ក្នុង​បឹង​ទន្លេសាប បាន​កើត​មាន​ជា​ច្រើន​កន្លែង ទាំង​នៅ​តំបន់​ចុងឃ្នៀស នៃ​ទឹក​ដី​ក្រុង​សៀមរាប នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង និង​នៅ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ដោយ​សមត្ថកិច្ច​ហាក់​មាន​ការ​បង្ក្រាប​តិចតួច​បំផុត។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា កាល​ពី ៣​ខែ​មុន គឺ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​បឹង​ទន្លេសាប ដូចជា​ក្រុម​ជនជាតិ​វៀតណាម ដែល​នេសាទ​ខុស​ច្បាប់ ព្រួត​គ្នា​វាយ​សំពង​មក​លើ​អ្នក​នេសាទ​ខ្មែរ នៅ​ឃុំ​កំពង់ភ្លុក និង​ករណី​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​របស់​អង្គការ​ដែល​ចុះ​ទៅ​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​នៃ​ការ​នេសាទ​នៅ​ស្រុក​ជីក្រែង ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត គាំទ្រ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ឃាត់​ខ្លួន​នាយ​រង​ផ្នែក​ជលផល​ដំដែក បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ និង​អំពើ​ពុករលួយ​នេះ ក៏ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​ការ​អនុវត្ត​ច្បាប់​នេះ​ឱ្យ​បាន​ស្មើភាព​គ្នា​ទៅ​លើ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លះ​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​គ្នា​នេះ​ដែរ៖ «យើង​ចង់​ឱ្យ​មាន​តម្លាភាព និង​យុត្តិធម៌ វា​ទាល់​តែ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ យើង​ត្រូវ​តែ​អនុវត្ត​ចំពោះ​មុខ​ច្បាប់​ដូច​គ្នា»

​នេះ​ជា​លើក​ទី​២​ហើយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​មន្ត្រី​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ កាល​ពី​ឆ្នាំ​មុន អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្លាប់​បាន​ចាប់​ខ្លួន​មន្ត្រី​ពន្ធដារ​របស់​ខេត្ត​សៀមរាប ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​ប្រាក់​ពន្ធ​រាប់​ម៉ឺន​ដុល្លារ។

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ករណី​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ដំដែក ឈ្មោះ រឹម សំអ៊ុន នេះ ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​មែន គឺ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។