មានមន្ត្រីតំណាងមកពីប្រទេសចំនួន៦ នៅតាមបណ្ដោយទន្លេមេគង្គមកចូលរួមក្នុងកិច្ចប្រជុំនោះ គឺមកពីប្រទេសកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មកពីប្រទេសចិន ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសភូមា ព្រមទាំងមានតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងការបើកកិច្ចប្រជុំនោះថា ថាមពលគឺជាមូលដ្ឋានយ៉ាងរឹងមាំបំផុតសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ប៉ុន្តែថាមពលក៏បង្កើតឲ្យមានហានិភ័យ និងគ្រោះថ្នាក់ដល់បរិស្ថានផងដែរ ៖ «ភាពព្រងើយកន្តើយចំពោះហានិភ័យនៃបរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ នឹងបង្កផលប៉ះពាល់យ៉ាងធំធេងទៅលើការប្រើប្រាស់ និងការផ្គត់ផ្គង់ទឹក ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ សន្តិសុខស្បៀង និងថាមពល និងជីវចម្រុះ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត បានមានប្រសាសន៍ថា ការអភិវឌ្ឍដោយមានការគិតគូរដល់បរិស្ថាន និងការទទួលខុសត្រូវ គឺជាការចាំបាច់ ៖ «ជាពិសេសគឺការយកចិត្តទុកដាក់ដល់និរន្តរភាពនៃទ្វារទឹក និងលំហូរទឹកនៃដងទន្លេមេគង្គ ដែលវាជាប្រភពចម្បងនៃការទ្រទ្រង់បរិស្ថានធម្មជាតិ និងជីវចម្រុះសម្រាប់ការផ្គត់ផ្គង់ ការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាជន»។
កន្លងមកមន្ត្រីជំនាញបរិស្ថានបានសម្ដែងការព្រួយបារម្ភថា គម្រោងការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គភាគខាងលើនៅប្រទេសចិន និងប្រទេសឡាវជាដើម គឺធ្វើឲ្យខូចខាតបរិស្ថាន ដូចជាការប្រែប្រួលចរន្តទឹក និងការរាំងស្ងួតជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ បានឲ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅមហាអនុតំបន់ទន្លេមេគង្គមានល្បឿនលឿនជាងការអភិវឌ្ឍនៅតាមតំបន់ផ្សេងៗទៀតនៅលើពិភពលោក ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមមានអត្រាចន្លោះពី ៥% ទៅ ១០% នៅពេលនេះ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ កន្លងទៅនេះ គណៈកម្មការទន្លេមេគង្គបានប្រកាសថា កម្ពុជាឡាវ ថៃ និង វៀតណាម បានឯកភាពគ្នាថា ត្រូវតែមានការពិគ្រោះយោបល់ជាមុនសិនមុន ការសម្រេចឲ្យប្រទេសឡាវ សាងសង់ទំនប់វារីអគ្គិសនីឈ្មោះ សាយ៉ាបូរីនោះ ដោយសារតែមានការព្រួយបារម្ភថា ការសាងសង់នោះគឺប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេមេគង្គនៃប្រទេសនីមួយៗ៕