ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២ករណីថ្មីទៀត ដែលជាការឆ្លងរីករាលដាលក្នុងសហគមន៍ចេញពីព្រឹត្តិការណ៍២៨ វិច្ឆិកា។
ក្រសួងឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ធ្នូថា អ្នកជំងឺទាំងពីរនោះ ម្នាក់ជាបុរសអាយុ២៣ បម្រើការនៅធនាគារចិន ដែលមានទីតាំងស្ថិតក្នុងអគារកាណាឌីយ៉ា។ ចំណែក ម្នាក់ទៀតជាស្ត្រីអាយុ ២១ ឆ្នាំ គឺជាបុគ្គលិកធនាគារមួយកន្លែងទៀត ក្នុងរាជធានីភ្នំពេញ។ អ្នកជំងឺទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា។
ក្រោយរកឃើញករណីថ្មីទាំងពីរនេះ អាជ្ញាធរបានសម្រេចបិទទីតាំងអគារកាណាឌីយ៉ាទាំងមូល និងសាខាធនាគារឯកជនមួយកន្លែងទៀតនៅផ្លូវសម្តេចប៉ាន ជាបណ្ដោះអាសន្នសិន ដើម្បីពិនិត្យសុខភាពអ្នកពាក់ព័ន្ធនៅតាមទីតាំងទាំងនោះ។
ចាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០២ ធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា បានជាង៨ ពាន់នាក់ (៨.៧៦៦) ក្នុងនោះអ្នកឆ្លងកូវីដ-១៩ មានចំនួន ១៩នាក់។
គិតត្រឹមព្រឹកថ្ងៃទី៣ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣៣១នាក់ ក្នុងនោះអ្នកបានជាសះស្បើយមានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលមានចំនួន ២៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
