ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនដល់ ៤.៩៣៨នាក់ ហើយ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មី ២៦២នាក់ទៀត គិតមកដល់រសៀលថ្ងៃទី១៦ មេសា។
អ្នកឆ្លងថ្មីទាំងនេះ មាននៅខេត្តព្រះសីហនុ សៀមរាប កណ្ដាល តាកែវ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ក្នុងនោះរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ (២៣២)។
ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មីនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺ ៧៤នាក់ បានជាសះស្បើយនៅថ្ងៃដដែលនេះ ដោយពួកគាត់ភាគច្រើន ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
តួលេខពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបង្ហាញថា គិតត្រឹមម៉ោង ១២:២០នាទី ថ្ងៃទី១៦ មេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៥.៤៨០នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ២.៣៩៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៣.០៤៤នាក់។ ដោយឡែកចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា មានចំនួន ៣៨នាក់។
ទាក់ទងនឹងរឿងកូវីដ-១៩ នេះដែរ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអះអាងលើហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៦ មេសាថា វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញជំហានទីពីររបស់រដ្ឋាភិបាលកម្ពុជា ចំនួន ៥សែនដូស នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី១៧ មេសា ស្អែកនេះ។ ចំណែកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ៤សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិនវិញ ស្ថានទូតចិនឱ្យដឹងថា នឹងមកដល់នៅចុងខែមេសានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
