៥១% នៃកុមារខ្មែរអាយុក្រោម ៥ឆ្នាំ កើតជំងឺខ្វះឈាមក្រហម
2024.09.26
កុមារខ្មែរអាយុក្រោម ៥ឆ្នាំ ចំនួន ៥១% នៅប្រទេសកម្ពុជា កើតជំងឺខ្វះឈាមក្រហម។ នៅកម្ពុជា មានពលរដ្ឋសរុបជាង ១៧លាននាក់ ក្នុងនោះមានកុមារជិត ៣០% អាយុក្រោម ១៤ឆ្នាំ គិតត្រឹមក្នុងឆ្នាំ២០២៣ ។
តើមូលហេតុអ្វីបានជាកុមារកើតជំងឺខ្វះឈាមក្រហម? តើគេអាចមានវិធីណាខ្លះ ដើម្បីបង្ការជំងឺមួយនេះ?
ជំងឺស្លេកស្លាំង ដែលកើតញឹកញាប់លើទារក ឬកុមារ គឺជំងឺខ្វះឈាមក្រហម ដោយសារខ្វះជាតិដែកក្នុងខ្លួន។ កុមារខ្វះឈាមក្រហម បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងមានបញ្ហាលូតលាស់តិចតួច ទាំងរូបរាងកាយ និងប្រាជ្ញាស្មារតី។ កោសិកាឈាមក្រហម នាំអុកស៊ីហ្សែនពីសួត ទៅកាន់ផ្នែកផ្សេងៗ នៃរាងកាយ។ សរីរាង្គទាំងអស់ក្នុងរាយកាយ ត្រូវការអុកស៊ីហ្សែន ដើម្បីអាចដំណើរការបាន។ ប្រសិនបើគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងឈាម មនុស្សគ្រប់វ័យ មិនថាតែកុមារនោះទេ បណ្តាលឲ្យអស់កម្លាំងល្ហិតល្ហៃ ស្លេកស្លាំង និងពិបាកដកដង្ហើម។
គ្រូពេទ្យជំនាញឯកទេសទូទៅ វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនិកមេត្តា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានចូលរួមសិក្ខាសាលាមួយ កាលពីពេលថ្មីៗ នេះ ដែលបានបង្ហាញថា កុមារ ៥១% អាយុក្រោមអាយុ ៥ឆ្នាំ កើតជំងឺខ្វះឈាមក្រហម។ លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា កង្វះឈាមក្រហមនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់កុមារ។
វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ការសិក្សាលើក្មេង អាយុក្រោម ៥ឆ្នាំ មាន៥១% មានបញ្ហា ខ្វះឈាមក្រហម គ្រាន់តែអ្នកខ្លះខ្វះតិច ខ្លះខ្វះច្រើន។ សញ្ញានេះ គួរឲ្យព្រួយបារម្ភជាខ្លាំង ព្រោះក្មេងត្រូវការគ្រាប់ឈាមក្រហម ដើម្បីការលូតលាស់ យកទៅចិញ្ចឹមខួរក្បាល និងសរីរាង្គផ្សេងទៀត។ ដូច្នេះ កង្វះគ្រាប់ឈាមតាំងពីក្មេងអ៊ីចឹង ធ្វើឲ្យធំឡើងប្រាជ្ញាមិនសូវល្អទេ។ ការសិក្សាហ្នឹង គេយកក្មេងខ្វះគ្រាប់ឈាមក្រហម ទៅថតខួរក្បាល ឃើញថា ស្រអាប់ មិនលូតលាស់ល្អ ដល់ធំឡើង ក្មេងឆ្លាតទេ»។
គេហទំព័រសុខភាពវ៉ឹបអឹមឌី (WebMD) នៅសហរដ្ឋអាមេរិកឲ្យដឹងថា មូលហេតុចំបង៣ធំៗ បណ្ដាលឲ្យកើតជំងឺខ្វះឈាមក្រហម ចំពោះកុមារ រួមមាន ទី១ ការបាត់បង់កោសិកាឈាមក្រហម ទី២ ខ្លួនប្រាណមិនអាចបង្កើតកោសិកាឈាមក្រហមបានគ្រប់គ្រាន់ និងទី៣ វិញ គឺកោសិកាក្រហម ត្រូវបានបំផ្លាញ។ ការថយចុះបរិមាណឈាមក្រហម អាចដោយសារកត្តាពូជ ដែលនាំឲ្យមានជំងឺគ្រាប់ឈាមក្រហមពីកំណើត មានបញ្ហាក្នុងប្រព័ន្ធការពារខ្លួន មានបញ្ហាជំងឺឆ្លង ឬជំងឺមួយចំនួន ការប្រើឱសថ កង្វះវីតាមីន កង្វះសារធាតុរ៉ែ ឬដែកក្នុងរបបអាហារ។
ប្រភពដដែលបន្តថា កុមារ ឬទារក ដែលរងគ្រោះខ្ពស់ ដោយសារជំងឺខ្វះឈាមក្រហម អាចបណ្ដាលមកពីទារកកើតមកមិនគ្រប់ខែ ខ្វះទំងន់ ទារក ឬកុមាររស់នៅក្នុងភាពក្រីក្រ ខ្វះស្បៀងអាហារ កង្វះអាហារូបត្ថម្ភ ដោយសារបរិភោគអាហារខ្វះជាតិដែក ខ្វះជាតិអាស៊ីដហ្វូលីក (folic acid) ខ្វះវីតាមីនបេ១២ ទទួលការវះកាត់ ខ្វះឈាមក្រហម មានជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺថ្លើម និងជំងឺមហារីកជាដើម។
ចំពោះរោគសញ្ញាកុមារ ដែលខ្វះឈាមក្រហមវិញ រួមមាន ស្បែក បបូរមាត់ ឬដៃ និងត្របកភ្នែក ឡើងស្លេកស្លាំង ឈឺ ឬហើមអណ្តាត រាងកាយចុះខ្សោយ អស់កម្លាំងល្ហិតល្ហៃ ឆាប់នឿយហត់ ឈឺក្បាល វិលមុខ មួម៉ៅខឹងច្រើន សង្វាក់បេះដូងដើរញាប់ ដកដង្ហើមថប់ៗ ឈឺក្នុងឆ្អឹង ឈឺសន្លាក់ ឈឺពោះ ចុងដៃចុងជើងត្រជាក់ និងមិនអាចផ្ចង់អារម្មណ៍នៅក្នុងថ្នាក់រៀនបាន។
វេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍បន្តថា ការស្រាវជ្រាវដដែលនោះ ក៏បានរកឃើញថា ឪពុកម្តាយ និងអាណាព្យាបាលកុមារ មិនមានចំណេះដឹងទូទៅ ក្នុងការបំប៉នសុខភាពរបស់កុមារទេ។ ភាគច្រើនឲ្យកុមារទទួលទានបបរជាមួយទឹកស៊ីអ៊ីវ ឬអំបិល ដែលគ្មានជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់របស់កុមារនោះឡើយ៖
វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «បច្ចុប្បន្ន សំខាន់ គឺចំណេះដឹងរបស់ឪពុកម្ដាយ។ កាលពីជំនាន់មុនយើងគិតថា កង្វះអាហារូបត្ថម្ភសម្រាប់កុមារ ដោយសារគាត់គ្មានលុយគ្មានប្រាក់។ ប៉ុន្តែ ការសិក្សានោះក៏បានបង្ហាញថា ទោះបីអ្នកមានកម្រិតរស់នៅមធ្យម និងអ្នកខ្លះកម្រិតអ្នកមានក៏ដោយ ក៏កូនមានបញ្ហាខ្វះគ្រាប់ឈាម នៅពេលសាកសួរទៅសូម្បីអ្នកនៅទីក្រុងភ្នំពេញ មកពិនិត្យសុខភាពកូន បញ្ចុកបបរកូនជាមួយទឹកស៊ីអ៊ីវ អំបិល និងបេះសាច់ដាក់ឱ្យតូចៗ បញ្ចុកទៅញ៉ាំអត់បានគ្រប់គ្រាន់ អ៊ីចឹងប៉ះពាល់ធ្ងន់ធ្ងរមែនទែន ដល់ការលូតលាស់របស់កុមារ»។
ការផ្ទុកជាតិដែកក្នុងខ្លួន គឺចាំបាច់សម្រាប់បង្កើតអេម៉ូក្លូប៊ីនថ្មី (Hemoglobin) និងកោសិកាឈាមក្រហម។ បញ្ហាខ្វះឈាមក្រហមរបស់កុមារ អាស្រ័យលើមូលហេតុ អាយុ និងរោគសញ្ញារបស់វា។ ករណីខ្លះជំងឺខ្វះឈាមក្រហម មិនចាំបាច់ ត្រូវការព្យាបាលទេ ប៉ុន្តែករណីខ្លះត្រូវការលេបថ្នាំ បញ្ចូលឈាម ការវះកាត់ ឬការប្ដូរកោសិកា។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំដល់មាតាគ្រប់រូបថា ដើម្បីបង្ការជំងឺខ្វះឈាមក្រហមសម្រាប់កុមារ នៅពេលទារកកើតមកត្រូវបំបៅដោះកូនដោយទឹកដោះម្ដាយ ហើយចាប់ពី ៦ខែទៅដល់ ២ឆ្នាំ ត្រូវបន្តបំបៅដោះកូនដោយទឹកដោះម្ដាយ ឬទឹកដោះគោ ដែលមានជាតិដែក និងឲ្យកុមារទទួលទានអាហារូបត្ថម្ភផ្សេងៗ រួមមាន បន្លែ ផ្លែឈើ ជាដើម។
វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ទារកដែលកើតភ្លាម ត្រូវបំបៅទឹកដោះម្ដាយឲ្យបានយ៉ាងតិច៦ ខែ ដើម្បីឲ្យទារកមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានអង់ទីគ័រ ការពារពីជំងឺធ្ងន់ធ្ងរផ្សេងៗ។ ចាប់ពី ៦ខែ ដល់ ២ឆ្នាំ ក្រៅពីទឹកដោះម្ដាយ គាត់អាចថែមទឹកដោះគោ ប៉ុន្តែ សំខាន់បំផុត គឺផ្ដល់អាហារ ៣ក្រុម រួមមាន អាហារសាងសង់ អាហារការពារ និងអាហារស្ថាបនា។ អាហារសាងសង់ មានជាតិសាច់ ដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ ស៊ុត។ ដូចនេះ ត្រូវបរិភោគអាហារសាងសង់នេះ ដើម្បីសាងសង់ខួរក្បាល និងសរីរាង្គ។ អ៊ីចឹងត្រូវញ៉ាំអាហារសាងសង់ មានជាតិសាច់ បន្លែគ្រប់មុខ ឲ្យបាន ៣ដងក្នុងមួយថ្ងៃ បូករួមទៅនឹងទឹកដោះម្ដាយ ឬទឹកដោះគោ»។
គេហទំព័រសុខភាពវ៉ឹបអឹមឌី (WebMD) បន្តថា ជាតិដែក គឺជាសារធាតុចិញ្ចឹម ដែលកុមារត្រូវការចាំបាច់ ដើម្បីការលូតលាស់ឲ្យបានត្រឹមត្រូវ។ ទារកកើតមកភ្លាម មានជាតិដែកក្នុងខ្លួន ប៉ុន្តែ ទារក ឬកុមារ ត្រូវការជាតិដែកបន្ថែមឲ្យបានគ្រប់គ្រាន់ពីម្ហូបអាហារ ដើម្បីការលូតលាស់ និងអភិវឌ្ឍន៍របស់កុមារ។ បន្ថែមពីនេះ កុំឲ្យកូនបៅទឹកដោះគោច្រើនពេក ក្មេងអាយុក្រោម ២ឆ្នាំ ញ៉ាំទឹកដោះគោ កុំឲ្យលើស ៤៨០មីល្លីលីត្រ និងកុមារអាយុក្រោម ៥ឆ្នាំ កុំឲ្យញ៉ាំទឹកដោះគោលើសពី ៧១០មីល្លីលីត ក្នុងមួយថ្ងៃ។ ការញ៉ាំទឹកដោះគោច្រើនពេក បណ្ដាលឲ្យខ្វះជាតិដែក និងបណ្ដាលឲ្យកុមារខ្វះអាហារូបត្ថម្ភ ដោយសារកុមារផឹកទឹកដោះគោច្រើន តែមិនបានទទួលទានអាហារូបត្ថម្ភគ្រប់គ្រាន់។
ម្ហូបអាហារសម្រាប់កុមារខ្វះឈាមក្រហម ឬអេម៉ូក្លូប៊ីន រួមមាន សាច់មាន់ សាច់ត្រី គ្រឿងសមុទ្ទ សាច់គោ និងថ្លើម ដែលសំបូរជាតិដែកខ្ពស់ សម្រាប់ជួយបង្កើតឈាមក្រហមឡើងវិញ។ ចំពោះបន្លែ ដែលសំបូរជាតិដែកដែរនោះ រួមមាន សណ្ដែកគ្រប់មុខ បន្លែបៃតង ដូចជា ត្រកួន ខាត់ណា ស្ពីណាច (Spinach) ប៉េងប៉ោះ ដំឡូងជ្វា ស៊ុតមាន់ទា ដែលសំបូរជាតិប្រូតេអ៊ីន និងអង់ទីអុកស៊ីដែន (Anti-oxidants)។ ចំពោះផ្លែឈើវិញ គួរទទួលទានផ្លែឈើគ្រប់មុខ ដូចជា ក្រូច ស្ត្រប៊ែរី (Strawberry) ទំពាំងបាយជូរ ចេកអំបូង ត្របែក ផ្លែល្ហុង ផ្លែប៊ឺរ (Avocado) និងគ្រាប់ធញ្ញជាតិ ដូចជា គ្រាប់ស្វាយចន្ទីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។