ក្រសួង​សុខាភិបាល​រម្លឹក​ពលរដ្ឋ កុំ​ឱ្យ​ធ្វេស​ប្រហែស​នឹង​ជំងឺ​កូវីដ-១៩ ជា​ពិសេស​ក្នុង​រដូវ​ទឹក​ជំនន់

0:00 / 0:00

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល រម្លឹក​ពលរដ្ឋ​ថា មិន​ត្រូវ​ធ្វេសប្រហែស​នឹង​ជំងឺ​កូវីដ-១៩ ជាពិសេស​ក្នុង​រដូវ​ទឹកជំនន់ ដោយសារ​ប្រទេសជិតខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​នេះ ដ៏​ខ្លាំងក្លា​នៅឡើយ​។ ជាង​នេះ​ទៅ​ទៀត ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ អនុវត្ត​វិធានការ​បង្ការ​ជាប់​ជានិច្ច។

វិធានការ​បង្ការ​ដែល​ក្រសួងសុខាភិបាល បន្ត​រម្លឹក និង​ណែនាំ​កាលពី​ថ្ងៃ​ទី២១ ខែ តុលា​នោះ រួមមាន ការអនុវត្ត​អនាម័យ មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​​ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង និង​ការ​ចាក់​ធុងបាស​រាំ។ ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល ដូចជា​អង្គុយ ឬ ឈរ​រង់​ចាំ ឬ​ឈរ​ជជែក​គ្នា ឲ្យ​ឃ្លាត​ពី​គ្នា​យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​។ ម្យ៉ាងទៀត ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល​សម្លាប់​មេរោគ។

ទោះជា​មាន​សារ​រម្លឹក និង​ណែនាំ​ជាប្រចាំ​បែបនេះ​ក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​បាន​អនុវត្ត​តាម​នោះ​ទេ​។ សូម្បីតែ​លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល និង​គួរតែ​ជា​គំរូ​ក្នុង​ការ​អនុវត្ត​វិធានការ​បង្ការ​នេះ ក៏​លោក​មិនដែល​ឃើញ​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​ម្តង​ណា​ឡើយ រាល់ពេល​ដែល​លោក​ចុះទៅ​ជួប​ពលរដ្ឋ ជាពិសេស ការ​ចុះ​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ពេល​ថ្មីៗ​នេះ​។ ចំណែក​ឯ​មន្ត្រី​ហែហម​លោក​ទៀតសោត មាន​តិចតួច​ណាស់ ដែល​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ។

ក្នុងពេលដែល​មន្ត្រី​ជាច្រើន​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ផ្ទាល់​មិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​បុគ្គល​ផង​នោះ បែរ​លោក​ឆ្លៀត​ដាស់តឿន​ក្រើន​រម្លឹក​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខ្លះ នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ពេល​លោក​ចុះទៅ​ជួប​ពួកគាត់ កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឲ្យ​ចេះ​ប្រយ័ត្នប្រយែង និង​ការពារ​ខ្លួន​ពី​ជំងឺ​នេះ៖ «តម្រូវ​ឲ្យ​លោកយាយ​លោកតា និង​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើ​ការ​ពាក់​ម៉ាស់​។ ពី​មុន​មក​កម្រ​នឹង​ពាក់​ណាស់​ ! ក៏ប៉ុន្តែ​ឥឡូវនេះ យើង​ត្រូវតែ​ពាក់​ម៉ាស់ ហើយ​មុន​នេះ យើង​ចាប់​ដៃ​គ្នា​។ ប៉ុន្តែ ឥឡូវ​យើង មិន​ចាប់ដៃ​គ្នា​ទៀត​ទេ​។ លើកដៃ​សំពះ​គ្នា»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២០។ (រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

កម្ពុជា ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​បួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​ភព្វ​វាសនា​ជាងគេ នៅ​ក្នុង​តំបន់ ដោយសារ​តែ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោម ៣០០ ករណី និង​មិន​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​នេះ គិត​មក​ត្រឹម​ថ្ងៃ​ទី២១ ខែ​តុលា។ កម្ពុជា​មាន ២៨៦​ករណី ប្រ៊ុយណេ (Brunei) មាន ១៤៧ ករណី ទីម័រ​ខាងកើត (East Timor) ២៩ ករណី និង​ឡាវ (Lao) ២៤​ករណី។

ទោះបីជា​ក្រសួង​សុខាភិបាល​កម្ពុជា ដាក់​ចេញ​វិធានការ​ណែនាំ ដូចជា​ឲ្យ​ពាក់​ម៉ាស់​ការពារ រក្សា​គម្លាត​សង្គម និង​អនាម័យ​ជាដើម​ក្ដី កុំថាឡើយ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់ ​មិន​បាន​អនុវត្ត​តាម​វិធានការណ៍​ទាំងនេះ សូម្បីតែ​មន្ត្រីរាជការ ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល ក៏​នៅតែ​បំពាន​ដែរ។កម្មករ​រោងចក្រ ក៏​នៅតែ​ជិះ​រថយន្ត ឬ​រ៉ឺម៉ក​ម៉ូតូ ទៅ​ធ្វើ​ការ ដោយ​ឈរ ឬ​អង្គុយ​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ​។ រីឯ​នៅ​តាម​ទីផ្សារ​វិញ ពលរដ្ឋ​នៅតែ​ពាក់​ពពូន​គ្នា ទៅ​ទិញ​អីវ៉ាន់ ដោយ​ភាគច្រើន មិន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ​។ ពេល​បុណ្យទាន​ម្តងៗ នៅ​ទី​អារាម មាន​ប្រជាពលរដ្ឋ ច្រើន​កុះករ នៅ​ផ្ដុំ​គ្នា។

ប្រការ​នេះ ធ្វើ​ឲ្យ​ឱសថការី​ខ្មែរ​អូស្ត្រាលី​លោក លឹម សួរ ថា ការណ៍​ដែល​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​តិច គឺជា​ភព្វ​សំណាង​មួយ ដោយសារ​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ កត្តា​ប្រជាសាស្ត្រ ដូចជា​មិនសូវ​សម្បូរ​ពលរដ្ឋ ដែល​មាន​វ័យ​ចាស់​ជរា​ច្រើន កត្តា​រស់នៅ​មិនសូវ​ស្អាត​ពេក ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ (​ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំងក្លា​) អាច​ទប់​ទល់នឹង​មេរោគ និង​កត្តា​ជីវសាស្ត្រ​ជាដើម៖ «ហើយ​បញ្ហា​មួយទៀត ខ្ញុំ​យល់​ឃើញ​ថា ប្រហែល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ខ្លាំងក្លា ដោយសារ​ការ​រស់នៅ​របស់​គាត់ តាម​ភាព​ធម្មតា គាត់​ហូប​បន្ថែ​ផ្លែឈើ​ច្រើន គាត់​មិនសូវ​ញ៉ាំ​សាច់​ច្រើន ដូច​នៅ​ប្រទេស​ជឿនលឿន​។ ប្រទេស​ជឿនលឿន​គេ​តែងតែ​ញ៉ាំ​សាច់ ៩០ ក្រាម​ក្នុង​មួយថ្ងៃ​។ តែ​ពួកគាត់​ឯណោះ​វិញ ហូប​សាច់​បន្តិចបន្តួច ហូប​បន្លែ​ផ្លែឈើ​ច្រើន និង​បញ្ចេញ​ពលកម្ម​យ៉ាង​ច្រើន​។ ម្ល៉ោះហើយ​ការ​បញ្ចេញ​ពលកម្ម​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ធ្វើ​ឲ្យ​ខ្លួន​របស់​គាត់ មាន​ប្រព័ន្ធ​ការពារ​ខ្លាំង​មួយ​ដែរ»។

ទោះជា​ប្រទេស​កម្ពុជា មាន​ភព្វ​វាសនា​បែបនេះ​ក្ដី ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ នេះ កំពុង​រីក​រាលដាល​ជាថ្មី យ៉ាង​គំហុក នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក​។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព​របស់​សហរដ្ឋ​អាមេរិក លោក ហ្វ្រង់ស៊ីស ខូលីន (Francis Collins) ថាមូលហេតុ​ចម្បង​ដែ​នាំ​ឲ្យ​ជំងឺ​នេះ ឆ្លង​រាលដាល​ខ្លាំង​សាជាថ្មី គឺ​ដោយសារតែ​ការ​មិន​ពាក់​ម៉ាស់ មិន​រក្សា​គម្លាត​សង្គម ពពាក់ពពូន​គ្នា​ក្នុង​កន្លែង​ដែល​មិន​សូវ​មាន​ខ្យល់​ចេញចូល និង​មិនបាន​លាង​សម្អាត​ដៃ​ជាប្រចាំ​។ មន្ត្រី​ជំនាញ​សុខាភិបាល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់ កុំ​ធុញទ្រាន់​នឹង​វិធានការណ៍​ទាំងនេះ ព្រោះ​មេរោគ​មិន​ចេះ​ធុញទ្រាន់​ក្នុង​ការ​ចម្លង ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នោះ​ទេ។

ស្រប​ពេល​ដែល​ជំងឺ​នេះ វាយលុក​សន្ធាប់​បន្ថែម​ទៀត ការស្រាវជ្រាវ​រក​វ៉ាក់សាំង​ឯណោះ ក៏​កំពុង​ជួប​ឧបសគ្គ​ដែរ ដោយសារតែ​ក្រុមហ៊ុន​ស្រាវជ្រាវ​វ៉ាក់សាំង​ធំៗ​យ៉ាងហោចណាស់​បី ទាំង​នៅ​អាមេរិក និង​អង់គ្លេស រួមមាន​ក្រុមហ៊ុន Johnson & Johnson, Eli Lilly និង​ក្រុមហ៊ុន AstraZeneca បាន​ផ្អាក​ការសាកល្បង​ដំណាក់កាល​ទី​បី ដោយសារ​បញ្ហា​សុវត្ថិភាព ព្រោះ​អ្នកស្ម័គ្រចិត្ត​ឲ្យ​គេ​ចាក់​វ៉ាក់សាំង​ធ្វើតេស្ត​ចុងក្រោយ​នោះ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់។

ដោយសារតែ​បញ្ហា​សុវត្ថិភាព​នេះ លោក ហ្វ្រង់ស៊ីស ខូលីន (Francis Collins) ថា​យ៉ាងហោចណាស់ គេ​ត្រូវ​រង់ចាំ​រហូតដល់​ចុងខែ វិច្ឆិកា ទើប​អាច​មាន​តម្រុយ​ថ្មី​ខ្លះ អំពី​ថា តើ​នឹង​មាន​វ៉ាក់សាំង​បណ្ដោះអាសន្ន សម្រាប់​សេចក្តី​ត្រូវការ​បន្ទាន់​ខ្លាំង ឬ​យ៉ាងណា​។ ចំណែក​ឯ​ដំណឹង​អំពី​វ៉ាក់សាំង សម្រាប់​មនុស្ស​ទូទៅ គឺ​ត្រូវ​រង់ចាំ​រហូតដល់​ដើម​ឆ្នាំ ២០២១ ឯណោះ។

ក្នុង​ពេល​អន្តរកាល​នេះ មន្ត្រី​សុខាភិបាល​អាមេរិក រម្លឹក​ឲ្យ​ពលរដ្ឋ​ទាំងអស់ មិន​ចំពោះតែ​ពលរដ្ឋ​អាមេរិក​នោះ​ទេ គឺ​ត្រូវ​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ត្រូវ​រក្សា​គម្លាត​បុគ្គល និង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ហាម​យកដៃ​ញី​ភ្នែក ប៉ះ​ច្រមុះ និង​មាត់ លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​ជាប្រចាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។