នៅពេលដែលមនុស្សប៉ះទង្គិចដាច់រលាត់លើរាងកាយត្រង់កន្លែងណាមួយ ហើយនៅតែហូរឈាមមិនឈប់ មានន័យថា មនុស្សនោះកើតជំងឺមួយប្រភេទដែលក្រុមគ្រូពេទ្យហៅថា ហេម៉ូហ្វីលា (Hemophilia)។
នៅកម្ពុជាបច្ចុប្បន្ន បញ្ហាអ្នកកើតជំងឺឈាមមិនកកនេះ កំពុងតែប្រឈមមុខជាច្រើន ដោយសារតែខ្វះខាតថវិកាថ្លៃព្យាបាលរយៈពេលយូរ ព្រមទាំងមិនទាន់មានគ្រូពេទ្យឯកទេសគ្រប់គ្រាន់នៅឡើយ។
សមាគមជំងឺ ហេម៉ូហ្វីលា និងក្រុមគ្រូពេទ្យ បានអំពាវនាវឱ្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងក្រុមហ៊ុនឱសថអន្តរជាតិនានា ជួយឧបត្ថម្ភទាំងថវិកា និងជំនួយផ្សេងទៀត ដើម្បីឱ្យការព្យាបាលជំងឺនេះមានតម្លៃថោក ក៏ដូចជាផ្ដល់ក្ដីសង្ឃឹមដល់អ្នកជំងឺនិងក្រុមគ្រួសារ។
ការអំពាវនាវបានធ្វើឡើងនៅស្របពេលដែលគេដឹងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានអ្នកកើតជំងឺនេះ ហើយត្រូវការព្យាបាលរយៈពេលយូរ ក៏ប៉ុន្តែបញ្ហាគឺខ្វះគ្រូពេទ្យឯកទេស ព្រមទាំងថ្នាំព្យាបាលមិនគ្រប់គ្រាន់តាមតម្រូវការនៅឡើយ។
ដោយសារតែដឹងថា អ្នកជំងឺឈាមមិនកក ឬហៅថា ហេម៉ូហ្វីលា នៅកម្ពុជា កំពុងប្រឈមមុខនឹងការខ្វះខាតលើបញ្ហាព្យាបាលនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ សមាគមជំងឺ ហេម៉ូហ្វីលា កម្ពុជា បានធ្វើសិក្ខាសាលាមួយដើម្បីអប់រំដល់អ្នកជំងឺឱ្យយល់ដឹងពីការថែរក្សាសុខភាពនិងកុំឱ្យអស់សង្ឃឹមក្នុងជីវិត។
ប្រធានសមាគមជំងឺហេម៉ូហ្វីលា កម្ពុជា គឺលោក គង់ ស៊ីថាន។ លោកមានប្រសាសន៍ថា បច្ចុប្បន្នអ្នកកើតជំងឺហេម៉ូហ្វីលា មួយចំនួន កំពុងប៉ះទង្គិចផ្លូវចិត្តនិងអារម្មណ៍ធ្ងន់ធ្ងរ។ លោក គង់ ស៊ីថាន បញ្ជាក់ទៀតថា សមាគមជំងឺហេម៉ូហ្វីលា កំពុងប្រឹងប្រែងលើការងារអប់រំឱ្យសាធារណជនយល់ដឹងពីជំងឺនេះ ព្រមទាំងបញ្ចុះបញ្ចូលឱ្យក្រសួងសុខាភិបាល និងសប្បុរសជនជួយគាំទ្រក្នុងការព្យាបាលឱ្យមានតម្លៃថោក៖ «យើងដឹងថា អ្នកជំងឺគាត់ប៉ះទង្គិចផ្ទាល់ហើយ ទៅលើផ្លូវចិត្តនិងផ្លូវអារម្មណ៍របស់គាត់ ប៉ុន្តែដោយឡែកអ្នកមើលថែអ្នកជំងឺក៏គាត់មានការប៉ះទង្គិចដែរ»។
ជំងឺហេម៉ូហ្វីលា ដែលហូរឈាមមិនឈប់នៅពេលដែលមានការប៉ះទង្គិចលើរាងកាយត្រង់ណាមួយនោះ វាមិនមែនហូរឈាមលឿនជាងមនុស្សធម្មតាទេ ក៏ប៉ុន្តែវាខុសគ្នានៅត្រង់ថា អ្នកជំងឺនេះហូរឈាមមិនឈប់។
គ្រូពេទ្យដែលព្យាបាលជំងឺនេះ ពន្យល់ថា អ្នកកើតជំងឺហូរឈាមមិនឈប់បណ្ដាលមកពីខ្វះធាតុឈាមកកម្យ៉ាង ដែលភាសាអង់គ្លេសហៅថា ខ្លូធីង ហ្វាក់ទ័រ (Clotting Factor) មិនគ្រប់គ្រាន់។
អនុប្រធានសមាគមជំងឺហេម៉ូហ្វីលា កម្ពុជា លោក សែម សុបញ្ញា មានប្រសាសន៍ថា ការព្យាបាលជំងឺហូរឈាមមិនឈប់នៅកម្ពុជាបច្ចុប្បន្ន គឺមន្ទីរពេទ្យពុំមានផ្លាស្មា និងហ្វាក់ទ័រ (Factor) គ្រប់គ្រាន់ ខ្វះខាតគ្រូពេទ្យជំនាញជាច្រើន ព្រមទាំងខ្វះខាតថវិកាទ្រទ្រង់ផង។
លោក សែម សុបញ្ញា អំពាវនាវឱ្យអ្នកជំងឺហេម៉ូហ្វីលា ទាំងអស់ចូលរួមជាសមាជិកនៃសមាគម ហើយសមាគមក៏អំពាវនាវរកអង្គការមនុស្សធម៌ និងសប្បុរសជននានា ឱ្យជួយគាំទ្រថវិកាក្នុងគោលបំណងជួយដល់អ្នកជំងឺហេម៉ូហ្វីលា និងក្រុមគ្រួសារដែរ៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកមានវិបត្តិហូរឈាម និងក្រុមគ្រួសារទាំងអស់ ឱ្យបន្ត និងមានក្តីសង្ឃឹមក្នុងការរស់នៅទាំងក្នុងសង្គមគ្រួសារ សង្គមជាតិ ការអប់រំ និងវិស័យផ្សេងៗទៀត»។
រយៈពេល ៥-៦ឆ្នាំកន្លងមកនេះ ជំងឺហេម៉ូលីលា នៅកម្ពុជា មិនមានមន្ទីរពេទ្យព្យាបាលទូលំទូលាយគ្រប់ទីកន្លែងទេ។ បច្ចុប្បន្ន អ្នកកើតជំងឺនេះ គឺទទួលបានការព្យាបាលពីមន្ទីរពេទ្យចំនួន ២កន្លែង មួយកន្លែងនៅមន្ទីរពេទ្យកុមារជាតិ ទីក្រុងភ្នំពេញ និងមួយកន្លែងទៀត នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
គ្រូពេទ្យព្យាបាលជំងឺហេម៉ូហ្វីលា នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ស៊ឹង ហេង មានប្រសាសន៍ថា ជំងឺហេម៉ូហ្វីលា គឺជាប្រភេទជំងឺដែលត្រូវការព្យាបាលយូរអង្វែង ដោយមានទាំងការបញ្ចូលឈាមជួយផង ក្នុងករណីចាំបាច់។
លោកវេជ្ជបណ្ឌិត ស៊ឹង ហេង ពន្យល់ថា ជំងឺហូរឈាមមិនឈប់នេះ គឺជាប្រភេទជំងឺដែលអ្នកកើតខ្លួនឯងមិនដឹង និងមិនចាប់អារម្មណ៍ផង។ វាអាចឱ្យយើងដឹងនៅពេលណាដែលមានការមុតបន្តិចបន្តួច ឬក៏ដកធ្មេញជាដើម ក៏ប៉ុន្តែវាមានអាការៈហូរឈាមមិនឈប់។ សញ្ញាខ្លះទៀត នៅពេលដែលប៉ះទង្គិចបន្តិចបន្តួច គឺធ្វើប៉ោងស្បែក ហើមក្របាត់ ឬក៏ជាំដោយមានឈាម ក៏ជាប្រភេទនៃជំងឺហេម៉ូហ្វីលាដែរ៖ «បើសិនជាយើងអត់ទាន់ដឹងថា វាជាជំងឺហេម៉ូហ្វីលាទេ គឺវាអាចប្រឈមនឹងការគ្រោះថ្នាក់ច្រើន ដូចជាការហូរឈាមមិនបាត់ ជាពិសេសការប៉ះទង្គិចធ្ងន់ មិនហូរឈាមមកក្រៅទេ ប៉ុន្តែអាចហូរឈាមក្នុងខួរក្បាល ឬក៏ហូរឈាមក្នុងកន្លែងធ្ងន់ធ្ងរណាមួយ ជាពិសេសក្នុងផ្លូវដង្ហើម ឬក៏ក្នុងពោះ»។
ជំងឺហេម៉ូហ្វីលាខ្លះ អាចកើតមានតាមរបៀបតំណពូជពីមនុស្សមួយជំនាន់ទៅមួយជំនាន់ទៀត។ លោកវេជ្ជបណ្ឌិត ស៊ឹង ហេង បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នអាចមានអ្នកជំងឺហេម៉ូហ្វីលា ប្រមាណ ១.៥០០នាក់។
នៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចាប់តាំងពីអំឡុងឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន គេបានទទួលព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ចំនួនជាង ១០០នាក់។
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឱ្យដឹងថា សម្រាប់ការព្យាបាលជំងឺនេះទៅអនាគតមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ គឺគេត្រូវការកិច្ចគាំទ្រទាំងថវិកា និងអ្នកឯកទេសឱ្យគ្រប់គ្រាន់ ជាពិសេសទាមទារឱ្យមានការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញជាច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។