ក្រសួងអប់រំប្រកាសបើកគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ០៣វិច្ឆិកា ព្រមទាំងអនុញ្ញាតឲ្យបើកដំណើរការនូវពហុកីឡាដ្ឋានជាតិអូឡាំពិកឡើងវិញ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ។ មន្ត្រីសង្គមស៊ីវិលសាទរចំពោះការបើកសាលារៀនឡើងវិញ ប៉ុន្តែស្នើឲ្យក្រសួងត្រូវមានវិធានការបន្ថែម ដើម្បីកុំឲ្យមានផ្ទុះឡើងជាថ្មី នូវជំងឺកូវីដ-១៩។
រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ វិច្ឆិកា ថា ក្រសួងនឹងបើកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាឡើងវិញ ដោយអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ការពារក្នុងបរិវេណសិក្សា។ លោកបន្តថា ការបើកសាលាឡើងវិញ គឺដើម្បីឲ្យសិស្សានុសិស្សបានចូលរៀន បំប៉នបន្ថែម ជាពិសេសដើម្បីឱ្យសិស្សថ្នាក់ទី៩ និងទី១២ បានត្រៀមខ្លួនសម្រាប់ការប្រឡងនៅពេលឆាប់ៗខាងមុខ៖ «ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាអនុវត្តកម្មវិធីសិក្សាឲ្យបានពេញលេញ ហើយក៏យើងផ្ដល់រយៈពេលចំនួន៣ខែឲ្យគាត់រៀនបន្ថែមទៀត។ ថ្វីត្បិតតែក្រសួងនឹងត្រូវធ្វើការវាយតម្លៃការអនុវត្តកម្មសិក្សា ក៏យើងឃើញថា អ្វីដែលយើងផ្តល់ជូនពេលវេលាបន្ថែមនេះ គឺគ្រប់គ្រាន់សម្រាប់សិស្សនៅក្នុងការរៀន។ អញ្ចឹង គឺយើងនៅរក្សាស្តង់ដារដដែល ព្រោះអ្វី ? យើងចង់ឲ្យសិស្សយើងមានសមត្ថភាពខ្ពស់ ទោះបីជាកូវីដក្តី មិនកូវីដក្តី គាត់ចេញទៅគឺអាចរកការងារធ្វើបាន អាចរៀនបន្តបាន ហើយនឹងមិនមានការរើសអើងទេនៅក្នុងសង្គមយើង»។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ចំណែកការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ។
ក្រសួងអប់រំអំពាវនាវឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សកុំរើសអើងកម្រិតគុណភាពសញ្ញាប័ត្ររបស់សិស្សក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩។
ក្រៅពីនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជូនដំណឹងឲ្យគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា នេះផងដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ថ្លែងថា នេះជារឿងល្អដែលរដ្ឋាភិបាលបើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ដោយសារពួកគេរងផលប៉ះពាល់ខ្លាំងលើការសិក្សាក្នុងអំឡុងពេលជំងឺកូវីដ-១៩។ លោកស្រីបន្តថា ការផ្តល់ការសិក្សាតាមរយៈអនឡាញ សិស្សានុសិស្សពុំមានពេលវេលាគ្រប់គ្រាន់ និងយល់ច្បាស់ដូចការសួរដេញដោលនៅតាមសាលារៀននោះទេ។ ទោះជាយ៉ាងណា លោកស្រីនៅតែបារម្ភពីការគ្រប់គ្រង និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនៅតាមគ្រឹះស្ថានអប់រំនានានៅឡើយ។ លោកស្រីស្នើឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ដោយមិនត្រូវធ្វេសប្រហែសចំពោះការរាលដាលជំងឺកូវីដ-១៩ នោះឡើយ៖ « ខ្ញុំគិតថា សុំឲ្យក្រសួងសុខាភិបាលកុំលាក់ព័ត៌មាន គួរតែបញ្ចេញព័ត៌មានពីបញ្ហាកូវីដនេះឲ្យច្បាស់ ដើម្បីងាយស្រួលក្នុងការបង្ការទាំងអស់គ្នា ងាយស្រួលក្នុងការទប់ស្កាត់ និងការពារខ្លួនកុំឲ្យយើងលាក់ព័ត៌មាន បានន័យថា ដូចជាសម្លាប់រាស្ត្រទាំងប្រទេសអ៊ីចឹង។ អ៊ីចឹងគួរតែបញ្ចេញព័ត៌មានពិតៗ បើជាឲ្យដឹងជា នៅឲ្យដឹងនៅ ដូច្នេះធ្វើឲ្យយើងទាំងអស់គ្នា រាស្ត្រទាំងអស់គ្នាទុកចិត្តហើយជឿជាក់ និងការពារខ្លួនតាមអ្វីដែលក្រសួងសុខាភិបាលបានចាត់វិធានការ ក៏ដូចជាដាក់វិធានការដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេងមួយ កាលពីថ្ងៃទី១៨ វិច្ឆិកា ដោយប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ នៅថ្ងៃទី១៩ វិច្ឆិកា ចំណែកតាមបណ្ដាខេត្តនានា នឹងបិទបញ្ចប់បន្តបន្ទាប់គ្នា រហូតដល់ថ្ងៃទី២៥ វិច្ឆិកា ដើម្បីឲ្យប្រជាពលរដ្ឋបានត្រឡប់ទៅរស់នៅធម្មតាវិញ។ លោកបញ្ជាឱ្យគ្រប់ស្ថាប័នរដ្ឋបើកដំណើរការឡើងវិញទីតាំងដែលខ្លួនគ្រប់គ្រង ដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក រោងភាព និងសារមន្ទីរ ជាដើម។ លោក ហ៊ុន សែន ក៏អនុញ្ញាតឱ្យមានការរៀបចំពិធីដែលប្រមូលផ្តុំមនុស្សច្រើន ដូចជា ការរៀបអាពាហ៍ពិពាហ៍ ជាដើមផងដែរ ក្រោមហេតុផលថា រក្សាប្រពៃណី៖ «ខ្ញុំក៏បានណែនាំឯកឧត្ដម ម៉ម ប៊ុនហេង ហើយឲ្យបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តអីជាដើម ប៉ុន្តែត្រូវអនុវត្តនូវការណែនាំរបស់សុខាភិបាលដូចមុនថ្ងៃ០៣វិច្ឆិកា កន្លងទៅនេះ អ៊ីចឹងសូមឲ្យគ្រប់ទីកន្លែងទាំងអស់ផ្តល់ភាពងាយស្រួលសម្រាប់ចលនារបស់ប្រជាពលរដ្ឋទៅតាមរបៀបថ្មីដែលមិនមានការកកកុញ ប្រមូលផ្តុំច្រើនហួស រក្សាគម្លាតឲ្យបានល្អ គឺនេះជាដំណើរការមួយដែលយើងហៅថា ប្រើជីវិតធម្មតាតាមរបៀបថ្មី»។
ទោះជាបែបនេះក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្វាគមន៍ការបើកសាលារៀន និងទីតាំងមួយចំនួនឡើងវិញ ប៉ុន្តែទទូចឲ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ លោកលើកឡើងថា កម្ពុជាធ្លាប់មានមេរៀនម្តងរួចមកហើយពីករណីនៃការរីករាលដាលនេះ ដូច្នេះ មិនគួរឲ្យមានទៀតនោះទេ៖ «ឲ្យតែអ្នកនៅធ្វើចត្តាឡឺស័ក មិនទាន់បានចេញអស់ មិនទាន់បានបញ្ចប់អស់ អាហ្នឹងនៅតែមានការព្រួយបារម្ភអ៊ីចឹង។ ទន្ទឹមនឹងការព្រួយបារម្ភហ្នឹង ត្រូវតែមានវិធានការដោយបុគ្គលម្នាក់ៗជាទូទៅនៅក្នុងការធ្វើការទប់ស្កាត់តាមរយៈការពាក់ម៉ាស់ ពាក់អីហ្នឹង ហើយអាជ្ញាធររដ្ឋក៏ត្រូវតែមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយបណ្ដាញផ្សព្វផ្សាយទាំងជាតិ និងអន្តរជាតិដែរ ក៏គួរតែមានការចូលរួមនៅក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដែរ នៅក្នុងការវិធានការបង្ការ ហើយនឹងការពារកូវីដ - ១៩ហ្នឹង»។
គិតត្រឹមថ្ងៃទី១៩ វិច្ឆិកា អ្នកកើតកូវីដ-១៩ សរុបក្នុងប្រទេសកម្ពុជាមានចំនួន ៣០៤នាក់ ក្នុងនោះជាសះស្បើយចំនួន ២៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៣នាក់ ដោយមិនទាន់មានករណីស្លាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។