ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​សាសនា​ឥស្លាម​គោរព​ប្រតិបត្តិ​ជំនឿ​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ជំងឺ​កូវីដ១៩

ក្រសួង​សុខាភិបាល​អនុញ្ញាត​ជន​ជាតិ​ចាម​គោរព​ប្រតិបត្តិ​សកម្មភាព​សាសនា​របស់​ខ្លួន​ឡើង​វិញ​នៅ​តាម​វិហារ​ តែ​ការ​អនុញ្ញាត​ នេះ​ធ្វើ​ឡើង​ជា​ដំណាក់ៗ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ ទី១១ ខែកញ្ញា​ខាង​មុខ​នេះ​តទៅ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​សាកល្បង​រយៈ​ពេល​៤​ សប្ដាហ៍​ប៉ុណ្ណោះ​តែ ត្រូវ​អនុវត្ត​វិធាន​ការ​ការពារ​សុខភាព​របស់​ក្រសួង​សុខាភិបាល​ជានិច្ច។

វិធាន​ការ​ដែល​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អនុវត្ត​នោះ គឺ​ពាក់​ម៉ាស់ វាស់​កម្ដៅ​លាង​ដៃ​ជា​ប្រចាំ​ និង​អាល់កុល​រំងាប់​មេរោគ​ និង​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​តិច​ ១.៥​ ម៉ែត្រ។​ ហាម​ក្មេងៗ តូចៗ និង​អ្នក​មាន​ជំងឺ​ផ្សេង​ចូល​រួម។

ក្រសួង​ក៏​ហាម​ចាប់​ដៃ​គ្នា​នៅ​ពេល​គោរព​គារវកិច្ច​ ដោយ​ជំនួស​នូវ​ការ​លើក​ដៃ​ និង​និយាយ​ពាក្យ​ស្វាគមន៍​ បែប​សាសនា​ឥស្លាម​វិញ​ ហើយ​បែក​គ្នា​ ក្រោយ​បញ្ចប់​ការ​ថ្វាយ​បង្គំ​ ប្រមាណ​ពី​ ២០​ ទៅ​៣០នាទី និង​រក្សា​ការ​គម្លាត​សង្គម​ ដោយ​អនុញ្ញាត​ ឲ្យ​ថ្វាយ​បង្គំ​ប្រមាណ ៣០% នៃ​ទីតាំង​វិហារ​នីមួយៗ។

ក្រសួង​សុខាភិបាល​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩​ មក​ បាន​ប្រកាស​បិទ​វិហា​រ​សាសនា​ឥស្លាម​ វិហារ​ព្រះ​ពុទ្ធ​សាសនា​ និង​សាលា​រៀន​ដើម្បី​ការ​ពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​​តាម​សហគមន៍ ប៉ុន្តែ​ បាន​លើក​បម្រាម​ខ្លះ​ហើយ។ នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដូច​ធម្មតា​ដោយ​ភាគ​ច្រើន​មិន​មាន​ពាក់​ម៉ាស​ការ​ពារ​សុវត្ថិភាព​ទេ។

ក្រសួង​សុខាភិបាល ក៏បាន​ចេញ​សេចក្ដី​ណែនាំ​ថា​ ដើម្បី​ការពារ​ជំងឺ​កូវីដ១៩ និង​ការ​ពុល​ចំណី​អាហារ​ក្នុង​អំឡុង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ នៅ​ពេល​ទៅ​កាន់​ទី​វត្តអារាម​ ត្រូវ​ពាក់​ម៉ាស់​ រក្សា​អនាម័យ​ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល។

ក្រសួង​ស្នើ​ឲ្យ​ ព្រះសង្ឃ​គ្រប់​អង្គ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំង​អស់​ ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ គ្នា នៅ​ពេល​ចូល​ទី​វត្ត​អារាម​ និង​អង្គុយ​រង​ចាំ​ប្រគេន​ ចង្ហាន់​ដល់​ព្រះ​សង្ឃ និង ធ្វើ​ការ​វាស់​កម្ដៅ និង​បាញ់​ទឹក​អាកុល​លាង​ដៃ​នៅ​តាម​ច្រក​ចេញ ចូល​សម្រាប់​ពុទ្ធបរិស័ទ​ទាំង​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។