សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទូចដល់មន្ត្រីស្ថាប័នពាក់ព័ន្ធ ឲ្យចុះអង្កេត ឬត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យមួយចំនួន ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលយកម៉ោងធ្វើការងាររដ្ឋ ទៅធ្វើការងារឲ្យពេទ្យឯកជនបម្រើប្រយោជន៍ផ្ទាល់ខ្លួន។
សារអំពាវនាវនេះ កើតឡើងនៅគ្រាមានគ្រូពេទ្យជំនាញមួយចំនួននៅមន្ទីរពេទ្យនេះ បានយកម៉ោងរដ្ឋបាលរបស់រដ្ឋ ចេញទៅបម្រើការងារឲ្យមន្ទីរពេទ្យឯកជន និងមិនគិតការងារព្យាបាលអ្នកជំងឺដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ នាពេលកន្លងមក។
សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មកពីគណបក្សសង្គ្រោះជាតិ លោក សុខ សាវ៉ាត បានរកឃើញថា មានគ្រូពេទ្យមួយចំនួនដែលបម្រើការនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ បានយកម៉ោងធ្វើការងាររដ្ឋទៅបម្រើការងារឯកជននៅតាមគ្លីនិកផ្ទាល់ខ្លួន ឬធ្វើការងារខាងក្រៅមន្ទីរពេទ្យនេះ។ ក្រុមគ្រូពេទ្យទាំងនោះតែងបំផុសឲ្យអ្នកជំងឺចេញទៅព្យាបាលនៅពេទ្យឯកជនរបស់ខ្លួន ជាដើម។
ផ្ដើមពីបញ្ហានេះ លោក សុខ សាវ៉ាត បានស្នើដល់ក្រសួង ឬស្ថាប័នពាក់ព័ន្ធ ត្រូវចុះអង្កេត ឬតាមដានសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យដែលអសកម្មការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយអាងខ្នងបង្អែកកាងការពារ៖ «គ្រូពេទ្យមួយចំនួន ភាគច្រើនពួកគាត់បានចំណាយពេលវេលាធ្វើការងារនៅពេទ្យឯកជនរបស់ខ្លួន និងបានបំផុសឲ្យអ្នកជំងឺទៅរកសេវាព្យាបាលនៅទីនោះ។ ស្នើឲ្យប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុ ត្រូវស្រង់ឈ្មោះគ្រូពេទ្យអសកម្មការងារ ដើម្បីមានវិធានការ ឬក៏ត្រូវរកគ្រូពេទ្យថ្មីមកជំនួសការងាររបស់គ្រូពេទ្យអសកម្មទាំងនោះវិញនាពេលខាងមុខ»។
គ្រូពេទ្យមួយចំនួនកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ស្នើមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពិតជាមានគ្រូពេទ្យឯកទេសមួយចំនួនបានយកពេលម៉ោងធ្វើការងាររដ្ឋ ទៅបម្រើការងារនៅមន្ទីរពេទ្យឯកជនផ្ទាល់ខ្លួន ឬធ្វើការងារក្រៅពិតមែន។ ហើយថា គ្រូពេទ្យមួយចំនួននោះ បានត្រឹមមកស៊ីញេអវត្តមានមួយភ្លែត រួចក៏ចេញបាត់ និងមានគ្រូពេទ្យខ្លះទៀតដែលមានមន្ទីរព្យាបាលផ្ទាល់ខ្លួន មិនបានមកប្រចាំការតាមកាលវិភាគយាមកាមនៅមន្ទីរពេទ្យនេះក៏មាន ទោះត្រូវម៉ោងប្រចាំការក៏ដោយ។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋភាគច្រើនដែលទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះ បានថ្លែងសាទរចំពោះសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលបច្ចុប្បន្ននេះ។ ពលរដ្ឋខ្លះឲ្យដឹងថា ចំពោះពលរដ្ឋក្រីក្រខ្វះលទ្ធភាពព្យាបាល ត្រូវអ្នកគ្រប់គ្រងមន្ទីរពេទ្យនេះមិនយកថ្លៃសេវាព្យាបាលទេ និងទទួលសេវាព្យាបាលដោយមិនរើសអើង នៅពេលអ្នកជំងឺបានបញ្ជូនមកដល់មន្ទីរពេទ្យនេះ។
យ៉ាងនេះក្តី អ្នកជំងឺខ្លះទៀតក៏បានរអ៊ូរទាំថា មានពេលខ្លះមន្ទីរពេទ្យនេះមិនមានគ្រូពេទ្យប្រចាំការទេ គឺនៅពេលអ្នកជំងឺបានបញ្ជូនមកដល់មន្ទីរពេទ្យនេះ ព្រោះគ្រូពេទ្យជំនាញខ្លះបានចេញទៅធ្វើការងារនៅមន្ទីរពេទ្យឯកជនជាដើម។
ទាក់ទិនបញ្ហានេះ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានបុគ្គលិកពេទ្យរបស់ខ្លួនមិនគោរពម៉ោងធ្វើការងារបានត្រឹមត្រូវពិតមែន។ លោកថា ភាគច្រើននៃគ្រូពេទ្យអសកម្មការងារទាំងនោះ គឺពួកគាត់មានមន្ទីរព្យាបាលឯកជនផ្ទាល់ខ្លួន ឬចេញធ្វើការងារនៅខាងក្រៅ ហើយមិនអាចថាស្តីបានទេ ព្រោះពួកគាត់អាងខ្នងបង្អែកជាអ្នកធំរង់ចាំកាងការពារ។ ជាងនេះលោកថា ក្រុមគ្រូពេទ្យអសកម្មការងារខ្លះនៅពេលរូបលោករឹតបន្តឹងម៉ោងរដ្ឋបាលធ្វើការងាររដ្ឋ ពួកគេមិនសប្បាយចិត្ត ឬឈានដល់បាចខិត្តប័ណ្ណរិះគន់សកម្មភាពដឹកនាំរបស់លោកថែមទៀតនាពេលកន្លងមក៖ «ខ្ញុំមិនធ្វើអត្ថាធិប្បាយបញ្ហានេះទេ ដោយទុកឲ្យមន្ត្រីជំនាញចុះស៊ើបអង្កេតករណីផ្សេងៗនៅពេទ្យខេត្តព្រះសីហនុ ជំនួសចុះ។ ហើយកន្លងមក ជំនាញមកពីក្រសួងក៏បានចុះមកអង្កេតរួចហើយៗ សូមឲ្យក្រុមអ្នកសារព័ត៌មានត្រូវសួរនាំអ្នកជំងឺដោយផ្ទាល់អំពីសេវាកម្មនៅក្នុងមន្ទីរពេទ្យនេះវិញ»។
បញ្ហានេះដែរ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាលាខេត្តព្រះសីហនុ ដើមខែកុម្ភៈ ថា ក្រុមគ្រូពេទ្យទាំងឡាយណាដែលអសកម្មការងារ ហើយចង់មានតួនាទីដឹកនាំនៅក្នុងមន្ទីរពេទ្យខេត្តនេះ នឹងមិនអាចដំឡើងតួនាទីជូនបានទេ ព្រោះគ្រូពេទ្យទាំងនោះគ្មានក្រមសីលធម៌ជាគ្រូពេទ្យ និងអសកម្មការងារ ដោយយកម៉ោងរដ្ឋទៅបម្រើការងារឯកជនជាប្រយោជន៍ផ្ទាល់ខ្លួន។
កន្លងមកនេះ មានក្រុមគ្រូពេទ្យមិនបង្ហាញអត្តសញ្ញាណចំនួនជាង ៣០នាក់ បានដាក់ពាក្យប្ដឹង និងបាចខិត្តប័ណ្ណជាបន្តបន្ទាប់ ប្ដឹង លោក សេង ណុង ប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុ ទៅកាន់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយចោទថា សកម្មភាពដឹកនាំរបស់ប្រធានមន្ទីរពេទ្យរូបនេះមានអំពើពុករលួយ និងនាំឲ្យមន្ទីរពេទ្យនេះបាត់ចំណូល ឬអន់ថយ ជាដើម។ ប៉ុន្តែការចោទនេះ លោក សេង ណុង បញ្ជាក់ថា ក្នុងចំណោមអ្នកប្ដឹងរូបលោក គឺគ្រូពេទ្យទាំងនោះមិនសូវមកធ្វើការនៅក្នុងមន្ទីរពេទ្យនេះទេ និងបានចេញទៅធ្វើការនៅតាមមន្ទីរពេទ្យឯកជន ឬមានគ្រូពេទ្យខ្លះមានពេទ្យឯកជនផ្ទាល់ខ្លួនថែមទៀត។
យ៉ាងណាក៏ដោយ តាមរបាយការណ៍ស្ដីពីលទ្ធផលស្រាវជ្រាវបាតុភាពនៅមន្ទីរពេទ្យខេត្តព្រះសីហនុ របស់ប្រតិភូនៃក្រុមអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំដោយលោកវេជ្ជបណ្ឌិត សន សំអឿន ប្រធានបេសកកម្ម កាលពីខែធ្នូ ឆ្នាំ២០១៤ ដែលបានចុះអង្កេតពីភាពមិនប្រក្រតីទៅតាមពាក្យបណ្ដឹងរបស់ក្រុមគ្រូពេទ្យអនាមិកជាង ៣០នាក់ បានបង្ហាញថា ក្នុងចំណោមគ្រូពេទ្យចំនួន ១០០នាក់ ចម្លើយពេញចិត្តសកម្មភាពដឹកនាំរបស់ លោក សេង ណុង ប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុ មានចំនួន ៨៣នាក់ មិនពេញចិត ១៤នាក់ និងគ្មានចម្លើយ ៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។