យ៉ាងហោចណាស់កម្មករ-កម្មការិនីចំនួន ១១៧នាក់ ធ្វើការនៅរោងចក្រ Starite (Cambodia) ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានដួលសន្លប់ជាបន្តបន្ទាប់ដោយសារពុលក្លិនចំហាយថ្នាំបាញ់ និងផ្សារដែក។
ស្នងការនគរបាលស្រុកអង្គស្នួលលោក មាន សំណាង ត្រូវបានភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ស្រង់ប្រសាសន៍ថា មូលហេតុនៃការដួលសន្លប់នោះ គឺដោយសារតែកម្មករ-កម្មការិនីទាំងនោះបានពុលក្លិនថ្នាំបាញ់ និងផ្សារដែក ភាយចេញពីរោងចក្រដែលទើបតែត្រូវបានជួសជុលឡើងវិញស្ថិតនៅក្បែរនោះ។ លោកថា កម្មករ-កម្មការិនីទាំងនោះ មានអាការៈក្អួតចង្អោរ វិលមុខ និងរកកលសន្លប់ ស្របពេលដែលកម្មករនិយោជិកទាំងនោះមានស្ថានភាពសុខភាពទន់ខ្សោយ។
ទំព័រហ្វេសប៊ុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកណ្ដាល បានសម្របសម្រួលបញ្ជូនកម្មកររងគ្រោះទៅសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល និងគ្លីនិកមួយចំនួននៅក្បែរតំបន់កើតហេតុនោះ។ ប.ស.ស អះអាងថា រាល់ការចំណាយលើថ្លៃដឹកជញ្ជូន និងសម្រាកព្យាបាលទាំងអស់ជាបន្ទុករបស់ខ្លួន។
រោងចក្រ Starite (Cambodia) មានកម្មករសរុប ៧០០នាក់។ ក្រោយកើតហេតុដួលសន្លប់នេះ ថៅកែរោងចក្របានអនុញ្ញាតឲ្យកម្មករ-កម្មការិនីទាំងនោះឈប់សម្រាករយៈពេលមួយថ្ងៃ។
បញ្ហាកម្មករនិយោជិករោងចក្រដួលសន្លប់នៅតែជាបញ្ហាប្រឈមដ៏ធំមួយនៃគ្រោះថ្នាក់ការងារនៅកម្ពុជា ស្របពេលដែលអាជ្ញាធរ និងច្បាប់កម្ពុជាមានភាពធូររលុង និងមិនទាន់មានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហានេះ។ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមបង្ហាញថា គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ មានកម្មករនិយោជិកចំនួនជាង ១ម៉ឺននាក់ (១០,៨៥៧) បានដួលសន្លប់នៅតាមរោងចក្រមួយចំនួន។ មូលហេតុនៃការសន្លប់នេះ ដោយសារមកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
