មន្ត្រីអាជ្ញាធរខេត្តព្រៃវែងកំពុងស្វែងរកបុរស ២នាក់ ដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក កាលពីថ្ងៃទី៣ សីហា ដើម្បីយកមកពិនិត្យរកជំងឺកូវីដ១៩ ឡើងវិញ។
អភិបាលរងខេត្តព្រៃវែង លោក ចាន់ ថា ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣ សីហាថា អ្នកទាំង ២នាក់នោះ ទើបតែត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡឺស័កស្ថិតនៅវិទ្យាល័យ ហ៊ុន សែន កំពុងលាវ ក្នុងខេត្តព្រៃវែង។ លោកបន្តថា រហូតមកដល់រសៀលថ្ងៃទី៣ សីហា ទើបអ្នកទាំង ២លួចរត់ចេញ ពេលមេឃកំពុងធ្លាក់ភ្លៀង។
អ្នកទាំង ២ ត្រូវបានមន្ត្រីសុខាភិបាលខេត្តព្រៃវែងយកសំណាកទៅពិនិត្យចំនូន ២ដងរូចមកហើយដោយរកមិនឃើញថា មានជំងឺកូវីដ១៩ នោះទេ ហើយបើតាមកាលកំណត់អ្នកទាំង២ នឹងត្រូវអនុញ្ញាតឲ្យចេញទៅផ្ទះនៅថ្ងៃទី៦ ខែសីហាខាងមុខនេះ មុនពួកគេរត់ចេញមុនកាលកំណត់។កន្លងទៅក៏ធ្លាប់មានករណីស្ត្រីខ្មែរ អាមេរិកកាំងម្នាក់រត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញផងដែរ ហើយត្រូវបានមន្ត្រីសមត្ថកិច្ចរកឃើញនៅខេត្តកំពុងចាម និងនាំមកបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃកំណត់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
គិតត្រឹមថ្ងៃទី៤ ខែសីហា កម្ពុជារកឃើញអ្នកឆ្លងជីងឺកូវីដ១៩ សរុបចំនួន ២៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។