ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក និងនៅសហភាពអឺរ៉ុប ប្រតិកម្មទៅនឹងរដ្ឋាភិបាលរុស្សី ដែលយល់ព្រមឲ្យផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវិត១៩ (Covid-19) ក្រោយពីបានធ្វើតេស្តសាកល្បង ទៅលើមនុស្សមិនដល់ ២ខែនោះមក។
ទីភ្នាក់ងារពត៌មានប៊ីប៊ីស៊ី (BBC) ចេញផ្សាយកាលពីថ្ងៃទី ១២ ខែសីហានេះ ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រសុខភាពនៅអាមេរិក បារាំង អាល្លឺម៉ង់ និងអេស្បាញ សំដែងក្តីបារម្ភពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវិត១៩នេះ ដោយអះអាងថា គេគ្មានទិន្នន័យច្បាស់លាស់ពីលទ្ធផលការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្ស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានចោទថា គោលបំណងរបស់រុស្សី ដែលប្រកាសថា វ៉ាក់សាំងនេះនឹងអនុញ្ញាតឲ្យប្រើប្រាស់នៅ២សប្តាហ៍ខាងមុខ គឺគ្រាន់តែចង់បង្ហាញពិភពលោកថា ប្រទេសខ្លួន គឺជាប្រទេសដំបូងបង្អស់ ដែលផលិតវ៉ាក់សាំងបានមុនគេ ជាជាងគិតគូរអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។
ទាក់ទងនឹងការលើកឡើងនេះ ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀរ ពូទីន (Vladimir Putin) បដិសេធចំពោះការព្រួយបារម្ភរបស់ពិភពលោកពីសុវត្ថិភាពវ៉ាក់សាំងនេះ ដោយអះអាងថា កូនស្រីរបស់លោកបានចាក់សាកល្បងវ៉ាក់សាំងនេះរួចទៅហើយ ដោយគ្មានបញ្ហាអ្វីទេ។ ទោះជាយ៉ាងនេះក៏ដោយ តំណាងអង្គការសុខភាពពិភពលោក (WHO) គ្រោងជួបជាមួយអាជ្ញាធររុស្សី ដើម្បីជជែកនិងត្រួតពិនិត្យវ៉ាក់សាំងនេះ ថាតើមានកម្រិតស្តង់ដា របស់អង្គការសុខភាពពិភពលោកដែរឬទេ។
នៅទន្ទឹមនេះដែរ សមាគមអង្គការសាកល្បងការធ្វើតេស្ត (Association of Clinical Trials Organization (Acto) ដែលតំណាងឲ្យក្រុមហ៊ុនផលិតឱសថធំជាងគេបង្អស់ មានមូលដ្ឋាននៅទីក្រុងម៉ូស៊្គូ ប្រទេសរុស្សី អំពាវនាវឲ្យក្រសួងសុខាភិបាលរុស្សី ពន្យារពេលការផលិតវ៉ាក់សាំងដ៏ច្រើននេះ ដោយរង់ចាំលទ្ធផលសាកល្បងវ៉ាក់សាំងជាទ្រង់ទ្រាយធំលើកទី៣ ទៅលើមនុស្សជាមុនសិន។
ប៉ុន្តែនៅទន្ទឹមនេះ ក៏មានប្រទេសមួយចំនួនអបអរ និងត្រៀមទិញវ៉ាក់សាំងនេះ ពីប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអែល (Israel) ថា នឹងពិនិត្យពីគុណភាពវ៉ាក់សាំងនេះជាមុនសិន មុននឹងចរចាទិញពីរុស្ស៊ី។ កាលពីថ្ងៃពុធម្សិលមិញ អ្នកវិទ្យាសាស្ត្រហ្វីលីពីន (Philippines) បានជួបជាមួយតំណាងមន្ទីរពិសោធន៍ផលិតវ៉ាក់សាំងនេះ ដើម្បីពិភាក្សាពីការសាកល្បងធ្វើតេស្ត និងទិន្នន័យនៃការស្រាវជ្រាវនេះ។ ដោយឡែកតំណាងរដ្ឋាភិបាលប្រេស៊ីល (Brazil) ក៏បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្សីកាលពីថ្ងៃពុធម្សិលមិញនេះដែរ ដើម្បីជជែកពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងប្រឆាំងកូវិដ១៩ នេះ ប៉ុន្តែនៅមិនទាន់ដឹងថាតើមានការយល់ព្រមពីវិទ្យាស្ថានស្រាវជ្រាវប្រេស៊ីល នៅឡើយទេ។ រីឯរដ្ឋាភិបាលកាហ្សាក់ស្ថាន (Kazakhstan) ក៏នឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅក្រុងមូស្គូ ដើម្បីជជែកពីការទិញវ៉ាក់សាំងនេះ នៅចុងខែសីហាខាងមុខ។
បច្ចុប្បន្នមានការផលិតវ៉ាក់សាំងជាង ១០០ប្រភេទ ក្នុងពិភពលោក ក៏ប៉ុន្តែអង្គការសុខភាពពិភពលោក ទទួលស្គាល់តែវ៉ាក់សាំង ៦ក្រុមហ៊ុនប៉ុណ្ណោះ ក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ ហើយ វ៉ាក់សាំង ដែលរុស្ស៊ីផលិតនេះ មិនបានស្ថិតក្នុងចំណោមប្រភេទវ៉ាក់សាំងទាំង៦ នោះទេ។ ប្រទេសរុស្សីរងការចោទប្រកាន់ ពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិកនិងកាណាដា ថា បានចូលទៅលួចយកទិន្នន័យនិងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវិត១៩ នេះ ពីបណ្ដាប្រទេសទាំងនោះ ប៉ុន្តែរុស្ស៊ីបានបដិសេធ៕