កុមារី​វ័យ​១៥​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​សង្ស័យ​ពុល​ទឹកក្រូច​នាំ​ចូល​ពី​ប្រទេស​វៀតណាម

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ភូមិ​ម្លូរព្រៃមួយ ឃុំ​ម្លូរព្រៃមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ដែល​កំពុង​តាំង​លក់​តាម​ជនបទ ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម មាន​តម្លៃ​ថោក។ ការ​បារម្ភ​នេះ ក្រោយពី​កុមារី​ម្នាក់​ឈ្មោះ សាំង សីដា វ័យ ១៥​ឆ្នាំ រៀន​ថ្នាក់​ទី៦ នៃ​សាលាបឋមសិក្សា​ម្លូរព្រៃមួយ បាន​ស្លាប់​ភ្លាមៗ កាលពី​យប់​ថ្ងៃ​ទី២ កក្កដា សង្ស័យ​ពុល​ទឹកក្រូច​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ពុល​ចំណីអាហារ​នេះ មាន​ន័យថា​ទំនិញ​ដែល​តាំង​លក់ ក្នុង​ប្រទេស​កម្ពុជា ខូច​គុណភាព​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​មុន​ពេល​នាំចូល​ពី​ក្រៅ​ប្រទេស។

ពលរដ្ឋ​រស់នៅ​ភូមិ​ម្លូរព្រៃមួយ ឃុំ​ម្លូរព្រៃមួយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ កក្កដា ថា កុមារី រងគ្រោះ​មុន​ពេល​ស្លាប់ បាន​ទទួល​ទាន​ទឹកក្រូច​មួយ​ដប​តម្លៃ ៥​រយ​រៀល(៥០០) នាំ​ចូល​ពី​ប្រទេស​វៀតណាម ដែល​អ្នកភូមិ​មិន​ស្គាល់​និមិត្តសញ្ញា។

អ្នកភូមិ​រស់នៅ​ភូមិ​ម្លូរព្រៃមួយ លោក ហាក់ នូស៊ី ប្រាប់​ថា មុន​ពេល​ស្លាប់​កុមារី សាំង លីដា មាន​អាការៈ ក្អួតចង្អោរ និង​វិលមុខ ទន់​ដៃជើង ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព តែ​គ្រូពេទ្យ​ទីនោះ​ពុំ​មាន​សមត្ថភាព​ព្យាបាល។ លើស​ពី​នេះ អ្នកភូមិ​បាន​នាំ​កុមារ​រងគ្រោះ​នោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ តែ​នាង​បាន​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ កាលពី​យប់​ថ្ងៃ​ទី២ កក្កដា។ លោក​ថា ក្រោយពី​កើតមាន​បាតុភាព​នេះ អ្នកភូមិ​ខ្លាច​ញញើត​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​តាំង​លក់​នៅ​ជនបទ​ដូចជា សាលារៀន វត្ត​អារាម និង​ផ្សារ​ជាដើម៖ «កូន​ហ្នឹង​អត់​ឈឺ​ទេ តែ​ភ្លៀង​ផ្គរ​ក្រឡេក​ឃើញ​កូន បែកពពុះមាត់។ ឪពុក​ដឹក​យក​ទៅ​ពេទ្យ ពេទ្យ​គេ​ប្រាប់​ថា អត់​អាច​ជួយ​បាន​ទេ ហើយ​យក​ឡាន​ទៅ​ខេត្ត​ដល់​ពាក់​កណ្ដាល​ផ្លូវ ដូច​កម្សត់​ណាស់​ស្លាប់​បាត់ ទិញ​ទឹកក្រូច​មួយ​ដប ៥​រយ​រៀល មក​ពី​វៀតណាម»។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ម្លូរព្រៃមួយ លោក សូ ស្ម័គ្រ ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បាតុភាព​នេះ តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នោះ​ទេ។ លោក​ថា គ្រូពេទ្យ​បាន​បញ្ជាក់​ថា អាការៈ​កុមារី​រងគ្រោះ មាន​ជាតិពុល​ក្នុង​ខ្លួន តែ​ពុំ​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​ពុល​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ លោក​ថា នគរបាល​ជំនាញ​កំពុង​ប្រមូល​ភស្តុតាង​ធ្វើ​កោសល្យវិច័យ៖ «ហ្នឹងហើយ យើង​មិន​ដឹង​ថា គឺ​បណ្ដាល​មក​ពី​អ្វី​យើង​មិន​ទាន់​បាន​កំណត់។ ខ្ញុំ​កំពុងតែ​តាមដាន​ស៊ើប​មើល»។

កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៨ កុមារ​ពីរ​នាក់ រស់នៅ​ឃុំ​ម្លូរព្រែ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មាន​អាការៈ​ខុស​ប្រក្រតី សង្ស័យ​ពុល​នំ នាំ​ចូល​ពី​ប្រទេស​វៀតណាម នៅ​គ្រា​ដែល​កុមារ​ទាំងនោះ បាន​ទិញ​មក​បរិភោគ​នៅ​ពិធី​បុណ្យ​ក្នុង​ភូមិ។ តែ​បាតុភាព​ពុល​នោះ គ្រូពេទ្យ​បាន​សង្គ្រោះ​កុមារ​ទាំងនោះ​ទាន់​ពេល។

កន្លងទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដីបន្ទោស​ឲ្យ​ពលរដ្ឋ​ដែល​ទិញ​បន្លែ និង​ទំនិញ​មិន​ពិនិត្យ​ជាតិគីមី​ខ្លួនឯង ហើយ​បែរជា​មក​បន្ទោស​តែ​របប​របស់​លោក​ទៅវិញ។ លោក ហ៊ុន សែន បាន​ទម្លាក់កំហុស​លើ​ពលរដ្ឋ​ថា ដូចជា​ជ្រុល​ពេក​ហើយ ខ្លួន​មិន​ពិនិត្យមើល​ទំនិញ​ណា មាន​សារ​ជាតិគីមី ឬក៏​មិន​មាន​ជាតិគីមី៖ «ផ្ញើ​ត្រឡប់​ទៅវិញ​ថា សូម​មេត្តា​កុំ​ទិញ​អ្វី​ដែល​មាន​ជាតិគីមី​ទៅ​វា​ចប់​ហើយ ដោយសារតែ​យើង​ទិញ បាន​វា​នាំមក​លក់ រួចហើយ​មក​ចោទ​តែ​រដ្ឋាភិបាល សំណូមពរ​ខ្លះ​ដូចជា​ជ្រុល​ពេក​ហើយ​មិន​ដឹង​ហី»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ អង្កេត​ឃើញ​ថា ករណី​ពុល​ចំណីអាហារ​តែងតែ​កើតមាន​ញឹកញាប់។ លោក​ថា ប្រសិនបើ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ត្រួតពិនិត្យ​ចំណីអាហារ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ជា​ឱកាស​ឈ្មួញ​ទុច្ចរិត​លក់​ផលិតផល​ភេសជ្ជៈ និង​នំចំណី​ជាដើម​គ្មាន​គុណភាព​ត្រឹមត្រូវ​នាំ​ចូល​មក​លក់​នៅ​កម្ពុជា បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង ជីវភាព​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ការ​ពិនិត្យ​ទំនិញ​មិន​គ្រប់​ជ្រុងជ្រោយ គឺជា​រូបភាព នៃ​ការប្រព្រឹត្ត​អំពើពុករលួយ៖ «ការ​មិន​បាន​ត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ គឺ​ផ្តល់​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង ខូច​សុខភាព​ពលរដ្ឋ។ អ៊ីចឹង​អំពើពុករលួយ​មិន​ត្រឹម​ខូច​សេវា​សាធារណៈ​ទេ វា​ក៏​អាច​ប៉ះពាល់​ជីវិត​មនុស្ស​ដែរ»។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី៣ កក្កដា ថា នគរបាល​ច្រក​ព្រំដែន មន្ត្រី​គយ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ពុំបាន​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម​ត្រឹមត្រូវ​នោះ​ទេ គឺ​បណ្ដោយ​ឲ្យ​នាំចូល​ដោយ​សេរី ដោយសារ​ឥទ្ធិពល​នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ។ លោក​ថា ទំនិញ​របស់​វៀតណាម​ភាគច្រើន ខូច​គុណភាព មាន​ជាតិគីមី​កម្រិត​ខ្ពស់ បាន​នាំចូល​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង ក្នុង ខេត្ត​ស្វាយរៀង។ ទំនិញ​ទាំងនោះ គេ​ឃើញ​តាំង​លក់​ដោយ​សេរី​តាម​សាលារៀន វត្ត​អារាម និង​ទី​សាធារណៈ ហើយ​ពលរដ្ឋ និង​កុមារ​ភាគច្រើន​ទិញ​មក​បរិភោគ៖ «មន្ត្រី​អស់ហ្នឹង វា​យក​តែ​លុយ។ គ្មាន​ការ​ត្រួតពិនិត្យ​អី​ទេ​ទំនិញ។ ច្រក​ព្រំដែន​មិន​ដឹង​ប៉ុន្មាន​កន្លែង​គឺ​ទំនិញ​ចូល​ពោរពេញ ឃើញ​តែ​ស៊ី​សំណូក​សូកប៉ាន់​អ៊ីចឹង»។

បុរស​ដដែល​អះអាង​បន្ថែម​ថា ទំនិញ​របស់​វៀតណាម​ខ្លះ ដូចជា​ប្រភេទ​កំប៉ុង ដូចជា បាកាស (Bacchus) គោ​ជល់ និង​ទឹកដោះគោឆៅ​ជាដើម ជា​ទំនិញ​ក្លែងក្លាយ បាន​នាំ​ចរាចរ​មក​លក់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​កម្ពុជា រីឯ​មន្ត្រី​ជំនាញ​តាម​ព្រំដែន អង្គុយ​ចាំ​សំកុក​យក​តែ​លុយ មិន​ខ្វល់​ពី​ផល​ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​សង្គមជាតិ៖ «បញ្ហា​ទំនិញ​នាំចូល​ស្រុក​ខ្មែរ មិន​ដឹង​ស្អី​ជា​ស្អី​ទេ មួយ​ថ្ងៃៗ ខ្លាំង​បំផុត​គ្រឿង​បរិភោគ​ដូចជា​បាកាស ផលិត​នៅ​ព្រៃនគរ ( កម្ពុជា​ក្រោម ) យើង​មិនបាន​ចាប់អារម្មណ៍​បើ​មើល​ទៅ គឺ​នាំចូល​ពី​វៀតណាម។ នេះ​ជា​បញ្ហា​មួយទៀត ហានិភ័យ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃទី៣ កក្កដា។

មន្ត្រី​សង្គម​ស៊ីវិល​ទទូច ឲ្យ​របប លោក ហ៊ុន សែន ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព ឬ​ពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​បាន​ទូលំទូលាយ ហើយ​យក​អ្នក​ដែល​ប្រព្រឹត្ត​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ ពួកគេ​មើល​ឃើញ​ថា តួនាទី​ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​មន្ត្រី​កាំកុងត្រូល ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ និង​ទំនិញ​ពី​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​ការអនុវត្ត​ភារកិច្ច​នេះ នៅ​ធូររលុង​ច្រើន ដែល​នាំ​ឲ្យ​ក្រុម​អ្នក​រកស៊ី​ខិលខូច នាំ​ទំនិញ​ខូចគុណភាព​ចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។