ក្រសួងសុខាភិបាលប្រកាសថា កម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ មួយករណីថ្មីទៀត នៅថ្ងៃទី៨ តុលានេះ។
គេហទំព័ររបស់ក្រសួងសុខាភិបាលសរសេរថា ករណីអ្នកឆ្លងថ្មីនេះ គឺជាករណីនាំចូលពីក្រៅប្រទេស ហើយអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ី។
តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបូកសរុប រហូតមកដល់ព្រឹកថ្ងៃទី៨ តុលា ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺនេះ កើនដល់ចំនួន ២៨១នាក់ហើយ ប៉ុន្តែមានអ្នកបានព្យាបាលជាសះស្បើយវិញ ចំនួន ២៧៦នាក់។ បច្ចុប្បន្ននេះ នៅមានអ្នកជំងឺចំនួន ៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយឆ្លងរាលដាល និងសម្លាប់មនុស្សនៅលើពិភពលោក រហូតមកដល់ពេលនេះ ចំនួនជាង ១លាននាក់ (១.០៥១.៩៧៤នាក់)។
ទោះជាយ៉ាងនេះក្ដី ប្រទេសកម្ពុជានៅមិនមានរបាយការណ៍ស្ដីពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅឡើយទេ ចាប់តាំងពេលរកឃើញករណីជំងឺនេះដំបូងបំផុត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលនៅតែព្រួយបារម្ភអំពីការផ្ទុះ និងឆ្លងរាលដាលជំងឺនេះនៅក្នុងប្រទេស ហើយអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យបន្តប្រយ័ត្នជាប់ជានិច្ច ដោយរក្សាអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ត្រូវបន្តអនុវត្តគម្លាតសង្គម ពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។