ប្រជាពលរដ្ឋដែលតែងចេញទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយនៅក្រៅប្រទេស កំពុងព្រួយបារម្ភពីការដាច់ថ្នាំសង្កូវប្រើប្រាស់ និងមិនអាចចេញទៅតាមដានសុខភាព ព្រោះតែរដ្ឋាភិបាលបានបិទច្រកព្រំដែនមិនឱ្យធ្វើដំណើរ អំឡុងវិបត្តិជំងឺកូវីដ-១៩។ ក្ដីបារម្ភនេះ ក្នុងគ្រាដែលសមាជិកក្នុងក្រុមគ្រួសាររបស់ពួកគេជួបប្រទះនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ និងដល់ពេលវេលាកំណត់ជួបគ្រូពេទ្យ។
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេកំពុងដេករង់ចាំមើលវិធានការរដ្ឋាភិបាលបើកច្រកព្រំដែនឡើងវិញ នឹងអាលបញ្ជូនសមាជិកគ្រួសាររបស់ពួកគេទៅមន្ទីរពេទ្យប្រទេសជិតខាងដែលតែងបានព្យាបាលជំងឺពួកគេជាប្រចាំនោះ។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ លោកស្រី គឹម នី ដែលកំពុងថែទាំជំងឺប្ដីនៅផ្ទះ ថ្លែងទាំងក្ដីបារម្ភថា លោកស្រីសង្ឃឹមតិចណាស់ចំពោះវិធានការបើកច្រកព្រំដែនឡើងវិញនោះ។ លោកស្រីថា ប្ដីលោកស្រីបានរស់មកដល់សព្វថ្ងៃគឺដោយសារតែបានទៅព្យាបាលជំងឺនៅប្រទេសថៃជាច្រើនឆ្នាំមកហើយ ថ្វីបើត្រូវចំណាយប្រាក់ច្រើនជារៀងរាល់ខែក្ដី៖ «ដល់ពេលគេបិទព្រំដែនយើងដឹងតែពីលេបថ្នាំទេ យើងអាចផ្ញើគេទិញបានមែនតែយើងដឹងតែពីលេបដល់ពេលធ្វើទុក្ខ យើងអត់ដឹងក្នុងខ្លួនគាត់ហ្នឹងវាមានអីវិវឌ្ឍន៍ទៀត បើសិនណាជាបើកយើងទៅយើងអាចទុកចិត្ត១០០ % ។ យើងកក់ក្ដៅ។ ប្អូនខ្ញុំគាត់ឈឺគាត់ពិបាកដែរឥឡូវ កំពុងឈឺដែរ ព្រួយបារម្ភមិនបានទៅមិនបានទៅគឺយ៉ាប់ អ្នកដែលមិនបានទៅហ្នឹងគឺស្លាប់អស់ពីរ បីនាក់ហើយ អ្នកបកប្រែប្រាប់»។
ស្រដៀងគ្នានេះដែរ បុគ្គលិកក្រុមហ៊ុនមួយនៅខេត្តសៀមរាប អ្នកស្រី អ៊ុង សារ៉ាមី ត្អូញត្អែរថា បើទោះជាមានដំណោះស្រាយពីមន្ទីរពេទ្យប្រទេសថៃ ដែលអាចទិញថ្នាំផ្ញើមកដល់ផ្ទះក្ដី ប៉ុន្តែអ្នកស្រីនៅតែព្រួយចិត្ត ត្បិតអីមិនបានយកម្ដាយទៅជួបតាមដានជំងឺដោយផ្ទាល់ជាមួយគ្រូពេទ្យ។ អ្នកស្រីពិតជាចង់ឱ្យរដ្ឋាភិបាលឬក្រសួងសុខាភិបាលផ្ដល់ដំណោះស្រាយ ឬមានលក្ខខណ្ឌណាមួយ ដែលអាចឱ្យពលរដ្ឋចេញទៅបន្តព្យាបាលជំងឺដែលចាំបាច់នៅក្រៅប្រទេសបាន៖ «ដំបូងខ្ញុំបារម្ភខ្លាំងណាស់ ពេលទំនាក់ទំនងទៅបានដឹងតាមពិត គេមានមធ្យោបាយតែនៅតែបារម្ភអ៊ីចឹងខ្លាចតែវីរុសហ្នឹងវាកាន់តែកើនឡើងខ្លាចតែគេរឹតបន្តឹងជាងហ្នឹងណាបង។ មុនដំបូងខ្ញុំបានទៅរកថ្នាំម៉ាក់ខ្ញុំនៅមន្ទីរពេទ្យថៃមួយក្នុងខេត្តដែរ ប៉ុន្តែដោយសារតម្លៃថ្លៃដែរ ហើយវាអត់មានថ្នាំដែលម៉ាក់ខ្ញុំប្រើ និយាយរួមនៅហ្វាម៉ាស៊ី អត់មានថ្នាំដែលយើងប្រើហ្នឹងទេ ធ្លាប់រកហើយតែរកអត់បាន។ ម៉ាក់ខ្ញុំគាត់ប្រើថ្នាំរាល់ខែគាត់អត់មិនបានទេ បើអត់ញាំទេ ពោះគាត់ហើមដោយសារជាតិទឹក។ ទោះជាអស់មេរោគ ប៉ុន្តែថ្លើមនៅតែក្រិន ខ្លាចហើមពោះហើមអីមកវិញ ខ្ញុំចេះតែបារម្ភខ្លាចគាត់ក្អួតឈាមក្អួតអី។ រឿងថ្នាំយើងទិញបានតែបើគេបិទច្រករហូតបើករណីគាត់អត់ស្រួលខ្លាំងអីទៅ ពីមុនជម្រើសទី១ យើងទៅណោះហើយយើងអត់ដឹងទៅណាទៀតទេ»។
ក្ដីបារម្ភរបស់ពលរដ្ឋនេះ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលបានបន្តបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជាច្រើនដងតែជំនួយការរបស់អ្នកស្រីថា រវល់ប្រជុំ។ ប៉ុន្តែអ្នកស្រីឆ្លើយតបសារសំណួរជុំវិញរឿង នេះដោយខ្លីថា អ្នកស្រីមិនទទួលបានព័ត៌មាននេះទេ ហើយយើងមានពេទ្យក្នុងស្រុកដែលអាចមានជម្រើសបាន។
យ៉ាងណាក៏ដោយ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានមតិថា ក្រសួងសុខាភិបាលកម្ពុជាគួរតែមានការអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសផ្ដល់សេវាសុខភាព ដើម្បីរកដំណោះស្រាយកណ្ដាលមួយ ឱ្យពលរដ្ឋមានលទ្ធភាព ឬអាទិភាពទទួលការព្យាបាលសម្រាប់អ្នកជំងឺដែលមានតារាងកាលវិភាគចាំបាច់ត្រូវណាត់ជួបគ្រូពេទ្យ៖ «ខ្ញុំយល់ថាយន្តការដើម្បីជួយដល់អ្នកជំងឺនេះ គឺជាការរួមចំណែកមួយដើម្បីបំពេញបន្ថែមទៅទិសដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពដែលគេហៅថា មិនទុកនរណាម្នាក់ចោលបានន័យថា គ្រប់គ្នាត្រូវបានគេដាក់បញ្ចូលក្នុងការយកចិត្តទុកដាក់ និងការសម្រេចចិត្តផ្សេងៗរបស់រដ្ឋាភិបាលដើម្បីឱ្យក្រុមងាយរងគ្រោះទទួលបាននូវផលប្រយោជន៍ពីសេវាសង្គមនិងការយកចិត្តទុកដាក់ពីរដ្ឋាភិបាល»។
ពលរដ្ឋដែលតែងចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសមានហេតុផលមួយចំនួន ដោយព្រោះពួកគាត់គ្មានជំនឿ និងគ្មានទំនុកចិត្តព្យាបាលក្នុងស្រុក រួមទាំងបញ្ហាកង្វះឧបករណ៍ បច្ចេកទេស ការប្រើប្រាស់ពាក្យសំដី និងការមិនយកចិត្តទុកដាក់អ្នកជំងឺពីក្រុមគ្រូពេទ្យជាដើម។
អតីតគ្រូពេទ្យទាហានអាមេរិក លោក ស៊ីម យាង ដែលបានឆ្លងកាត់ការសិក្សាផ្នែកឱសថការីមធ្យមសម័យសាធារណរដ្ឋខ្មែរក្នុងរបប លន់ នល់ និងជាម្ចាស់ឱសថស្ថានសង្គមពាណិជ្ជខេត្តព្រៃវែង។ លោកថ្លែងថា លោកធ្លាប់ទៅវះកាត់ក្បាលជង្គង់នៅក្រៅប្រទេស ដោយសារតែលោកនិងក្រុមគ្រួសារមានទំនុកចិត្តលើបច្ចេកទេសនិងជំនាញព្យាបាលរបស់គេ៖ «យើងមិនដឹងសាវតារគេរបៀបម៉េច ? ជួនកាលគេថា យើងអញ្ចេះ អញ្ចុះទៅជួនកាលយើងមិនត្រូវវះកាត់ ក៏គេធ្វើឱ្យយើង ជួនកាលម៉ាស៊ីនគេមិនទំនើបយើងក៏ពិបាកខ្លួនយើងដែរ ព្រោះជីវិតយើងរស់តែម្ដងស្លាប់តែម្ដងកុំឱ្យមានបញ្ហាថ្ងៃក្រោយ អ៊ីចឹងបានខ្ញុំស្ម័គ្រចិត្តទៅប្រទេសថៃ»។
កន្លងមករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋដែលតែងទៅព្យាបាលនៅក្រៅប្រទេស ឱ្យងាកមកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងស្រុកវិញ។ ប៉ុន្តែប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីធំៗ ឱ្យធ្វើជាគំរូពលរដ្ឋវិញ ដោយឈប់នាំគ្នាទៅពេទ្យក្រៅប្រទេសទៀតដែរ។ ក្រុមគ្រួសារមន្ត្រីធំៗ និងគ្រួសារលោក ហ៊ុន សែន ព្រមទាំងមានក្រុមគ្រួសាររបស់មន្ត្រីក្រសួងសុខាភិបាលផង បានចេញទៅពិនិត្យ និងព្យាបាលជំងឺនៅបរទេសយ៉ាងសាមញ្ញទៅហើយ។ ពេលខ្លះក្រុមគ្រួសារមន្ត្រីគ្រាក់ៗ របស់របបក្រុងភ្នំពេញ មិនមែនចេញទៅព្យាបាលជំងឺធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺត្រឹមសម្រាលកូន ក៏ពួកគេនាំគ្នាទៅមន្ទីរពេទ្យនៅឯបរទេសដែរ។ សូម្បីតែលោក ហ៊ុន សែន ក៏បានទៅព្យាបាលបញ្ហាគ្រេចស្មានៅប្រទេសសិង្ហបុរី ៤ថ្ងៃ ដែលនាំមានការរិះគន់នៅពេលនោះថា លោក ហ៊ុន សែន មិនបានឱ្យតម្លៃគ្រូពេទ្យស្រុកខ្មែរ។
គ្រាន់តែអតិថិជនជាពលរដ្ឋខ្មែរទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅប្រទេសថៃ ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណជាង២២ម៉ឺននាក់។ ក្រសួងសុខាភិបាលប្រទេសនេះ ធ្លាប់បានបង្ហាញរបាយការណ៍ថា ចំនួននេះបានធ្វើឱ្យកម្ពុជានាំមុខគេក្នុងចំណោមប្រទេសចំនួន ៤ ដែលជាសមាជិក ប្រទេស CLMV រួមមាន កម្ពុជា ឡាវ ភូមា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។