អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាក់ថា អ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តនេះ មិនមានការឆ្លងជំងឺកូវីដ១៩ ទៀតទេ នៅថ្ងៃទី០២ ខែមិថុនា។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរីថា តួលេខអ្នកឆ្លង ទាំងមន្ត្រី និងអ្នកជាប់ឃុំ គឺចំនួន១១៧នាក់ ដដែល ព្រោះគ្មានការឆ្លងបន្ថែមទៀតទេ នៅក្នុងពន្ធនាគារ។ លោកបន្តថា ក្រោយការបំបែកអ្នកជំងឺកូវីដ១៩ចេញ គ្រូពេទ្យពន្ធនាគារ កំពុងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺទាំងអស់ នៅខាងក្នុងពន្ធនាគារ។ លោក បញ្ជាក់ជាថ្មីទៀតថា អាជ្ញាធរ នឹងមិនប្រថុយគ្រោះថ្នាក់ ដឹកជញ្ជូនអ្នកជាប់ឃុំ យកទៅព្យាបាលនៅក្រៅពន្ធនាគារទេ ព្រោះ លោកថា ការធ្វើបែបនេះ នឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ទាំងពលរដ្ឋ និងកងកម្លាំង ដែលទទួលបន្ទុកថែរក្សាជនជាប់ឃុំ៖ « អត់អ្វីទេ ក្នុងពន្ធនាគារ យើងមានពេទ្យស្រាប់ ហើយយើងគ្រាន់តែពង្រឹងអា សមត្ថភាព ចំណេះ ជំនាញគាត់ស្រាប់ ដើម្បីបង្កើនការព្យាបាលទៅ ហើយយើងប្រើប្រាស់ថ្នាំទៅបានហើយ»។
កាលពីថ្ងៃទី០១ ខែមិថុនា អាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើតេស្តរកឃើញអ្នកជាប់ឃុំជាងមួយរយនាក់ ឆ្លងជំងឺកូវីដ១៩ ក្រោយពេលមានស្ត្រីជាប់ឃុំវ័យចំណាស់ម្នាក់ ស្លាប់ ដោយសារជំងឺនេះ នៅក្នុងពន្ធនាគារ។ អាជ្ញាធរខេត្តសង្ស័យថា ការចម្លងជំងឺចូលក្នុងពន្ធនាគារនេះ គឺតាមរយៈគ្រូពេទ្យ ខណៈអាជ្ញាធរ បានបិទការចេញចូលពន្ធនាគារនេះទាំងស្រុង ប្រហែលមួយខែមកហើយ។
ចំណែកស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តកណ្ដាលវិញ មិនទាន់មានព័ត៌មានស្ដីពីការថមថយការឆ្លងនោះទេ ហើយអាជ្ញាធរខេត្តនេះ ហាក់លាក់បាំងព័ត៌មានច្រើន។
ប្រព័ន្ធឃោសនាស្និទ្ធរដ្ឋាភិបាល(Fresh News) បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ថាមន្ត្រី និងអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្ដាលបានឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិតបួនរយ (៣៦៩) នាក់។ ប៉ុន្តែ អភិបាលខេត្តលោក គង់ សោភ័ណ្ឌ បានច្រានចោល និងចោទការផ្សាយនោះថា ជាព័ត៌មានចចាមអារ៉ាម ក្រោមហេតុផលថា លោកមិនដែលបានផ្តល់ព័ត៌មាននេះទេ។ លោកប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការមិនផ្តល់ព័ត៌មានទាក់ទងនឹងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារនេះ គឺលោកយកសុវត្ថិភាពជាធំ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីលោក គង់ សោភ័ណ្ឌ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា បានទេ នៅថ្ងៃទី០២ ខែមិថុនា។ ទោះយ៉ាងណាលោក នុត សវនា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក (VOD) ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា អាជ្ញាធរបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ - ១៩ដល់អ្នកជាប់ឃុំ បានជាងមួយម៉ឺន (១១.០០០) នាក់ ស្មើ៣០ភាគរយ នៃអ្នកជាប់ឃុំទាំងអស់ នៅទូទាំងប្រទេស ដែលមានសរុបជិតបួនម៉ឺន (៤០.០០០) នាក់។
ពាក់ព័ន្ធនឹងស្ថានភាពការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារនេះដែរ អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅតែបង្ហាញក្តីព្រួយបារម្ភ និងជំរុញឲ្យអាជ្ញាធរ ធានាឲ្យបាននូវការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារឲ្យមានប្រសិទ្ធភាព។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ ក្នុងពន្ធនាគារជាប្រចាំ និងឲ្យបានជាក់លាក់។ លោកមិនជំទាស់ នឹងការញែក អ្នកជាប់ឃុំ ដែលឆ្លងកូវីដ១៩ ដាក់ដាច់ដោយឡែកទេ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែទទូចឲ្យអាជ្ញាធរ រកវិធីបន្ថយស្ថានភាពចង្អៀតណែន នៅក្នុងពន្ធនាគារ ឲ្យបានឆាប់រហ័ស។
លោកផ្ដល់យោបល់ឲ្យអាជ្ញាធរពាក់ព័ន្ធដោះលែងអ្នកជាប់ឃុំ ដែលមានទោសស្រាលៗ ឬ ការអនុវត្តទោសសហគមន៍ ឬ អាជ្ញាធរគួរតែយកអ្នកជាប់ឃុំខ្លះទៅដាក់ឃុំតាមផ្ទះរបស់ពួកគេរៀងខ្លួន៖ « អ្នកដែលគាត់មានជំងឺរ៉ាំរ៉ៃ ក្នុងពន្ធនាគារ ដែលមានហានិភ័យប្រឈមដល់អាយុជីវិតអ្វីទាំងអស់ហ្នឹង ក៏គប្បីឲ្យគាត់បានមកថែរក្សាសុខភាព នៅខាងក្រៅ ព្យាបាលនៅខាងក្រៅអ្វី ជាដើម។ អាហ្នឹង គឺជារឿងចាំបាច់ ដែលគួរតែពិនិត្យមើល។ ចំណុចទាំងអស់នេះ វាគឺជារឿងសំខាន់ណាស់ ព្រោះដើម្បីកាត់បន្ថយនូវភាពចង្អៀតណែនផង ហើយអាចបង្ការនូវការរាតត្បាតនៃជំងឺកូវីដនេះ បន្តទៀត នៅក្នុងពន្ធនាគារផងដែរ»។
មកដល់ពេលនេះ អាជ្ញាធរពន្ធនាគារ ហាក់មិនទាន់មានគម្រោងស្នើសុំការបន្ធូរបន្ថយទោស និងមិនទាន់មានផែនការច្បាស់លាស់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ តាមពន្ធនាគារទេ ក្រៅពីការប្រមូលអ្នកជាប់ឃុំ ដែលឆ្លងជំងឺ ដាក់នៅអគារផ្សេង។ សង្គមស៊ីវិល និងអ្នកជំនាញវេជ្ជសាស្ត្រ ព្រួយបារម្ភថា ប្រសិនបើការព្យាបាល នៅខាងក្នុងពន្ធនាគារមិនបានដិតដល់ទេ អ្នកជំងឺនឹងធ្លាក់ខ្លួនឈឺកាន់តែធ្ងន់។
ជាមួយគ្នានេះ សាច់ញាតិរបស់អ្នកនយោបាយ និងសកម្មជនសង្គម ដែលកំពុងជាប់ឃុំ បានបន្តបង្ហោះសារតាមហ្វេសប៊ុក (facebook) និង គ្រោងជួបជុំគ្នា អុជធូបធ្វើពិធីសែនព្រេន ទាមទារឲ្យអាជ្ញាធរដោះលែងសាច់ញាតិរបស់ពួកគេជាបន្ទាន់។ ពួកគាត់ ព្រួយបារម្ភថា សាច់ញាតិកំពុងជាប់ឃុំទាំងនោះ នឹងធ្លាក់ខ្លួនឈឺ ឬស្លាប់ ក្នុងពន្ធនាគារ ព្រោះតែអាជ្ញាធរមានសមត្ថកិច្ច បិទបាំងព័ត៌មាន និងមិនព្រមដោះលែងពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។