អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៦ មករាថា សមត្ថកិច្ចកំពុងស្វែងរកពលរដ្ឋកម្ពុជា សញ្ជាតិអាមេរិកម្នាក់ ក្រោយពីបានរត់ចេញពីកន្លែងចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ ចន្លោះម៉ោង៨ ទៅម៉ោង ៩ ព្រឹកថ្ងៃទី១៦ នេះ។
អ្នកស្រីបានបន្តថា សមត្ថកិច្ចមិនទាន់រកឃើញពលរដ្ឋកម្ពុជាសញ្ជាតិអាមេរិកនោះនៅឡើយទេ រហូតមកដល់ម៉ោងផ្សាយរបស់វិទ្យុអាស៊ីសេរី។
អ្នកស្រីបន្ថែមថា លោក យឹម សេរីវុទ្ធី អាយុ ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ មករា ។ អ្នកស្រីថា ពលរដ្ឋកម្ពុជាអាមេរិករូបនោះ បានរត់គេចចេញ ដោយមិនដឹងទៅទីណា ក្នុងខណៈក្រុមគ្រូពេទ្យបានសំណាកទៅពិនិត្យមើលជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតដល់ថ្ងៃទី១៦ មករា បានរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន ១០នាក់ ជាប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ និងមានអ្នកបានជាសះស្បើយម្នាក់។
ប្រទេសកម្ពុជាមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ចំនួន ៤៣៦នាក់ អ្នកជាសះស្បើយ ៣៨២ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៤ នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
