កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ១០​ករណី​ថ្មី​ទៀត​ដែល​ឆ្លង​រាលដាល​ក្នុង​សហគមន៍

ដោយ ខែ សុណង
2020-12-04
Share
កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ១០​ករណី​ថ្មី​ទៀត​ដែល​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល។
រូប​ហ្វេសប៊ុក

តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ​បន្ត​កើន​ឡើង​ជា​លំដាប់ បន្ទាប់​ពី​ផ្ទុះ​ព្រឹត្តិ​ការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា។ នៅ​ថ្ងៃ​ទី៤ ធ្នូនេះ ក្រសួង​សុខា​ភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន​ ១០នាក់​ទៀត ធ្វើ​ឱ្យ​ករណី​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់ ​២៩នាក់ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​​ក្រសួង​សុខា​ភិបាល ផ្តល់​ព័ត៌​មាន​លម្អិត​គ្រប់​ជ្រុង​ជ្រោយ​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នេះ​ដល់​ប្រជា​ពលរដ្ឋ។

ក្រសួង​សុខាភិបាល​​ឱ្យ​ដឹង ​នៅ​ថ្ងៃ​ទី៤ ធ្នូ​ថា អ្នក​ជំងឺ​ ១០នាក់​នោះ មាន ៧នាក់ គឺ​ជា​បុគ្គលិក​​បម្រើ​ការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់ និង​ស្បែក​ជើង​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ ​ចំណែក ៣នាក់​ទៀត គឺជាសមាជិកក្រុមគ្រួសារ ១គ្រួសារ ដែល​ជា​សាច់​ញាតិ​បុគ្គលិក​ធនាគារ​ ២រូប​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី៣ ធ្នូ។ បច្ចុប្បន្ន អ្នក​ទាំងនោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ។

ក្រោយ​រក​ឃើញ​ករណី​​ថ្មី​ជា​បន្ត​បន្ទាប់​នេះ ក្រសួង​សុខាភិបាល​សម្រេច​យក​ទីតាំង​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​ក្រសួងមហាផ្ទៃ ដើម្បី​ប្រមូល​សំណាក​ធ្វើ​តេស្ត​ជំងឺ​កូវីដ-១៩ សម្រាប់​អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិ​ការណ៍ ​«សហគមន៍​២៨វិច្ឆិកា» ​និង​អ្នក​ដែល​ត្រូវ​ធ្វើ​តេស្ត​លើក​ទី២ នៅ​ថ្ងៃ​ទី៨ ធ្នូ។

ចាប់​តាំង​ពី​ថ្ងៃ​ទី២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី៣ ធ្នូ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា បាន ៩.៧៩៣​នាក់ ក្នុង​នោះ​អ្នក​ឆ្លង​កូវីដ-១៩ មាន​ចំនួន ២៩នាក់។

មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា ​កំពុង​បន្ត​ធ្វើ​ចត្តាឡឺស័ក ក្នុង​នោះ​មាន​ជា​អាទិ៍ រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច លោក អូន ព័ន្ធមុនីរ័ត្ន  និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ដឹង​ចំនួន​ពិត​ប្រាកដ​នៃ​ជួរ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​ទៅ​សួរ​ក្រសួង​សុខាភិបាល​វិញ។ លោក​ ផៃ ស៊ីផាន អះអាង​ថា ទោះ​ជា​មាន​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍ ហើយ​ថ្នាក់​ដឹក​នាំ​តាម​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​ណា​ក្ដី ក៏​បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​ដំណើរ​ជា​ប្រក្រតី​របស់​រដ្ឋាភិបាល​ដែរ៖ «ការងារ​របស់​រាជ​រដ្ឋាភិបាល​នៅ​តែ​ប្រក្រតីភាព ពីព្រោះ​ទី​មួយ យោង​ទៅ​តាម​ការ​ចាត់​ចែង​ដែល​យន្ត​ការ​បន្ត​បន្ទាប់​មក ដើម្បី​ធានា​នូវ​ប្រក្រតីភាព ហើយ​នឹង​សុពលភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល ហ្នឹង​ចំណុច​ទី១។ ទី២ ទោះ​បី​បុគ្គល​ណា​ដែល​ស្ថិត​នៅ​ក្នុង​ចត្តាឡីស័ក​ ក៏​ប៉ុន្តែ​គាត់​អាច​ប្រើ​ប្រាស់​តាម​ទូរស័ព្ទ គាត់​អាច​ប្រើប្រាស់​អី​តាម​មធ្យោបាយ​ដទៃ​ទៀត​ដែល​មិន​ចាំបាច់​ជួប​មុខ​គ្នា​នោះ​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សាក​សួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៤ ធ្នូ។

ប្រធាន​អង្គការ​​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា ព័ត៌មាន​អំពី​អ្នក​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​នេះ នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​នៅ​ឡើយ ហើយ​វា​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែល​របស់​ក្រសួង​សុខាភិបាល ដូច​ជា ករណី​មនុស្ស​ក្ដៅ​ខ្លួន​រយៈពេល​ជាង​ ១០ថ្ងៃ​​ទើប​រក​ឃើញ​ជំងឺ​នេះ​ជា​ដើម៖ «រឿង​នេះ​វា​បណ្ដាល​មក​ពី​ដើម​ចម​មួយ គឺ​គេ​ហៅ​ថា ការ​ធ្វេស​ប្រហែស​តាំង​ពី​ដើម​ទី​មុន​មក​ដែរ។ ពី​ដើម​ទៅ​ហ្នឹង​គឺ​ដោយសារ​អ្នក​ខ្លះ​គាត់​ក្តៅ​ខ្លួន​រហូត​ដល់ ១០ថ្ងៃ​ហើយ​បាន​ត្រូវ​បាន​គេ​រក​ឃើញ យក​ទៅ​ពិនិត្យ​ទៅ​បាន​គេ​រក​ឃើញ។ អ៊ីចឹង​រឿង​ដែល​បន្ត​ទៀត​នេះ​គឺ​គ្រប់​គ្នា បើ​សិន​ជា​មាន​ការ​សង្ស័យ​ហើយ​មាន​ការ​មិន​ទុក​ចិត្ត​ពី​ស្ថាន​ភាព​នៃ​អាការៈ​របស់​ខ្លួន គឺ​ត្រូវ​តែ​រក​ការ​ផ្តល់​ជំនួយ​ពី​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​ក៏​ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​វេលា​ដែរ»

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៤ ខែធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣៤៤នាក់ ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មាន​ចំនួន ៤០នាក់។

ទាក់​ទង​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពិសេស​លើក​ទី៣១ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី៤ ធ្នូថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណា​មួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ ក្នុង​ពេល​ដែល​ជំងឺ​នេះ​កំពុង​រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស​ក្នុង​សកល​លោក និង​សម្លាប់​មនុស្ស​​រាប់​លាន​នាក់​ផង​ដែរ។ លោក​បន្ត​ថា ការ​សាមគ្គីភាព ឯកភាព​ក្នុង​តំបន់ និង​ជា​សកល គឺ​ជា​ធាតុ​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន។

លោក​ ហ៊ុន សែន លើក​ឡើង​ទៀត​ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​រក​ឃើញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ត្រូវ​តែ​ជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល​ ហើយ​ត្រូវ​ផ្គត់​ផ្គង់ និង​ចែក​ចាយ​ក្នុង​ស្មារតី​មនុស្ស​ធម៌​ទៅ​គ្រប់​ប្រទេស​ទាំង​អស់​​ដែល​ងាយ​រងគ្រោះ​ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ៖ «ខណៈ​ពេល​ដែល​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ ការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណា​មួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ​លើ​សមត្ថភាព​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​គឺ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ឡើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ ពិនិត្យ​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​វិបត្តិ​កូវីដ-១៩ ដើម្បី​ចាប់​ចង និង​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ គិត​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែមិថុនា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ១៥នាក់​ដាក់​ពន្ធនាគារ ដោយ​ឡែក​មនុស្ស​ជាង ៣០នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សួរនាំ និង​បង្ខំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​​បញ្ឈប់​ការ​យក​លេស​រឿង​ជំងឺ​ឆ្លង​កូវីដ-១៩ ដើម្បី​បង្ក្រាប​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​ប្រជា​ពលរដ្ឋ​ត​ទៅ​ទៀត ព្រោះ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល