លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយបានស្ទាក់ស្ទើរ និងផ្លាស់ប្ដូរចិត្តជាច្រើនដង រឿងចាក់វ៉ាក់សាំងចិន ដែលគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នៅទីបំផុត បានរុញឲ្យមន្ត្រីដទៃចាក់វា ជំនួសរូបលោក។ លោកអះអាងថា ការធ្វើដូច្នេះ គឺដើម្បីបញ្ជាក់ពីទំនុកចិត្ត និងការយកចិត្តទុកដាក់របស់របបលោក។ តើអ្នកសង្កេតការណ៍យល់យ៉ាងណា?
មន្ត្រីដែលលោក ហ៊ុន សែន រុញឲ្យចាក់វ៉ាក់សាំងចិនមុនគេ ជំនួសរូបលោកនោះ រួមមាន រដ្ឋមន្រ្តីក្រសួងមួយចំនួន មានមន្ត្រីជាន់ខ្ពស់យោធា និងមន្ត្រីដែលជាសាច់សារលោហិតរបស់លោកផង ដែលមានអាយុក្រោម ៥៩ឆ្នាំ លើកលែងតែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចេញ ព្រោះលោកថា មានជំងឺប្រចាំកាយ៖ «ដូចជារដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី កើត រិទ្ធ ប៉ុន្តែយ៉ាងណាក៏ដោយ គឺសម្រាប់ អូន ព័ន្ធមុន្នីរ័ត្ន មិនអាចចាក់បានទេ ដោយសារធ្លាប់មានជំងឺ ហើយក្បាលគាត់ សូម្បីតែលាបថ្នាំក៏អត់បានដែរ អាលែហ្ស៊ី ហើយរើសមេទាហានមួយចំនួន សម្ដេចពិជ័យសេនា រើសមេទាហានមួយចំនួនមកចាក់រួមគ្នានៅកន្លែងហ្នឹង យកមន្ទីរពេទ្យកាល់ម៉ែត ដែលយើងរៀបចំ រៀបចំឡើងវិញ ហើយឲ្យផ្សាយបន្តផ្ទាល់ ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់យើង បើឪពុកមិនបានចាក់ កូនចាក់។ អ៊ីចឹងប្រមូលកូនអ្នកធំៗ ចាក់ឲ្យបានមុនទៅ»។
លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញជាច្រើនរូបទៀត បានរៀបចំពិធីទទួលវ៉ាក់សាំងចិន ចំនួន ៦សែនដូស យ៉ាងឱឡារិក នៅវាលយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ពិធីទទួលវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោកមិនបានទទួលស្គាល់នេះ ប្រព្រឹត្តទៅយ៉ាងអ៊ឹកធឹក ដោយមានលោក ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មានអំពីពិធីនេះផង។
លោក ហ៊ុន សែន ថា នេះជាមោទនភាពជាតិខ្មែរ ដែលបានវ៉ាក់សាំងពីប្រទេសចិន។ មិនតែប៉ុណ្ណោះ លោកថា ដោយសារតែចំណងមិត្តភាពកម្ពុជា-ចិន ដ៏រឹងមាំនេះឯង ទើបមិត្តចិនផ្តល់វ៉ាក់សាំងនេះមកឲ្យកម្ពុជា។
ក្នុងចំណោមវ៉ាក់សាំងទាំង ៦ សែនដូសនេះ ៣ សែនដូស ត្រូវចាក់ជូនកងទ័ព និង ៣សែនដូសទៀត ត្រូវប្រគល់ជូនក្រសួងសុខាភិបាល។ លោក ហ៊ុន សែន អះអាងថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ចិននេះ ពិតជាមានប្រសិទ្ធភាពខ្ពស់ សម្រាប់មនុស្សអាយុពី ១៨ ដល់ ៥៩ឆ្នាំ។
ទោះជាលោក ហ៊ុន ហ៊ុន អះអាងថា វ៉ាក់សាំងចិននេះ មានប្រសិទ្ធភាពខ្ពស់ លោកមិនបានបង្ហាញភស្តុតាងវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោក មិនបានទទួលស្គាល់នោះទេ។ លោក ហ៊ុន សែន បានត្រឹមតែលើកឡើង ដូចអ្វីដែលជាការអះអាងរបស់មន្ត្រីនាំពាក្យក្រសួងសុខាភិបាលកម្ពុជា អ្នកស្រី ឱ វណ្ណឌីន ដែលថា វ៉ាក់សាំងនេះ ត្រូវបានប្រើប្រាស់នៅប្រទេសផ្សេងទៀតដែរ តែប៉ុណ្ណោះ។
ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) អះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពបង្ការជំងឺកូវីដ-១៩ បានជិត ៨០ភាគរយ (៧៩,៣៤%)។ ប៉ុន្តែ ក្រុមហ៊ុននេះ នៅតែមិនព្រមបញ្ចេញរបាយការណ៍លម្អិត អំពីលទ្ធផលនៃការធ្វើតេស្តដំណាក់កាលទី៣។ ក្រុមហ៊ុននេះ បានដាក់ពាក្យសុំឲ្យអង្គការសុខភាពពិភពលោកពិនិត្យ និងទទួលស្គាល់វ៉ាក់សាំងខ្លួនដែរ ប៉ុន្តែ លទ្ធផលយ៉ាងណា ត្រូវរង់ចាំយ៉ាងហោចណាស់ដល់ដើមខែមីនា ទើបអង្គការនេះប្រាប់ឲ្យដឹង។
អង្គការសុខភាពពិភពលោក ទើបតែទទួលស្គាល់វ៉ាក់សាំងមួយប៉ុណ្ណោះ របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ ឈ្មោះ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer និង BioNTech) ក្រោយវ៉ាក់សាំងនេះ បង្ហាញលទ្ធផលធ្វើតេស្តថា មានប្រសិទ្ធភាពរហូតដល់ ៩៥%។ សូម្បីតែវ៉ាក់សាំងពីរទៀត មួយរបស់អង់គ្លេសគឺ វ៉ាក់សាំង អាស្រ្តាហ្ស៊េណេកា (AstraZeneca) ដែលមានប្រសិទ្ធភាព ៨២% និងវ៉ាក់សាំងអាមេរិក គឺវ៉ាក់សាំង ម៉ូដឺនណា (Moderna) ដែលមានប្រសិទ្ធភាពរហូតដល់ជិត ៩៤,១% ក៏មិនទាន់ទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយដែរ។ ប៉ុន្តែ អង្គការនេះ បានកុម្ម៉ង់ទិញវ៉ាក់សាំងចំនួន ១៥០លានដូសរួចហើយ ពីក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្ស៊េណេកា នេះ ក្នុងពេលកំពុងរង់ចាំលទ្ធផលទទួលស្គាល់ជាផ្លូវការនេះ។ ក្នុងពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក បានកុម្ម៉ង់ទិញវ៉ាកសាំង ៤០លានដូសដែរ ពីក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក។ អង្គការសុខភាពពិភពលោក មិនបានកុម្ម៉ង់ទិញវ៉ាក់សាំងពីក្រុមហ៊ុនចិនណាមួយទេ។
របបក្រុងភ្នំពេញ រងការរិះគន់ថា ប្រញាប់ប្រញាល់ទទួលយកវ៉ាក់សាំងចិន ទាំងវ៉ាក់សាំងនេះ មិនទាន់មានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ។ ភាពប្រញាប់ប្រញាល់ និងភាពគ្មានការទទួលស្គាល់នេះ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ អំពីផលវិបាកនៃវ៉ាក់សាំងនេះ។ អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ថា ការណ៍ដែលពលរដ្ឋមិនសូវមានទំនុកចិត្ត និងបារម្ភអំពីវ៉ាក់សាំងចិននេះ ក៏ដោយសារតែវា មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះឯង៖ «យកវ៉ាក់សាំងមកនេះ នៅតែចម្រូងចម្រាស់ដោយសារវ៉ាក់សាំងនេះ មិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក»។
ទោះជាយ៉ាងនេះក្ដី របបក្រុងភ្នំពេញ មិនរាថយក្នុងការទទួលយកវ៉ាក់សាំងចិន និងយកទៅចាក់ជូនមន្ត្រីជួរមុខ រួមមាន គ្រូពេទ្យ និងកងទ័ពផង។ ពិធីចាក់វ៉ាក់សាំងដំបូង ដែលលោក ហ៊ុន សែន អះអាងថា ធ្វើឡើងដើម្បីបង្ហាញអំពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលោក ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរនោះ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។